ព្រៃវែង៖ ថ្ងៃរៀបការកូនក្រមុំម្នាក់ ត្រូវយុវជនម្នាក់ បានលបលួចឡើងលើផ្ទះផ្សំដំណេកជំនួសប្តី រហូតព្រឹកឡើង ទើបភ្ញាក់ផ្អើលឆោឡោពេញផ្ទះ នៅគ្រាដែលកូនកំលោះផឹកស៊ីស្រវឹងជ្រុលដេកនៅក្រោមផ្ទះមិនដឹងខ្លួនអ្វីសោះ ។ហេតុការណ៍នេះ បានបង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង៦ព្រឹក ថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិឆ្ពឺស ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នៅគ្រាដែលឮសំឡេងកូនក្រមុំស្រែកចេញពីបន្ទប់ ។ ពេលនោះ ញាតិមិត្តបងប្អូនបាននាំគ្នាស្ទុះទៅមើលក្នុងបន្ទប់ ស្រាប់តែឃើញយុវជនម្នាក់ឈ្មោះ ឈីន ចាន់សេង អាយុ១៨ឆ្នាំ កំពុងដេកស្រាតននលគោកយ៉ាងសុខស្រួល ក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
មន្ត្រីនគរបាលស្រុកកញ្ជ្រៀចបានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ មានពិធីរៀបមង្គលការកំលោះក្រមុំមួយគូ នៅភូមិ ឃុំខាងលើ។ នៅពេលយប់នោះមានកម្មវិធីផឹកស៊ី រាំកម្សាន្ត ហើយយុវជនសង្ស័យក៏បានទៅឈរមើលកម្មវិធីរាំច្រៀងនោះដែរ ព្រោះផ្ទះជិតគ្នា។ នៅពេលជិតចប់កម្មវិធី កូនក្រមុំអស់កម្លាំងក៏ចូលទៅដេកបន្ទប់ផ្សំដំណេកតែម្នាក់ឯង រីឯកូនកំលោះនៅបន្តផឹកស៊ីរាំរែកជាមួយមិត្តភក្តិបងប្អូនក្នុងរោងការមុខផ្ទះ។ ឃើញឱកាសល្អ យុវជនឈីន ចាន់សេង ក៏យកសារុងរុំខ្លួនលបចូលក្នុងបន្ទផ្សំដំណេកជំនួសកូនកំលោះរហូតបានសម្រេចរហូតដល់៣លើក ។ លុះព្រឹកឡើង ទើបកូនក្រមុំភ្ញាក់ខ្លួន ព្រោះអ្នកដែលផ្សំដំណេកកាលពីយប់មិញ មិនមែនជាប្តីរបស់ខ្លួននោះទេ ហើយក៏ស្រែកឆោឡោផ្អើលអស់មនុស្សម្នានៅក្នុងផ្ទះ នាំគ្នាឡើងចាប់យុវជន ឈីន ចាន់សេង ប្រគល់ឲ្យសមត្ថកិច្ច។
កូនក្រមុំឈ្មោះ ប.ស.ជ.ន. អាយុ១៨ឆ្នាំ បានអះអាងថា នៅគ្រាដែលយុវជនចាន់សេង ចូលទៅក្នុងបន្ទប់នាង ក៏បានដឹងដែរ ប៉ុន្តែដោយសារក្នុងបន្ទប់បិទភ្លើងមើលមិនឃើញមុខ និងនឹកស្មានថាជាប្តី ទើបពេលគេរួមរ័ក្សជាមួយនាងមិនប្រកែក ដោយគិតថាជាប្តី លុះព្រឹកឡើងទើបឃើញអ្នកដេកជាមួយមិនមែនជាប្តី ក៏ស្រែកឆោឡោតែម្តង។
ដោយឡែកយុវជន ឈីន ចាន់សេង បាននិយាយនៅកន្លែងប៉ូលិសថា រូបគេនិងនាង ជាអ្នកជិតខាងនឹងគ្នា ហើយខ្លួនបានលួចស្រឡាញ់នាង ជាយូរមកហើយ តែមិនបានសារភាពរហូតដល់នាងរៀបការ ក៏មកមើលកម្មវិធីរាំច្រៀង ។ លុះយប់ជ្រៅពេលឃើញនាងឡើងទៅដេកម្នាក់ឯង ហើយកូនកំលោះនៅដេកក្នុងរោងក្រោមផ្ទះ ជាឱកាសល្អ ខ្លួនក៏បន្លំជាកូនកំលោះ ឡើងទៅផ្សំដំណេកជាមួយនាងតែម្តង។ យុវជនសង្ស័យ បាននិយាយមិនលាក់លៀមថា ដោយសារតែគេខំប្រឹងពេករហូតដល់ទៅ៣ដង ធ្វើឲ្យអស់កម្លាំង ក៏ដេកលងលក់រហូតទាល់ព្រឹក ។ ប្រសិនបើគេរត់ចុះពីលើផ្ទះ នោះនៅពេលរំលោភបានសម្រេចតែមួយលើកនោះ ប្រហែលជានាង នឹកស្មានជាប្តីរបស់ខ្លួនហើយមើលទៅ ។
បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ដោយ៖បញ្ញាស័ក្តិ