Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចនាយក​រដ្ឋមន្ត្រី បាន​រំលឹក​ដល់​កម្មក​កម្មការិនី​រោងចក្រ​ទាំងអស់​ត្រូវ​យក​ប័ណ្ណ​ការងារ​ជាប់​ខ្លួន​ជានិច្ច​

ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន ជួប​សំណេះសំណាល​ជាមួយ​កូនក្មួយ​កម្មករ​ជាង​១​ម៉ឺន​នាក់ នៅ​រោងចក្រ​តំបន់​ព្រៃទា សម្តេច បាន​ថ្លែង​រំលឹក​ដល់​កូនក្មួយ​កម្មករ​កម្មការិនី​ទូទាំង​ប្រទេស គឺ​ត្រូវ​រក្សាទុក​ប័ណ្ណ​ការងារ​ឲ្យបាន​ល្អ ជាប់​ខ្លួន​គ្រប់ពេល នៅពេល​ដែល​ទៅ​ពិនិត្យ​សុខភាព ចៀសវាង​ការបង់ប្រាក់​ថ្លៃ​ពិនិត្យ​សុខភាព​។​

​នៅ​ថ្ងៃ​១​កើត ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជួប​សួរសុខទុក្ខ​កូនក្មួយ​កម្មករ​កម្មការិនី ជាង​១​ម៉ឺន​នាក់ មកពី​រោងចក្រ​ចំនួន​២០​ស្ថិត​នៅ​រោងចក្រ​តំបន់​ព្រៃទា ក្នុង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​គោលបំណង​សំខាន់​នៃ​ការអញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ប្រចាំ​សប្តាហ៍​នេះ គឺ​ដើម្បី​ស្វែងយល់​ពី​សុខទុក្ខ​របស់​បងប្អូន​កូនក្មួយ​កម្មករ កម្មការិនី​ដោយផ្ទាល់ និង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​។ ទន្ទឹមនឹងនេះ​ដែរ គឺ​ដើម្បី​ជំរុញ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម (២០១៥-២០២៥) ឲ្យ​កាន់តែ​មាន ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ពង្រឹង​សេដ្ឋកិច្ចជាតិ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​អោយ​កាន់តែ​ល្អប្រសើរ​ឡើង​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា “​បើ​កូន​ក្មួយ​មិន​មាន​ប័ណ្ណ​សំគាល់​ការងារ​ជាប់​ខ្លួន​ទេ ដោយ​គ្រាន់តែ​ប្រាប់​ថា​ខ្ញុំ​ជា​កម្មករ​នៅ​ទីនេះ​ឬ​ទីនោះ គឺ​កូនក្មួយ​អាច​ប្រឈម​ឲ្យ​បង់ប្រាក់ ព្រោះ​មន្ទីរពេទ្យ​គ្មាន​ឯកសារ​អ្វី​សម្គាល់​ស្ថានភាព​ការងារ​កូន​ក្មួយ​បាន​។ ពូ​សុំ​បញ្ជាក់ប្រាប់​កូនក្មួយ​កម្មករ​ទាំងអស់​ថា ផលប្រយោជន៍​ទាំងអស់​ដែល​កូនក្មួយ​ទទួលបាន​នៅក្នុង​ឆ្នាំ​ថ្មី​២០១៨​នេះ គឺ​មិនមែន​ធ្លាក់​មក​ពី​លើ​មេឃ​ទេ​! ហើយក៏​មិន​កើត​ចេញ​មក​ពី​សង្គ្រាម​ដែរ​។ ពូ​សប្បាយចិត្ត​និង​ខិតខំ​ធ្វើ​បន្ដ ដើម្បី​កូនក្មួយ​ទទួលបាន​នូវ​អត្ថប្រយោជន៍​ល្អៗ​ជាច្រើន​ថែមទៀត​។ ព្រោះ​សុខទុក្ខ​កូនក្មួយ គឺជា​សុខទុក្ខ​របស់​ពូ​ផ្ទាល់​”​។​

​សម្តេច​តេជោ បានបញ្ជាក់​ថា ច្បាស់​ណាស់ ជោគជ័យ​ទាំងឡាយ ដែល​ប្រទេស​យើង​សម្រេចបាន គឺ​បានមកពី​ការចូលរួម និង​ការគាំទ្រ​របស់​កូនក្មួយ និង​ឳ​ពុក​ម្តាយ លោកយាយ លោកតា​របស់​ក្មួយៗ​ទាំងអស់គ្នា​។ សម្តេច​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អងស់​បន្ត​ចូលរួម​ថែរក្សា​សន្តិភាព​នៅក្នុង​ប្រទេស​យើង​ឲ្យបាន​ល្អ​រឹងមាំ ដើម្បី​កូនក្មួយ​កាន់តែ​មាន​ឱកាស​កាន់តែ​ច្រើនឡើងៗ​។ ជាង​៣៩​ឆ្នាំ​មកហើយ​ដែល​យើង​បាន​ឆ្លងកាត់​ការលំបាក​គ្រប់​យ៉ាង ទម្រាំ​យើង​មាន​ថ្ងៃនេះ​។ ដូច្នេះ យើង​មិន​ចង់​អោយ​ឱកាស​ទាំងនេះ​បាត់បង់​ទៅ​វិញ​ដែរ​។​

​នា​ថ្ងៃនេះ​ដែរ ប្រមុខ​រាជរដ្ឋាភិបាល ក៏​បាន​ចូលរួម​អបអរសាទរ និង​សប្បាយរីករាយ ចំពោះ​ប្រាក់ខែ​ក្មួយៗ​ដែល​ត្រូវបាន​តម្លើង​ពី ១៥៣​ដុល្លារ មក​១៧០​ដុល្លារ បូក​ប្រាក់​អត្ថប្រយោជន៍​មួយចំនួនទៀត​គឺ​កម្មករ​កម្មការិនី នឹង​ទទួល​បាន​ជាង​ពីរ​រយ​ដុល្លារ​ក្នុង​មួយ​ខែៗ ដែល​នឹង​ជួយ​សម្រួល​ជីវភាព​រស់នៅ​ឲ្យ​ល្អប្រសើ​ឡើង​៕​ ដោយ​៖​កូឡាប​

×