ព្រៃវែង ៖ បុរសម្នាក់ត្រូវភ្លើងឆេះរោលរាលរហូតស្លាប់ ពេលចូលទៅពន្លត់ភ្លើង កំពុងឆាបឆេះចំការស្វាយរបស់ខ្លួន នៅម៉ោងប្រមាណ១៦ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅភូមិព្រែកតារ័ត្ន ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចាន់ អឿន អាយុ៧៣ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ។ បន្ទាប់ពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ កម្លាំងបានចុះ ទៅដល់កន្លែងកើតហេតុ និងបានធ្វើការពិនិត្យសាកសព និងសាកសួរបំភ្លឺ ពីក្រុមគ្រួសារបញ្ជាក់អះអាងថា ឈ្មោះ ចាន់ អឿន ពិតជាបានស្លាប់ ដោយសារភ្លើងឆេះពិតប្រាកដមែន និងបានធ្វើកំណត់ហេតុប្រគល់សាកសព ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ មុនពេលកើតហេតុ គាត់បានជិះកង់ចេញពីផ្ទះ សំដៅទៅចំការស្វាយរបស់ខ្លួន ដែលនៅខាងកើតភូមិចម្ងាយប្រមាណ២គីឡូម៉ែត្រ ។ ពេលទៅដល់ក៏ឃើញភ្លើងកំពុងតែឆេះចំការស្វាយ គាត់បានចូលទៅពន្លត់ភ្លើង រហូតឆេះរោលខ្លួនឯងស្លាប់ ៕ដោយ៖បញ្ញាស័ក្តិ