ភ្នំពេញ៖ ពលរដ្ឋខ្មែររស់នៅ និងធ្វើការក្នុងប្រទេសកូរ៉េខាងត្បូង យ៉ាងច្រើនកុះករ បាននាំគ្នាទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងដោយក្តីនឹករលឹក ចំពោះវត្តមានអញ្ជើញដល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅឯសណ្ឋាគារ ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញដល់ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដោយសុវត្ថិភាព នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះដើម្បីចូលរួមកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស។
សូមរំលឹកថា ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉ខាងត្បូងលើកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏នឹងជួបសំណេះសំណាលជាមួយសហគមន៍កម្ពុជា មានសិស្ស-និស្សិត និងពលករកម្ពុជា រាប់រយនាក់ ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងសាធារណរដ្ឋកូរ៉េ។
មុនចេញដំណើរពីរាជធានីភ្នំពេញ នាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន សរសេរសារនៅលើហ្វេសប៊ុក នាព្រឹកនេះថា កិច្ចប្រជុំនេះក៏នឹងជួយជួយសម្រួលដល់ការរស់នៅ និងលក្ខខណ្ឌការងាររបស់កូនក្មួយនៅកូរ៉េឲ្យបានល្អប្រសើរឡើងថែមទៀត៕ដោយ៖បញ្ញាស័ក្តិ