ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង នៅថ្ងៃអង្គារនេះ បានទទួចការស្នើរបស់ពួកគេដល់ ប្រទេសកូរ៉េខាងត្បូង ឲ្យបញ្ឍប់ការធ្វើសមយុទ្ធយោធារួមគ្នាទាំងស្រុង ជាមួយនឹងអាមេរិច និងបានអះអាងថា ការផ្អាកធ្វើសមយុទ្ធបណ្តោះអាសន្ន មិនមែនមានន័យថាជាការលុបបំបាត់គ្រោះថ្នាក់នៃសង្គ្រាមនៅលើឧបទ្វីបនោះឡើយ។
ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយកូរ៉េខាងជើង ឈ្មោះ Uriminjokkiri បានចុះផ្សាយថា “កូរ៉េខាងត្បូងមិនគួរផ្អាកសមយុទ្ធបណ្តោះអាសន្ននោះទេ ប៉ុន្តែគួរឈប់ទាំងស្រុងតែម្តង ដូចជាសមយុទ្ធ Key Resolve និងសមយុទ្ធ Foal Eangle ជាដើម ប្រសិនជាខ្លួនមានសង្ឃឹមក្នុងការបង្កើនទំនាក់ទំនងរវាងកូរ៉េទាំងពីរ និងមានបំណងខ្នះខ្នែង ដើម្បីបង្កើតបរិយាកាសសន្តិភាពនៅលើឧបទ្វីប”។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនបានព្រមព្រៀងគ្នាផ្អាកធ្វើសមយុទ្ធយោធារួមគ្នា បណ្តោះអាសន្នសិន រហូតដល់ចប់ការប្រកួតកីឡាអូឡាំពិច និងប៉ារ៉ាឡាំពិច ដែលនឹងធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ៩ ដល់ ២៥ ខែកុម្ភៈ និងគីឡាប៉ារ៉ាឡាំពិចធ្វើចាប់ពីថ្ងៃ ៩ ដល់ ១៨ ខែមិនា៕ សុភ័ក្ត្រ