ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានការស្តីបន្ទោស ពីប្រធានគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ករណីគ្រោះថ្នាក់ចរាចរ ដែលកើតឡើងនៅរាជធានីភ្នំពេញ មានអត្រាខ្ពស់ជាងគេ ដោយឈរលំដាប់លេខ១ នៅទូទាំងប្រទេស ហើយជាមួយនឹងការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ម៉ូតូ ដែលល្មើសច្បាប់ ជាង៩ពាន់គ្រឿង យកទៅផាកពិន័យ។
ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា មិនថាអ្នកមាន ឬអ្នកក្រ មិនថាប្រជាជន ឬមន្ត្រីឡើយ ឱ្យតែអ្នកធ្វើចរាចរណ៍ត្រូវតែគោរពច្បាប់ចរាចរណ៍ ទើបយើងអាចកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ប្រកបដោយប្រសិទ្ធភាព។
ព្រឹកថ្ងៃទី១៦ខែមករាឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ បើកប្រជុំផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងមហាផ្ទៃ និងសេចក្តីណែនាំរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាមួយមន្ត្រីរាជការរដ្ឋបាលរាជធានីភ្នំពេញ សំដៅពង្រឹងការអនុវត្តច្បាប់ចរាចរណ៍របស់មន្ត្រីក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ។ ការគោរពច្បាប់បានល្អ គឺផ្តើមចេញពីយើងម្នាក់ៗ
ក្នុងពិធីផ្សព្វផ្សាយច្បាប់ចរាចណ៍ផ្លូវគោក លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា បញ្ហាចរាចរណ៍នៅរាជធានីភ្នំពេញ មានកត្តាច្រើន ដោយសារតែមានកំណើនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក្នុងនោះអ្នកដែលស្នាក់នៅជាអចិន្ត្រៃយ៍ ចុះបញ្ជីមានប្រហែល១,៨សែននាក់ និងអ្នកដែលមកស្នាក់នៅបណ្តោះអាសន្ន តាមរយៈការមកធ្វើការងារផ្សេងៗជាដើម ប្រហែល៨សែននាក់ ដោយមិនបានរាប់បញ្ចូល អ្នកដែលមកធ្វើដំណើរឆ្លងកាត់រាជធានី មកពី ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងបណ្តាខេត្តជាច្រើនទៀត ។
លោកអភិបាលរង បានបញ្ជាក់ថា “បញ្ហាកកស្ទះចរាចរណ៍ មានកត្តាសត្យានុម័ត និងកត្តាអន្តោម័ត ដែលធ្វើឲ្យរាជធានីភ្នំពេញរបស់យើង ប្រឈមជាមួយនឹងបញ្ហាកកស្ទះចរាចរណ៍។ ឥឡូវនេះ អ្នកណាក៏គេនិយាយដែរ អំពីបញ្ហាកកស្ទះចរាចរណ៍ ដែលកើតឡើងដោយសារតែកត្តាវិទ្យាសាស្ត្រ កត្តាសេដ្ឋកិច្ច និងកំណើតមធ្យោបាយធ្វើដំណើរ”។
ទាក់ទងទៅនឹងមធ្យោបាយធ្វើដំណើរ បើតាមរបាយការណ៍របស់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបង្ហាញថា គ្រាន់តែរថយន្តដែលចុះបញ្ជីមានចំនួន៤សែន៦ម៉ឺនគ្រឿង និងម៉ូតូ១លាន៦សែនគ្រឿង ដែលបាននិងកំពុងធ្វើចរាចរណ៍នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ បើក្រឡេកទៅមើលពីអត្រា នៃការគ្រោះថ្នាក់ចរាចរ នៅក្នុងរាជធានីភ្នំពេញ នៅក្នុងឆ្នាំ២០១៧ គឺមានចំនួន៥៦២លើក លើ៥០៧លើក បើប្រៀធៀបនឹងឆ្នាំ២០១៦ មានការកើនឡើងចំនួន៥៥លើក ស្នើនឹង១១ភាគរយ បណ្តាលឲ្យមនុស្សស្លាប់២២០នាក់ និងអ្នករងរបួសទាំងធ្ងន់និងស្រាល ៧៦២នាក់។ លោកបន្តថា បើសិនជាយើងក្រឡេកមើលទិន្នន័យនៃអត្រាគ្រោះថ្នាក់នេះ នៅក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍គណៈកម្មការសុវត្ថិភាពចរាចរណ៍ទូទាំងប្រទេសដែលដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរកឃើញថាអត្រាគ្រោះថ្នាក់ចរាចរនៅភ្នំពេញគឺឈរលំដាប់លេខ១នៅទូទាំងប្រទេស។ ក្នុងប្រជុំនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានស្តីបន្ទោសពីសម្តេចក្រឡាហោម អំពីភាពធូររលុងនៅក្នុងការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក អីចឹងហើយបានជាប៉ុន្មានថ្ងៃកន្លងមកថ្មីៗនេះ ចាប់តាំងពីថ្ងៃចូលឆ្នាំសកល ២០១៨មក សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងតាមផេកផ្ទាល់ខ្លួន ក៏ដូចជាតាមការចែកចាយនូវព័ត៌មានកន្លងមក គឺបានស្តីបន្ទោសទៅដល់ខណ្ឌដូនពេញ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ អំពីភាពធូររលុងនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ក្រោយពីមានការរឹតបន្តឹងច្បាប់ចរាចរណ៍ ម៉ូតូដែលបើកបញ្ច្រាសទិស គ្មានពាក់មួកសុវត្ថិភាព ត្រូវបានចាប់រហូតដល់ជាង៩ពាន់គ្រឿង។ ម៉ូតូដែលបើកល្មើសច្បាប់ចរាចរណ៍ទាំងអស់នោះ នឹងយកទៅការិយាល័យចរាចរណ៍ផ្លូវគោករយៈពេល៣ថ្ងៃ និងផាកពិន័យទៅតាមច្បាប់ចរាចរណ៍ ហើយម៉ូតូដដែលប្រព្រឹត្តល្មើសច្បាប់ជាលើកទី២ នឹងចាប់យកទុករយៈពេល១ខែ។ បើពិនិត្យតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ គឺគ្រោះថ្នាក់ចរាចរទូទាំងប្រទេសជាមធ្យមប្រមាណ៥នាក់ស្លាប់ក្នុងមួយថ្ងៃ ហើយអ្នករងរបួសជាមធ្យម១៥នាក់ ហើយអ្នកស្លាប់ របួស ពិការភាពអចិន្ត្រៃយ៍ ទាក់ទងនឹងដួលបោកក្បាលដែលទាក់ទងនឹងការមិនពាក់មួយសុវត្ថិភាព។
លោកបន្តថា ទាក់ទងនឹងច្បាប់ចរាចរណ៍ ទើបក្រសួងមហាផ្ទៃបានចេញសារាចរ ក៏ដូចជាបទបញ្ជាផ្ទៃក្នុងស្តីពីការជំរុញអនុវត្តច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ និងកាត់បន្ថយការបាត់បង់ជីវិត រងរបួស និងខូចខាតទ្រព្យសម្បត្តិ ដោយគ្រោះថ្នាក់ចរាចរផ្លូវគោក ដែលជាបញ្ហាប្រឈមចំពោះមុខ និងយូរអង្វែង ហើយមន្ត្រីក្រោមឱវាទនិងថ្នាក់ដឹកនាំរបស់ក្រសួងមហាផ្ទៃត្រូវអនុវត្តបទបញ្ជានេះដើម្បីធ្វើជាគំរូអនុវត្តច្បាប់ចរាចរណ៍៕ ដោយ៖កូឡាប