បាត់ដំបង៖ នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងពិធីបើកពិធីបុណ្យទន្លេ លើកទី៦ នៅខេត្តបាត់ដំបង។
ពិធីបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០នេះ បានប្រារព្ធឡើងនៅទឹកដីនៃខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៣-១៥ ខែ មីនា ឆ្នាំ ២០២០ ក្រោមប្រធានបទ ទន្លេនៃសន្ដិភាព ទន្លេនៃវិបុលភាព។
នៅក្នុងពិធីបុណ្យទន្លេនេះ គឺមានការរៀបចំតាំងពិព័រណ៍ផលិតផលជាច្រើនរួមទាំងផលិតផលជាតិ និងអន្តរជាតិ សកម្មភាពកីឡា និងវប្បធម៌សិល្បៈ និងពិធីប្រគំតន្រ្តីកម្សាន្តជាច្រើនទៀតផង។
ពិធីបុណ្យទន្លេ គឺបានក្លាយជាព្រឹត្តិការណ៍ទាក់ទាញទេសចរណ៍ថ្មីមួយទៀតសម្រាប់កម្ពុជា ដែលមិនត្រឹមតែរួមចំណែក្នុងការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ នៃខេត្តជាប់ដងទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ជាពិសេសជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការពារ និងអភិរក្សធនធានធម្មជាតិផងដែរ។ ម្យ៉ាងវិញទៀតវាក៏ជាឱកាសមួយដើម្បីពង្រឹងគុណភាពសេវាកម្ម ការបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមដងទន្លេ ព្រមទាំងរួមចំណែកជំរុញការតភ្ជាប់រឹតចំណងមិត្តភាព សាមគ្គីភាពរវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ានផងដែរ។
នៅល្ងាចម៉ោង ៥:០០ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានឹងអញ្ជើញជាអធិបតីនៅក្នុងពិធីដ៏អធិកអធមនេះ។ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋចូលរួមកម្សាន្តសប្បាយឲ្យបានច្រើនកុះករទាំងអស់គ្នា៕ ដោយ៖កូឡាប