ខេត្តកំពង់ស្ពឺ ៖ លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានស្នើឲ្យក្រុមប្រឹក្សាឃុំទាំងអស់ ខិតខំប្រឹងប្រែងទាំងកម្លាំងចិត្ត កម្លាំងកាយ ធនធានផ្ទាល់ខ្លួន បម្រើប្រជាពលរដ្ឋ រួមសុខទុក្ខជាមួយប្រជាពលរដ្ឋ ដែលជាវប្បធម៌ គុណធម៌របស់គណបក្សប្រជាជនកម្ពុជា ដែលកត្តានេះហើយ បានធ្វើឲ្យគណបក្សទទួលបានជ័យជម្នះ។
នៅថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និង ជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ បានចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំង១៥ ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នៅទីស្នាក់ការគណបក្សស្រុកបសេដ្ឋ ។
លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ថ្ងៃនេះ ជាថ្ងៃខួបទី៣៣ឆ្នាំ នៃការចូលកាន់តំណែងជាផ្លូវការ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយខួបអនុស្សារីយ៍លើកទី៣៩ ទិវាជ័យជម្នះ ៧មករា ឆ្នាំ២០១៨ ដែលយើងទើបតែប្រារព្ធឡើងនាពេលថ្មីៗនេះ ដែលបានដឹកនាំនាវាកម្ពុជា ពីចំណុចសូន្យ រហូតដល់មានការរីកចម្រើន អភិវឌ្ឍន៍មកទល់សព្វថ្ងៃនេះ យើងទាំងអស់គ្នាចងចាំ ដឹងគុណជានិច្ចចំពោះគុណបំណាច់ដ៍ធំធេងមិនអាចកាត់ថ្លៃបាននេះ ។ ការសាមគ្គីភាព ឯកភាពផ្ទៃក្នុងយើង គឺមិនអាចមានជនណាមួយ ក្រុមណាមួយ បរទេសណាមួយ អាចមកបំបែកបំបាក់ បំផ្លិចបំផ្លាញប្រទេសជាតិយើង ដែលកំពុងតែមានការរីកច្រើន លូតលាស់ មានសុខសន្តិភាពពេញលេញបាននោះទេ ។
លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាឃុំយើងទាំងអស់ ដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងចិត្ត កម្លាំងកាយ ធនធានផ្ទាល់ខ្លួន ក្នុងការបម្រើប្រជាពលរដ្ឋ រួមសុខទុក្ខជាមួយប្រជាពលរដ្ឋ ដែលជាវប្បធម៌ គុណធម៌របស់គណបក្សប្រជាជនកម្ពុជា គឺរបស់ប្រជាជន ដោយសារប្រជាជន ដើម្បីប្រជាជន និងមិនយកខ្មែរណាមួយជាសត្រូវ ស្វាគមន៍ជានិច្ច ចំពោះបងប្អូនយើង គណបក្សផ្សេង ដែលចង់មករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ។ កត្តានេះហើយ បានធ្វើឲ្យគណបក្សយើងទទួលបានជ័យជម្នះយ៉ាងខ្លាំងនៅពេលបោះឆ្នោតកន្លងមក ដែលអាសនៈក្រុមប្រឹក្សាឃុំរបស់គណបក្សប្រជាជនកម្ពុជា ស្រុកបសេដ្ឋមាន ៩៨អាសនៈ លើ១០៧អាសនៈ និងសូមឲ្យក្រុមប្រឹក្សាឃុំយើងទាំងអស់ថែរក្សាសុខភាព នឹងទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានាពេលខាងមុខ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិយើងឲ្យរីកចម្រើនរុងរឿង អភិវឌ្ឍន៍ទ្វេរឡើងថែមទៀត៕ ដោយ ៖ បញ្ញាស័ក្តិ