ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើងនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។
ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងត្រូវជួបជាមួយ លោក មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ និងជួបជាមួយនឹងថ្នាក់ដឹកនាំសំខាន់ៗមួយចំនួនទៀត។ សម្តេចតេជោ ក៏នឹងអញ្ជើញចូលរួមពិធីពិសារអាហារថ្ងៃត្រង់រៀបចំដោយ លោក ជុង សៃឃ្យូន (Chung Sye-kyun) នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងផងដែរ។
ក្នុងកិច្ចប្រជុំកំពូលពិភពលោកនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ លើមូលបទរបស់កិច្ចប្រជុំកំពូលស្តីពី “សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស” រួមជាមួយនឹងឥស្សរជនបរទេសមួយចំនួនទៀត ដែលចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល។
សម្ដេចហ៊ុនសែន បានថ្លែងថា នៅក្នុងឱកាសនេះដែរ ខ្ញុំនឹងជួបពិភាក្សាការងារជាមួយ លោក មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង និងនាយករដ្ឋមន្រ្តី ព្រមទាំងមន្រ្តីសំខាន់ៗជាច្រើនរូបទៀត ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជាកូរ៉េ ឲ្យកាន់តែល្អប្រសើរឡើង។ កិច្ចប្រជុំនេះក៏នឹងជួយជួយសម្រួល ដល់ការរស់នៅនិងលក្ខខណ្ឌការងាររបស់កូនក្មួយនៅកូរ៉េឲ្យបានល្អប្រសើរឡើងថែមទៀត។
សម្តេចតេជោ បានបញ្ជាក់ថា តាមពិតខ្ញុំត្រូវទៅកូរ៉េ កាលពីថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន-កូរ៉េ និងកិច្ចប្រជុំមេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាន ក៏ប៉ុន្តែពេលនោះត្រូវអាក់ខានដោយសារតែម្តាយក្មេកខ្ញុំស្ថិតក្នុងសភាពសង្រ្គោះបន្ទាន់។ ប៉ុន្តែលើកនេះសង្ឃឹមថានឹងបានជួបបងប្អូនកូនក្មួយ ដែលកំពុងរស់នៅនិងធ្វើការនៅក្នុងប្រទេសកូរ៉េមិនខាន៕ ដោយ៖កូឡាប