សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជា ដែល ក្រមាខ្មែរ បានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង អាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay)។
ថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុង អាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) បានក្លាយជាទិវាប្រវត្តិសាស្ត្រ ដ៏សំខាន់របស់ជាតិកម្ពុជាទាំងមូល ដោយគណៈកម្មការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូបានអនុម័ត យល់ព្រមចុះ «ក្រមា” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃ មនុស្សជាតិរបស់អង្គការយូណេស្កូ តាមរយៈ សេចក្តីសម្រេច 19.COM 7.6.27។
នេះគឺជាមោទនភាពថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលបានសម្រេចនូវសមិទ្ធផល សម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល។ ការចុះបញ្ជីនេះបានផ្តល់នូវតម្លៃដូចគ្នាចំពោះកម្ពុជា និង សហគមន៍អន្តរជាតិ នូវកាតព្វកិច្ចនៃកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការថែរក្សា ការពារ និងលើកតម្កើង គុណតម្លៃ “ក្រមា» ទុកជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតរៀងទៅ។
ក្នុងឱកាសដ៏មហាប្រសើរនេះ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវអំណរព្រះគុណ ដ៏ជ្រាលជ្រៅវិសេសវិសាលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គទ្រង់តែងប្រោសព្រះរាជទាននូវការគាំទ្រជានិច្ចកាល ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងវិស័យបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបីដែលងាយប្រឈមនឹងការបាត់បង់។
ខ្ញុំក៏សូមឆ្លៀតក្នុងឱកាសនេះ សម្តែងនូវការកោតសរសើរចំពោះការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង គាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ជាមួយនឹងស្ថាប័នពាក់ព័ន្ធនានា អ្នកជំនាញជាតិ-អន្តរជាតិ សហគមន៍តម្បាញក្រមា សមាគមន៍ក្រមា ក៏ដូចជាអាជ្ញាធរមូលដ្ឋាន នៅតាមបណ្តារាជធានី-ខេត្តនានា រហូតសម្រេចបានជោគជ័យក្នុងការចុះ “ក្រមា» ក្នុងបញ្ជី តំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនាពេលនេះ។ ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅជូនចំពោះបងប្អូនជនរួមជាតិទាំងអស់ដែលបានបន្តថែរក្សា ផលិត និងប្រើប្រាស់ក្រមាក្នុងជីវភាព រស់នៅប្រចាំថ្ងៃ ដែលជាអត្តសញ្ញាណរបស់ជាតិ តាំងពីដើមរៀងមក និងជាកេរដំណែលប្រពៃណីដ៏ថ្លៃថ្លាក្នុងសង្គមកម្ពុជា។ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ខ្ញុំសូមអំពាវនាវចំពោះស្ថានីយ៍វិទ្យុ ទូរទស្សន៍ និង បណ្តាញព័ត៌មានទាំងអស់ មេត្តាចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍ដែលជាមោទនភាពជាតិដ៏មាន សារៈសំខាន់នេះឱ្យបានទូលំទូលាយបំផុត។ រក្សាសិទ្ធដោយ ៖ សុទ្ធលី