ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិ ក្រុងព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង ៨.០០នាទីព្រឹកថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២០នេះ មាននាវាទេសចរណ៍មួយគ្រឿង ឈ្មោះ Costa Fortuna បានចូលមកចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
នាវាទេសចរណ៍ខាងលើនេះ មានសញ្ជាតិ អ៊ីតាលី ( Italy) ហើយបានធ្វើដំណើរចេញពីប្រទេសថៃចូលមកទស្សនាប្រទេសកម្ពុជា រយៈពេលមួយថ្ងៃ រួចនឹងបន្តដំណើរឆ្ពោះទៅកាន់ប្រទេសសឹង្ហបុរីបន្តទៀត។
នាវាមានភ្ញៀវទេសចរណ៍ Costa Fortuna បានដឹកភ្ញៀវចម្រុះជាតិសាសន៍ចំនួន ២៤៨០នាក់ ស្រី ១៣២០នាក់ និងមាន ៥៧សញ្ជាតិ។
នាវានេះ មាននាវិកចំនួន ៩៨១នាក់ ស្រី១៧៦ ក្នុងនោះមាន ៣៩សញ្ជតិ។
នាវា Costa Fortuna នឹងចាកចេញពីខេត្តព្រះសីហនុ នៅវេលាម៉ោង ៦.០០នាទីល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០៕ ដោយ៖ ដែន សីមា