ប្រភពព័ត៌មានពី The Sun ដែលដកស្រង់របាយការណ៍របស់មន្ទីរបញ្ចកោណលើកឡើងថា រុស្ស៊ីកំពុងស្វែងរកវិធី “វ៉ាផ្តាច់” អាមេរិកលើវិស័យនុយក្លេអ៊ែរ។
របាយការណ៍របស់ក្រសួងការពារជាតិអាមេរិកវាយតម្លៃថា ៖ “រួមជាមួយការទំនើបកម្មប្រព័ន្ធនុយក្លេអ៊ែរដ៏ទំនើបនាជំនាន់អតីតសហភាពសូវៀត រុស្ស៊ីកំពុងអភិវឌ្ឍន៍ និងដាក់ពង្រាយបណ្តាក្បាលគ្រាប់នុយក្លេអ៊ែរ ជាមួយទម្របាញ់ថ្មី។ កិច្ចប្រឹងប្រែងទាំងនោះរួមមាន ការអភិវឌ្ឍន៍សំណុំនុយក្លេអ៊ែរយុទ្ធសាស្ត្រ៣គឺ ៖ យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ, កាំជ្រួចបាញ់បង្ហោះពីសមុទ្រ និងកាំជ្រួចបាញ់ចេញពីដីគោក។ រុស្ស៊ីកំពុងអភិវឌ្ឍន៍យ៉ាងតិចប្រព័ន្ធកាំជ្រួចអន្តរទ្វីបថ្មី២ គឺអាវុធល្បឿនលឿនជាងសំឡេង និងគ្រាប់បែកស្វ័យប្រវត្តិមានបំពាក់នុយក្លេអ៊ែរក្រោមសមុទ្រ”។
ខណៈពេលនោះដែរ កាសែត Defense News ឲ្យដឹងបន្ថែមថា ៖ បរិក្ខារគ្មានអ្នកបើកបរនៅក្រោមសមុទ្រ Status-6 ឬ Kanyon ដែលជាប្រព័ន្ធមានពហុមុខងារ ក៏កំពុងបានសាកពិសោធន៍ កាលពីខែ វិច្ឆិកា ឆ្នាំ ២០១៦។
Status-6 អាចមានរយៈសកម្មភាពដល់ទៅជាង ១០.០០០Km ល្បឿមធម្យមប្រមាណ 100Km/h អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ហើយនឹងបាញ់ដល់ទឹកដីអាមេរិក។
ចំណែករដ្ឋការលោក Trump វិញ ក៏កំពុងថ្លឹងថ្លែងផែនការបង្កើនសមត្ថភាពនុយក្លេអ៊ែរ របស់អាមេរិកដែរ។ កាលពីខែតុលា ឆ្នាំ ២០១៧ NBC បានដកស្រង់ប្រភពច្បាស់ការណ៍មួយឲ្យដឹងថា ប្រធានាធិបតី Trump ចង់បង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ លើសពីបច្ចុប្បន្ន១០ដងឯណោះ។
បច្ចុប្បន្នអាមេរិក មានក្បាលគ្រាប់នុយក្លេអ៊ែរធុនស្រាលប្រហែល ១០០០គ្រាប់ ហើយផែនការទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែររបស់អាមេរិក តម្រូវចាយថវិការអស់ប្រមាណយ៉ាងតិច ៤១ពាន់លានដុល្លារ៕ សូយន