រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីគម្រោងវិនិយោគចំនួន៦៨ ដែលមានទុនវិនិយោគសរុបប្រមាណ ៧៤៨លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែមករា ឆ្នាំ២០២៥។
ក្នុងខែមករា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុប ចំនួន ៦៨គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៦៤គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៤គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៧៤៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ៤៦ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំងអស់ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន ៣៩គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ២៩គម្រោង។
បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២៤ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៣២គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ១៨៧លានដុល្លារ អាម៉េរិក ការអនុម័តគម្រោងវិនិយោគក្នុងខែមករា ឆ្នាំ២០២៥ មានការកើនឡើងចំនួន ៣៦គម្រោង ខណៈ ទុនវិនិយោគមានការកើនឡើងប្រមាណ ៥៦១លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៣០០%។ គម្រោងវិនិយោគទាំង ៦៨គម្រោង សុទ្ធសឹងជាការវិនិយោគក្នុងវិស័យឧស្សាហកម្មទាំងអស់។
ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែរួមមាន៖ ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេសឧស្សាហកម្ម
គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃលោហធាតុគ្រប់ប្រភេទមានទីតាំងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យទុនវិនិយោគ ៣៤លានដុល្លារអាម៉េរិក និងបង្កើតការងារៈ ៣៥០កន្លែង៕ រក្សាសិទ្ធដោយ៖សុទ្ធលី