ក្រសួងធនធានទឹក និងឧតុនិយមកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានចេញនូវសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានខ្លឹមសារទាំងស្រុងថា៖
តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា៖ កម្រិតសម្ពាធទាបនៅលើផ្ទៃដី និងសម្ពាធខ្ពស់នៅរយៈកម្ពស់គ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជា ។ ស្ថានភាពបែបនេះធ្វើឲ្យធាតុអាកាសបន្តក្តៅនៅពេលថ្ងៃ៖
១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ សីតុណ្ហភាពអប្បបរមាមានពី ២៦ ទៅ ២៥ អស្សាសេ, សីតុណ្ហភាពអតិបរមាមានពី ៣៧ ទៅ ៣៩ អង្សាសេ ។ អាចមានភ្លៀងខ្សោយនៅផ្នែកខ្លះ ដោយឡែកនៅថ្ងៃទី១៨ ដល់ ២១ ខែមីនា ផ្នែកមួយចំនួននៃខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ប៉ៃលិន បាត់ដំបង និងខេត្តព្រះវិហារ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម ជាមួយនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
២- បណ្តាខេត្តនៅខ្ពង់រាបឦសាន៖ សីតុណ្ហភាពអប្បបរមាមានពី ២៦ ទៅ ២៨ អង្សាសេ, សីតុណ្ហភាពអតិបរមាមានពី ៣៤ ទៅ ៣៦ អង្សាសេ ។
៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមាមានពី ២៦ ទៅ ២៨ អង្សាសេ, សីតុណ្ហភាពអតិបរមាមានពី ៣៥ ទៅ ៣៧ អង្សាសេ ។ ចាប់ពីថ្ងៃទី១៧ ដល់ ២៣ ខែមីនា នឹងអាចមានភ្លៀងខ្សោយ ដោយឡែកតែខេត្តកោះកុង នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម ។
ដូចបានជម្រាបជូនខាងលើនេះ ក្រសួងក៏បានអំពាវនាវសាធារណជនថែរក្សាសុខភាពចំពោះការកើនឡើងនៃកម្តៅ និងសូមឲ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពិសេសបណ្តាខេត្តនៅភាគពាយ័ព្យចាប់ពីថ្ងៃទី១៨ ដល់២១ មីនា ឆ្នាំ២០២០ ៕ ដោយ៖ លឹម ហុង