Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមមេធាវីហ្គ្រេនដ៏ បានចេញលិខិតបកស្រាយបំភ្លឺករណីសំណេររបស់ អ្នកស្រី សុខ ផល្លី, ម្ចាស់គណនី Facebook “ផ្កា ក្ងោក”

រាជធានីភ្នំពេញ៖ ក្រុមមេធាវីហ្គ្រេនដ៏ នៅថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ បានចេញលិខិតបកស្រាយបំភ្លឺករណីសំណេររបស់ អ្នកស្រី សុខ ផល្លី, ម្ចាស់គណនី Facebook “ផ្កា ក្ងោក”។

លោកមេធាវី អ៊ុង គីមឡេង ជាមេធាវីតំណាងដោយអាណត្តិឱ្យ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក សូមធ្វើសេចក្តីបកស្រាយជូន អ្នកស្រី សុខ ផល្លី និងសាធារណជន មេត្តាទទួលជ្រាបថា៖ ក្រុមហ៊ុនតែងតែយកចិត្តទុកដាក់ចំពោះអតិថិជនទាំងអស់ស្មើៗគ្នា រួមទាំងអ្នកស្រី សុខ ផល្លី ផងដែរ។ ក្រុមហ៊ុនសូមបដិសេធនូវសំណេររបស់អ្នកស្រី សុខ ផល្លី លើបណ្តាញទំនាក់ទំនងសង្គមដោយសំណេនោះមិនឆ្លុះបញ្ចាំងពីតថភាពទាំងមូល៖

ទី១ អ្នកស្រី សុខ ផល្លី បានចោទប្រកាន់បុគ្គលិកក្រុមហ៊ុនថា បានធ្វើឱ្យខូចខាតដោយចេតនាដល់ រថយន្តអ្នកស្រី។ ការចោទប្រកាន់នេះមិនមានលក្ខណៈពេញលេញ និងជាការពិតឡើយ ព្រោះរាល់រថយន្តដែល ទើបតែជួសជុលរួច បុគ្គលិកត្រូវធ្វើការបើកបរសាកល្បងដើម្បីពិនិត្យគុណភាពរបស់រថយន្ត ប៉ុន្តែជាអកុសលក្នុង កំឡុងពេលបើកបរសាកល្បងលើដងផ្លូវ ស្រាប់តែមានគ្រោះថ្នាក់ដោយចៃដន្យបានកើតឡើង។ ហើយជាក់ស្តែង ករណីនេះ អយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ ក៏បានរកឃើញថា បុគ្គលិកក្រុមហ៊ុនដែលជាអ្នកបើកបរ សាកល្បង គ្មានកំហុស ទើបបានសម្រេចមិនធ្វើការចោទប្រកាន់ និងបានចេញដីកាតម្កល់រឿងឥតចាត់ការតាម នីតិវិធីច្បាប់។ ដូចនេះ បុគ្គលិកក្រុមហ៊ុនមិនមានចេតនាធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់អ្នកស្រី សុខ ផល្លី ដូចដែលអ្នកស្រីបានលើកឡើងនៅក្នុងបណ្ដឹង (ឬដូចដែលអ្នកស្រីបានបង្ហោះក្នុងបណ្តាញសង្គមនោះឡើយ)។

ទី២ ក្រោយមានហេតុការណ៍កើតឡើងភ្លាមៗក្នុងខែមករា ឆ្នាំ២០២៦ ក្រុមការងារក្រុមហ៊ុនផ្ទាល់ ក៏ ដូចជាក្រុមហ៊ុនធានារ៉ាប់រងបានធ្វើការសម្របសម្រួលជាមួយអ្នកស្រីជាច្រើនលើក ដើម្បីស្វែងរកដំណោះស្រាយ។ ក្រុមហ៊ុនពុំបានមិនយកចិត្តទុកដាក់ ឬគេចវេសមិនផ្តល់ដំណោះស្រាយដល់អ្នកស្រី ដូចការបង្ហោះសាររបស់អ្នកស្រីឡើយ។ ដំណោះស្រាយរបស់ក្រុមហ៊ុនផ្តល់ជូនអ្នកស្រី សុខ ផល្លី កន្លងមករួមមាន៖

ការជួសជុលរថយន្តឡើងវិញ ដោយឥតគិតថ្លៃ (ស្របតាមគោលការណ៍របស់ក្រុមហ៊ុនធានារ៉ាប់រង)។ ជម្រើសនេះ អ្នកស្រី សុខ ផល្លី បានបដិសេធ។

លើសពីគោលការណ៍របស់ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនក៏បានផ្តល់ដំណោះស្រាយឱ្យអ្នកស្រី អញ្ជើញមកពិនិត្យមើលរថយន្ត និងបើកបរសាកល្បង (រថយន្ត Demo) ចំនួន២ គ្រឿង ពណ៌ខ្មៅ និងប្រផេះ (Raptor ម៉ាស៊ូត ឆ្នាំ2025 បើកបរបានជាង ១ម៉ឺនគីឡូម៉ែត្រ) ដើម្បីជ្រើសរើសយក រថយន្តមួយគ្រឿងណាមួយ ជំនួសរថយន្តដែលខូចខាតខាងលើ (Raptor សាំង ពណ៌ប្រផេះ ឆ្នាំ2024 បើកបរបានប្រហែល ៥ម៉ឺន៦ពាន់គីឡូម៉ែត្រ) ដោយមិនតម្រូវឱ្យបង់តម្លៃបន្ថែម។ ប៉ុន្តែ អ្នកស្រី សុខ ផល្លីនៅតែបដិសេធមិនព្រមទទួលយកជម្រើសមួយនេះដូចគ្នា។

ក្រុមហ៊ុនក៏បានផ្តល់ជម្រើសផ្លាស់ប្តូររថយន្តថ្មីស្រឡាង ប៉ុន្តែសំណូមពរឱ្យអ្នកស្រី សុខ ផល្លី បន្ថែមប្រាក់មួយចំនួន ព្រោះរថយន្តរបស់អ្នកស្រី ជាម៉ូដែលឆ្នាំចាស់ បានប្រើប្រាស់ច្រើនគីឡូម៉ែត្រទៅហើយ។ ផ្ទុយមកវិញអ្នកស្រី សុខ ផល្លី បានបដិសេធជម្រើសនេះ ហើយទាមទារជាដាច់ខាតឱ្យ ក្រុមហ៊ុនត្រូវតែផ្តល់រថយន្តថ្មីស្រឡាង ជំនួសរថយន្តចាស់អ្នកស្រីវិញ ដោយឥតគិតថ្លៃអ្វីទាំងអស់។ ការទាមទាររបស់អ្នកស្រី សុខ ផល្លី គឺហួសពីអ្វីដែលក្រុមហ៊ុនអាចផ្តល់ជូនបាន។

ទី៣ ដោយមិនទទួលយកសំណើរបស់ក្រុមហ៊ុន អ្នកស្រី សុខ ផល្លី បានជ្រើសរើសយកនីតិវីធីតុលាការ ចោទប្រកាន់មកលើក្រុមហ៊ុន និងបុគ្គលិកក្រុមហ៊ុន ដោយបង្វែររឿងសំណងរដ្ឋប្បវេណី ទៅជាសំណុំរឿង ចោទប្រកា ព្រហ្មទណ្ឌទៅវិញ។ ការចោទប្រកាន់បែបនេះ មិនត្រឹមតែផ្ទុយពីស្មារតីច្បាប់នោះទេ ថែមទាំងផ្ទុយពីការដោះ ស្រាយដោយសន្តិវិធីទៀត។ ហេតុនេះ ក្រុមហ៊ុនគ្មានជម្រើស ក៏បានសម្រេចចូលរួមបន្តនីតិវិធីតុលាការដើម្បីសុំ ឱ្យប្រព័ន្ធតុលាការផ្តល់នូវភាពយុត្តិធម៌។

អ្នកស្រី សុខ ផល្លី បានដាក់សម្ពាធមកក្រុមហ៊ុនជាច្រើនលើកថា នឹងធ្វើការចុះផ្សាយក្នុងបណ្តាញសង្គមលើបញ្ហានេះ ក្នុងន័យដើម្បីធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងទំនុកចិត្តរបស់ក្រុមហ៊ុន ប្រសិនបើពុំយល់ព្រមតាមសំណើរបស់អ្នកស្រីនោះទេ។ ហើយជាក់ស្តែងអ្នកស្រី បានកំពុងប្រើប្រាស់បណ្តាញសង្គម ដើម្បីទម្លាក់ កំហុស និងដាក់សម្ពាធមកលើក្រុមហ៊ុនម្តងហើយម្តងទៀត។ កន្លង កន្លងមកក្រុមហ៊ុនរក្សាភាពស្ងៀមស្ងាត់មិនឆ្លើយ តបលើបណ្តាញសង្គម និងព្យាយាមដោះស្រាយសម្របសម្រួលជូនអ្នកស្រី សុខ ផល្លី ដោយសន្តិវិធី ការគោរពយោគយល់ខ្ពស់ ប៉ុន្តែនាពេលថ្មីៗនេះ អ្នកស្រី សុខ ផល្លី បានធ្វើការបង្ហោះសំណេរភ្ជាប់ជាមួយរូបភាព បុគ្គលិកក្រុមហ៊ុនជាច្រើនរូប រួមទាំងបុគ្គលិកដែលមិនពាក់ព័ន្ធនឹងករណីខាងលើ (ដែលនេះជាការប៉ះពាល់ដល់ សិទ្ធិឯកជនភាពរបស់បុគ្គល ហើយក្រុមហ៊ុនត្រូវការពារសិទ្ធិបុគ្គលិករបស់ខ្លួន)។ ដូចនេះ ក្នុងនាមមេធាវី តំណាងដោយអាណត្តិឱ្យក្រុមហ៊ុន សុំឱ្យអ្នកស្រី សុខ ផល្លី ប្រកាន់នូវការពិត សុំទោសនូវពាក្យដែលអះអាងខុស ពីតថភាពទាំងមូល និងបញ្ឈប់រាល់ការបង្ហោះសារដែលប៉ះពាល់ដល់បុគ្គលិកក្រុមហ៊ុន។ បើពុំដូច្នោះទេ ក្រុមហ៊ុន នឹងសុំឱ្យច្បាប់ផ្តល់យុត្តិធម៌ចំពោះករណីនេះ៕ រក្សាសិទ្ធដោយ៖CEN

×