ភ្នំពេញ៖ ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូឌ្រីមសង់ពីយុវជនម្នាក់ បានសម្រេច ដោយមិនបានរំខានដល់សមត្ថកិច្ចណាម្នាក់ឡើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ ដែលស្ថិតនៅត្រង់ចំណុចជិតវត្តហារ៍ តាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ វ៉ាន សៅណាក់ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ព្រូឡាន ស្នាក់នៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមសម្តីយុវជនដែលជាជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ រូបគាត់បានចេញពីហូបចុកជាមួយមិត្តភក្តិ ក្នុងគោលបំណងទៅផ្ទះដោយជិះម៉ូតូ មួយគ្រឿង ម៉ាក ហុងដាឌ្រីមសង់ C125 ស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1IC-4341 តែម្នាក់ឯង តាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើត ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលិចមុខជនសង្ស័យមួយក្រុមជិះម៉ូតូ ២គ្រឿង មានគ្នា ៣នាក់មិនចាំម៉ាក មកពីក្រោយ ស្របទិសគ្នា រួចមក ក៏បានធាក់រូបគេបណ្តាលឲ្យដួល ហើយក៏យកមួកសុវត្ថិភាពវាយមកលើរូបគេ រួចក្រុមជនសង្ស័យខាងលើ ក៏លើកយកម៉ូតូរបស់គាត់ជិះចេញទៅទិសខាងលិច បាត់ស្រមោលតែម្តង។
បច្ចុប្បន្នជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីឱ្យសមត្ថកិច្ចកំណត់មុខសញ្ញា និងតាមចាប់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
គួររំលឹកផងដែរថា ករណីវាយប្លន់ លួច មានជាច្រើនករណីមកហើយ ដោយមិនឃើញលោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ធ្វើការបង្ក្រាបបានម្តងណាឡើយ ជាពិសេសសូមលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ដែលទើបតែឡើងកាន់តំណែងថ្មីៗនេះ ជួយដាក់បទបញ្ជាឲ្យមន្រ្តីក្រោមឱវាទ ចាត់វិធានការបង្រ្កាបចំពោះក្រុមចោរ ឆក់ ប្លន់ ផងទាន។ ប្រជាពលរដ្ឋក៏បានយកឡើងថា ពួកគាត់រាល់ថ្ងៃមានការព្រួយបារម្ភអំពីបញ្ហាសន្តិសុខខ្លាំងណាស់ ដោយសារតែមួយរយៈនេះ កើតមាននៅអំពើវាយប្លន់ ជាច្រើនករណីដោយមិនឃើញសមត្ថកិច្ចបង្ក្រាបបានសោះ។
ប្រជាពលរដ្ឋក៏សូមសំណូមពរដល់លោកឧត្តមសេនីយ៍ឯក ស ថត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយពិនិត្យមើលករណីខាងលើនេះផង៕ដោយ កូឡាប