ហេតុការណ៍គឺ ៖ គយរបស់អាមេរិករឹបអូសបានកង់មួយចំនួនពុំមានលិខិតស្នាមបញ្ជាក់ប្រភពត្រឹមត្រូវ។ ក្រោយពេលប្រកាសរកម្ចាស់ពុំឃើញគេក៏សម្រេចចិត្តលក់ដេញថ្លៃកង់ទាំងនោះ។
នៅថ្ងៃប្រារព្ធពិធីដេញថ្លៃ គេឃើញមានវត្តមានរបស់ក្មេងប្រុស អាយុប្រមាណ ១០ឆ្នាំម្នាក់ ស្លៀកពាក់ខោអាវ “កញ្ចាស់” ហើយរៀងរាល់ពេល គេយកង់១ៗមកប្រកាសដេញថ្លៃនោះ ក្មេងរូបនេះតែងងើបឈរស្រែកមុនគេថា ៖ ៥ដុល្លារៗ រួចបន្ទាប់មក បានត្រឹមឈរសម្លឹងមើលកង់ដែលមានតម្លៃពី ៣០ដុល្លារ ឬ ៤០ដុល្លារ ត្រូវ “ម្ចាស់គេ” ដេញថ្លៃបានយកចេញទៅ។
លើផ្ទៃមុខរបស់ក្មេងប្រុសបាន “រះឡើង” នូវស្នាមញញឹម សែនស្រស់ពេលដឹងថា ខ្លួនវាបានក្លាយជាម្ចាស់នៃកង់ស្អាតបំផុត ក្នុងពិធីដេញថ្លៃ…។
… រហូតដល់ពេលសម្រាកថ្ងៃត្រង់ បុគ្គលិក ក្នុងក្រុមដេញថ្លៃម្នាក់ដើរមកក្បែរក្មេងប្រុសនោះ រួចសួរថា ហេតុអ្វីពុំឲ្យតម្លៃ ៣០ដុល្លារ ឬ ៤០ដុល្លារ ដូចគេឯងទៅ?។ ក្មេងប្រុសសម្ងំស្ងៀម ព្រោះ “ទ្រព្យសម្បត្តិ” វាមានតែត្រឹម… ៥ដុល្លារប៉ុណ្ណោះ។
… ក្រោយពេលសម្រាកការដេញថ្លៃចាប់ផ្តើមបន្តទៀត ហើយក្មេងនេះនៅតែក្រោកឈរមុនគេ ស្រែកតម្លៃដដែលៗ គឺ ៥ដុល្លារៗ រូចឈរសម្លឹងមើលអ្នកដទៃឲ្យតម្លៃខ្ពស់ជាងយកកង់ជាបន្តបន្ទាប់ចាកចេញទៅ… ។
… ដល់នាទីចុងក្រោយនៃការដេញថ្លៃកង់សល់តែ១ ហើយជាកង់ស្អាចជាងគេ…។ អ្នកដេញថ្លៃសួរ ៖ អ្នកណាឲ្យតម្លៃដំបូង!? ទោះបីលែងមានសង្ឃឹមក្តី ក៏ក្មេងប្រុសនោះនៅបន្តស្វាហាប់លើកដៃ៖ បានខ្ញុំ! គឺ៥ដុល្លារ។ ស្រាប់តែបន្ទប់ដេញថ្លៃទាំងមូលស្ងាត់ជ្រងំ គ្មានឃើញអ្នកណាលើកដៃ ឬតម្លៃអ្នកណាទៀតស្រែក… អ្វីៗទាំងអស់ហាក់ដូចកំពុងរង់ចាំ…។
៥ដុល្លារ លើកទី១ ៥ដុល្លារលើកទី២ ៥ដុល្លារលើកទី៣ ក្រុមដេញថ្លៃប្រកាស ៖ “ក្មេងប្រុសដែលឲ្យតម្លៃ ៥ដុល្លារ ជាម្ចាស់កង់នេះ”។ ស្រាប់តែបន្ទប់ដេញថ្លៃទាំងមូល លាន់ឮស្នូរទះដៃកងរំពង។ក្មេងប្រុសរូបនេះ យកក្រដាសប្រាក់ ៥ដុល្លារ ឡើងទក់ ហើយថែមទាំងសើមញើសជោគពីក្នុងហោប៉ៅ។ លើផ្ទៃមុខវា គេបានឃើញនូវស្នាមញញឹមដ៏ស្រស់ស្រាយពុំធ្លាប់ប្រទះ!។
វាពុំបានដឹងថា ៖ ខ្លួនឯងទើបទទួលបាននូវកង់ដ៏ “ស្អាតបំផុត” នៃពិភពលោក!។
លើលោកីយ៍ល្វឹងល្វើយនេះ តើក្រៅពីការ “ឈ្នះអ្នកដទៃ” “គាបសង្កត់អ្នកដទៃ” “រំលងផុតអ្នកដទៃ” … តើយើងអាចជួយអ្នកដទៃបំពេញបានបំណងប្រាថ្នាដែរឬទេ?
មានឃ្លាមួយសរសេរថា ៖ ជោគជ័យពុំមែនរឿងអ្នកមានលុយប៉ុន្មាន ឬជោគជ័យយ៉ាងណាទេ តែសំខាន់គួរសួរខ្លួនឯងថា អ្នកបានជួយមនុស្សបានប៉ុន្មាននាក់ហើយ ហើយដោយសារអ្នកមានមនុស្សដែលរំភើបចិត្ត ដែលរីកចម្រើនក្នុងឆាកជីវិតមួយដែលមានដែនកំណត់នោះ!។
គ្រាប់ពូជនៃ “អំពើល្អ” ពិតជាជួយសាងបានសង្គមមួយ ប្រកបដោយគុណធម៌យ៉ាងពិតប្រាកដ៕ លីសា