ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចុះសួរសុខទុក្ខនិងនាំយកថវិកាចំនួន៤លានរៀល ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនកុមារាទាំង២នាក់ ដែលជួបគ្រោះអគ្គិភ័យកាលពីល្ងាចថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យគន្ធបុប្ផា ។
ក្នុងឱកាសនោះ លោកអភិបាល បានសាកសួរសុខទុក្ខក្មេង និងឪពុកម្តាយកុមារទាំង២នាក់ អំពីស្ថានភាពជំងឺបន្ទាប់មក លោកអភិបាលរាជធានីភ្នំពេញ បានយកអំណោយសម្តេចតេជោ និងសម្តេចក្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនដល់ក្រុមគ្រួសារកុមាររងគ្រោះ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន២លានរៀល សរុប៤លានរៀលថវិកា របស់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញឧបត្ថម្ភក្នុងមួយគ្រួសារចំនួន ៥០ម៉ឺនរៀល សរុបចំនួន១លានរៀល និងថវិកាសាលាសង្កាត់ផ្សារចាស់ចំនួន១៥ម៉ឺនរៀលក្នុងមួយគ្រួសារ សរុបចំនួន៣០ម៉ឺនរៀលផងដែរ។
ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានឧបត្តម្ភថវិកាចំនួន៤លានរៀល ដល់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដែលបានបំពេញការងារយ៉ាងសកម្មការ ក្នុងការជួយសង្គ្រោះជីវិតកុមារទាំង២នាក់ និង ទប់ស្កាត់ការឆេះរាល់ដាលដល់ផ្ទះមួយផ្សេងទៀត។ ក្នុងនោះដែរ កម្លាំងដែលជួយអន្តរាគមន៍សរុបចំនួន៥៥នាក់ លោកអភិបាលខណ្ឌដូនពេញ ក៏បានឧបត្ថម្ភថវិកាបន្ថែមចំនួន២.១៥០.០០០រៀល ដោយបែងចែកដូចខាងក្រោម ឧបត្ថម្ភកម្លាំងប្រជាការពារខណ្ឌ ទៅជួយក្មេងចេញពីក្នុងផ្ទះ និងជូនទៅមន្ទីរពេទ្យចំនួន០៣នាក់ក្នុងម្នាក់ៗ ថវិកាចំនួន២០ម៉ឺនរៀល។កម្លាំងប៉ុស្តិ៍ផ្សារចាស់ ដែលចូលទៅជួយក្មេង នៅក្នុងផ្ទះចំនួន១នាក់ ថវិកាចំនួន២០ម៉ឺនរៀល។ កម្លាំងសាលាសង្កាត់ផ្សារចាស់ចំនួន២នាក់ ក្នុងម្នាក់ៗថវិកាចំនួន២០ម៉ឺនរៀល ។ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំនួន៤៩នាក់ ក្នុងម្នាក់ៗថវិកាចំនួន១០ម៉ឺនរៀល សរុបរួមថវិកាចំនួន ៦.១០០.០០០រៀល។
គួររំលឹកថា នៅរសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៤និង២០នាទី មានករណីអគ្គិភ័យឆាបឆេះលំនៅឋានប្រជាពលរដ្ឋ នៅចំណុចផ្ទះលេខ ២៧E4Z ផ្លូវលេខ១៩ ភូមិ១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ដែលមានម្ចាស់ឈ្មោះផាន់ សារ៉េត ភេទប្រុស បានបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន និងបានធ្វើឲ្យកុមារ២នាក់ រងរបួសធ្ងន់ដោយសាររលាកភ្លើងធ្ងន់ធ្ងរ ក្រោយពីកម្លាំងសមត្ថកិច្ចសម្រេចវាយជញ្ជាំងផ្ទះអ្នកជិតខាង ដើម្បីជួយសង្គ្រោះកុមារទាំង២នាក់ ដែលជាប់ក្នុងផ្ទះកើតហេតុបានដោយជោគជ័យ ។ កុមាររងគ្រោះទាំង២ ទី១-មានឈ្មោះ ផាន់ សុខសំណាង ភេទប្រុស អាយុ ៥ឆ្នាំ ម្តាយឈ្មោះ ឆៃ សុខលី និងឪពុកឈ្មោះ រឿង រឿម ២-មានឈ្មោះ ផាន់ ភាងចិន ភេទប្រុស អាយុ ៥ឆ្នាំ ម្តាយឈ្មោះ ផាំង ស្រីណេត និង ឪពុកឈ្មោះ ភាង ស៊ីធូ។ មូលហេតុដែល បណ្ដាលឲ្យមានអគ្គីភ័យខាងលើ គឺដោយសារតែលោកយាយរបស់ក្មេងទាំង២ទៅផ្សារទិញម្ហូប ដោយទុកចៅទាំងពីរនាក់នៅក្នុងផ្ទះ និងបានចាក់សោពីខាងក្រៅទៀត ហើយក្មេងទាំងពីរនាក់ក៏បាននាំគ្នាយកដែកកេះអុជគ្នាលេងទៅវិញទៅមក ប៉ះនឹងវត្ថុងាយឆេះកកើតជាអណ្តាតភ្លើងបង្កឲ្យមានមហន្តរាយបែបនេះតែម្តង៕ ដោយ៖កូឡាប