ខេត្តព្រះសីហនុ៖ ជនជាតិចិនមួយក្រុម សរុបមានគ្នាជិត ២០នាក់ បានបើកឆាកប្រយុទ្ឋវាយតប់គ្នា កាលពីរាត្រីថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨។
ប្រជាពលរដ្ឋ ឲ្យដឹងថា ឆាកប្រយុទ្ធនេះ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសភ្ញៀវទេសចរជាតិអន្តរជាតិ ដែលចូលមកទស្សនាខេត្តព្រះព្រះសីហនុ ស្ទើរមួយចំហៀងក្រុង។
ភ្លាមៗនោះ កំលាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរវាលខេត្តព្រះសីហនុ ដោយមានកិច្ចសហការ ពីកំលាំងអធិការនគរបាលក្រុង កាលពីយប់ថ្ងៃទី១៥ ខែមករា បានចុះឃាត់ខ្លួនជនជាតិចិនជិត ២០នាក់ ដែលបង្កចលាចល បើកឆាកប្រយុទ្ធរវាងចិនគ្នាឯង។
ក្រោយពេលឃាត់ខ្លួន កម្លាំងសមត្ថកិច្ច បានបញ្ជូនជនជាតិចិនទាំងនោះ ចេញពីផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ បន្ទាប់ពីពួកគេបានបើកឆាកប្រយុទ្ឋគ្នា បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រស់នៅជុំវិញទីតាំងបង្កហេតុ។
ប្រភពប្រជាពលរដ្ឋ រស់នៅក្បែរកន្លែងកើតហេតុ បានអះអាងថា ជារៀងរាល់ថ្ងៃ ពួកគេតែងបឃើញជនជាតិជាច្រើននាក់ បានចេញចូលក្នុងផ្ទះជួលនេះ ទាំងយប់ទាំងថ្ងៃ ហើយត៉ាងហោចមួយខែម្តង ជនជាតិចិនរស់នៅក្នុងផ្ទះជួល កើតហេតុនេះ តែងបង កើតកម្មវិធីជប់លៀងផឹកស៊ីជាបន្តបន្ទាប់។ ជាងនេះទៀត នៅមុនពេលកើតមានឆាកប្រយទ្ធគ្នា រវាងបុរសជនជាតិចិនដូចគ្នា គេបានឃើញជនជាតិទាំងនោះ បានផឹកស៊ីស្រែកស៊ីឡូឡា រំខានដល់អ្នករស់នៅជិតខាង រហូតដល់ម៉ោងប្រមាណជាង ៧យប់ ក៏បានលឺសូសម្លេងស្រែកឈ្លោះប្រកែកគ្នា យ៉ាងខ្លាំង ក្រោយមក ក៏មានឆាកវាយប្រយុទ្ធគ្នាកើតឡើង ដោយអ្នកខ្លះ បានកាន់ដំបង អ្នកខ្លះទៀត កាន់កៅអី អ្នកខ្លះកាន់កាំបិត និងជនជាតិចិនមួយចំនួនទៀត បានរត់ចេញក្រៅផ្ទះ បង្កអោយមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងឈានដល់កម្លាំង សមត្ថកិច្ច បានចុះមកអន្តរាគមន៍ ចាប់បញ្ជូនជនជាតិចិនទាំងនោះ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុទាំងយប់តែម្តង។
យោងតាមប្រភពពីសន្តិសុខឯកជន MPA ដែលយាមប្រចាំការនៅផ្ទះជួល ដែលជនជាតិចិនបង្កហេតុ បានអោយដឹងថា ជម្លោះវាយតប់គ្នា រវាងជនជាតិចិនគ្នាឯងនេះ តាមពិតទៅដើមហេតុ មិនមានរឿងអ្វីធំដុំនោះទេ គឺកើតឡើង ដោយសារការប៉ាវផឹកស្រា និង វាយក្បាលគ្នាលេងកម្សាន្ត ក្នុងវង់ផឹកស៊ី ប៉ុន្តែក្រោយមកដោយសារជនជាតិចិនម្នាក់ៗ មានអាការៈស្រវឹងជោគតែស្រវឹងរៀងៗខ្លួននោះ ទើបកើតទៅជារឿងចោទប្រកាន់គ្នា ក្លាយជាជម្លោះវាយតប់គ្នាតែម្តង។
ទោះបីជាបែបនេះ សមត្ថកិច្ចជំនាញការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានច្រាលចោលប្រភពព័ត៌មាន របស់ប្រជាពលរដ្ឋ ដែលបានអះអាងថា ជនជាតិចិនមួយក្រុម ដែលសមត្ថកិច្ចខ្លួនយកមកសាកសួរនោះ គឺពួកគេ ពុំបានវាយតប់គ្នាទៅវិញ។
សមត្ថកិច្ច អះអាងថា ជនជាតិចិន ដែលសមត្ថកិច្ចឃាត់ខ្លួនទាំងនោះ គឺពួកគេស្រវឹង ស្រា ហើយបានអង្គុយបាក់កៅអីដួលលើគ្នា ទើបមានសម្លេងស្រែកឡូឡាកើតឡើង ប៉ុន្តែមុនបានឈ្លោះប្រកែកគ្នាទេ។
សមត្ថកិច្ច អោយដឹងទៀតថា ការស្រែកឡូឡា របស់ជនជាតិចិន នាំអោយប្រជាពលរដ្ឋរស់នៅក្បែរនោះស្មានថា ជនជាតិចិនទាំងនោះ ឈ្លោះគ្នាក៏មានការឆោឡោឡើង បង្កអោយមានការភ្ញាល់ផ្អើលតៗគ្នា និងត្រូវបានគេផ្សព្វផ្សាយខុសការពិតទៅវិញ។
ទោះសមត្ថកិច្ចនគរបាល នៃស្នងការនគរបាល បានកែសម្រួល ជួយសម្រួលបទល្មើសវាយប្រយុទ្ធគ្នា ដល់ជនជាតិចិន បែបនេះក្តី ក៏ប៉ុន្តែប្រភពប្រជាពលរដ្ឋ រស់នៅក្បែរទីតាំងជនជាតិចិន ជួលស្នាក់នៅៗតែ អះអាងថា ជនជាតិចិនមួយក្រុមនោះ ពិតជាបានឈ្លោះប្រកែកគ្នា និងមានបើកឆាកប្រយុទ្ធគ្នាកើតឡើងពិតប្រាកដមែន។
ត្រង់ចំណុចនេះ ប្រជាពលរដ្ឋរស់នៅ ខេត្តព្រះសីហនុ បានសំណូមពរ ដល់កម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័ន ស្នើអោយបញ្ឈប់លាក់បាំង បទល្មើសផ្សេងៗ ដែលកើតមាននាខេត្តព្រះសីហនុតទៅទៀត និងជៀសអោយផុតពីអំពើពុករលួយ ដែលអាចទទួលបានផលប្រយោជន៍ពីជនជាតិចិន ក្នុងសកម្មភាពលាក់បាំងបទល្មើសផ្សេងៗ ដែលបង្កដោយជនជាតិចិនតទៅទៀតនាថ្ងៃខាងមុខ។
ទាក់ទិនបញ្ហានេះ អ្នកយកព័ត៌មាន cen.com.kh ប្រចាំខេត្តព្រះសីហនុ មិនទាន់អាចស្នើការបំភ្លឺលើបញ្ហាខាងលើនេះពី លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីបំភ្លឺជុំវិញការឃាត់ខ្លួនជនជាតិចិនជិត ២០នាក់ កាលពីព្រលប់ថ្ងៃចន្ទ ទី១៥ ខែមករា បានទេតាមទូរស័ព្ទ នៅល្ងាចថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨៕ ដែន សីមា