ភ្នំពេញ៖លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានលើកយក៧ចំណុចសំខាន់ៗ ជូនក្រុមអនុព័ន្ធយោធាបរទេសប្រចាំភ្នំពេញ ដែលទាក់ទងនឹងប្រវត្តិនៃការបង្កើតកងរាជអាវុធហត្ថ រចនាសម្ពន្ធទូទៅកងរាជអាវុធហត្ថ បេសកកម្មនិងវិសាលភាព និងបញ្ហាប្រឈម។ នៅព្រឹកថ្ងៃអង្គារទី១៦ ខែមករា ឆ្នាំ២០១៨ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ មានបើកកិច្ចប្រជុំក្រុមអនុព័ន្ធយោធាបរទេសប្រចាំភ្នំពេញ ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរង ស្នងការដ្ឋាន និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វើបទបង្ហាញសង្ខេបស្តីពីរចនាសម្ពន្ធទទួលខុសត្រូវនិងបញ្ហាប្រឈមរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនក្រុមអនុព័ន្ធយោធាបរទេសនៅភ្នំពេញ ផងដែរ។
លោក ឧត្តមសេនីយ៍ មានប្រសាសន៍ថា ដោយមានការអនុញ្ញាតពីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៍ដូចជាតាមសំណើរបស់លោក ប្រធានក្រុមអនុព័ន្ធយោធាបរទេសនៅភ្នំពេញ។
ការធ្វើបទបង្ហាញនេះ លោក ឧត្តមសេនីយ៍ បានលើកយក៧ចំណុចសំខាន់ៗ មកជម្រាបជូនអង្គប្រជុំ គឺទី១៖ ប្រវត្តិនៃការបង្កើតកងរាជអាវុធហត្ថ ទី២៖ អំពីទីតាំងរបស់កងរាជអាវុធហត្ថ ទី៣៖ រចនាសម្ពន្ធទូទៅកងរាជអាវុធហត្ថ ទី៤៖ អំពីអង្គភាពកងរាជអាវុធហត្ថ ទី៥៖ ការរៀបចំកម្លាំងកងរាជអាវុធហត្ថ ទី៦៖ បេសកកម្មនិងវិសាលភាព ទី៧៖ បញ្ហាប្រឈម។
លោក ឧត្តមសេនីយ៍ បានបញ្ជាក់ថា កងរាជអាវុធហត្ថត្រូវបានបង្កើតឡើងក្នុងអំឡុងឆ្នាំ១៩៥៧ សម័យរបបសង្គមរាស្ត្រនិយម ដែលមានឈ្មោះ កងរាជអាវុធហត្ថខ្មែរ ហើយត្រូវបានប្តូរឈ្មោះជា កងអាវុធហត្ថជាតិវិញ អំឡុងឆ្នាំ១៩៧១ នៅក្នុងរបបសាធារណរដ្ឋខ្មែរ លន់ នល់ បន្ទាប់មកត្រូវបានលុបបំបាត់ចោលដូចស្ថាប័នផ្សេងៗដែរ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ កងអាវុធហត្ថ បានចាប់កំណើតសាជាថ្មី ដោយក្រឹត្យចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ ជាមួយនឹងការបង្រួបបង្រួមកងទ័ពជាតិតែមួយ។ ដំណាក់កាលនោះ កងរាជអាវុធហត្ថមានតួនាទី ភារកិច្ច ត្រឹមតែតម្រួតយោធាប៉ុណ្ណោះ ហើយបានចូលរួមយ៉ាងសកម្មក្នុងការបង្ក្រាបបទល្មើសធំៗជាច្រើន។ ចាប់ពីឆ្នាំ១៩៩៤ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ៧៧ អនក្រ ស្តីពីភារកិច្ច រចនាសម្ពន្ធទូទៅរបស់កងរាជអាវុធហត្ថ នៅក្នុងអនុក្រឹត្យនោះមានចែងអំពីតួនាទី ភារកិច្ច និងអំពីអង្គភាពចំណុះកងរាជអាវុធហត្ថ។
កងរាជអាវុធហត្ថត្រូវបានស្នើសុំធ្វើកំណែទម្រង់លើរចនាសម្ពន្ធចាត់តាំងជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីកំណត់ច្បាស់អំពីរបៀបរបបធ្វើការងារ អំពីតួនាទី ភារកិច្ច ឋានានុក្រមការងារ ជាពិសេសប្រសិទ្ធភាពការងារ។
រយៈពេលកន្លងទៅ ក៏ដូចជាបច្ចុប្បន្ន កងរាជអាវុធហត្ថនៅតែបន្តខិតខំប្រឹងប្រែងពុះពារគ្រប់កាលៈទេសៈ គ្រប់ឧបសគ្គបំពេញបេសកកម្មរបស់ខ្លួន ឱ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ចូលរួមរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម សុវត្ថិភាពជូនប្រជាពលរដ្ឋ ស្រាវជ្រាវបទល្មើស សហការពង្រឹងការអនុវត្តច្បាប់ និងជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយជាយថាហេតុ ឱ្យស្របនឹងទិសស្លោ “កងទ័ពជាកូនចៅប្រជាជន បម្រើប្រជាជន” ៕ ដោយ៖បញ្ញាស័ក្តិ