ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦
បានចេញសេចក្តីប្រកាសព័ត៌មានកម្ពុជាតវ៉ាប្រឆាំងនឹងការបំពានជាបន្តបន្ទាប់របស់ថៃ លើអធិបតេយ្យ និង បូរណភាពទឹកដីរបស់កម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាយ៉ាងខ្លាំងជាផ្លូវការ បន្ថែមទៀត ប្រឆាំងនឹងការរំលោភបំពានជា បន្តបន្ទាប់របស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅតាមបណ្តោយព្រំដែន។
នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍អាកាស ប្រាផាស សនចៃឌី នៃប្រទេសថៃ បាន ដឹកនាំគណៈប្រតិភូមន្ត្រីអន្តរស្ថាប័ន និង អ្នកសារព័ត៌មានថៃ ទៅកាន់ទីតាំងជាច្រើនក្នុងតំបន់អានសេះ ស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ រួមទាំងសំណង់អាគារស៊ីវិលកម្ពុជាចំនួនពីរ ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។ ការ ទស្សនកិច្ចចុះពិនិត្យទីតាំងដោយគ្មានការអនុញ្ញាតនេះ ដែលបានធ្វើឡើងដោយគ្មានការយល់ព្រមពីរាជរដ្ឋាភិបាល កម្ពុជា គឺជាការប៉ុនប៉ងមួយទៀតដើម្បីបង្ហាញការទាមទារមិនស្របច្បាប់លើដែនដីអធិបតេយ្យកម្ពុជា ដែល បានកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ បន្ទាប់ពីបទឈប់បាញ់កាលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។
នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ ក៏បានសាងសង់លេណដ្ឋានយោធារឹងមាំបន្ថែមមួយទៀត នៅតំបន់បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយនៅថ្ងៃបន្ទាប់ គឺថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានប្រើគ្រឿងចក្រធ្ងន់ឈូសឆាយសាងសង់ផ្លូវ និងបានដឹកជញ្ជូនសសរបេតុងទៅកាន់ទីតាំងស្ថិតនៅក្នុងតំបន់ខាងលើនេះ។
រាជរដ្ឋាភិបាលកម្ពុជា តវ៉ាយ៉ាងខ្លាំងក្លាប្រឆាំងសកម្មភាពទាំងនេះ ដែលជាការបំពានយ៉ាងច្បាស់លើ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមាដោយផែនទីមាត្រដ្ឋាន ១:២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧ ។
សកម្មភាពខាងលើ ក៏រំលោភបំពានលើមាត្រា ៥ នៃអនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង គោក ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០០០ និងចំណុច I (វិធានការបន្ធូរភាពតានតឹង) នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មការព្រំដែនទូទៅ (GBC)ចុះថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២៥ ។
រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬ ការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ ហើយសកម្មភាពខាងលើនឹងមិនប៉ះពាល់ដល់ សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។
រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យ ប្រទេសថៃបញ្ឈប់រាល់សកម្មភាពខុសច្បាប់ទាំងនេះ បញ្ឈប់សកម្មភាព ជាឯកតោភាគី ហើយត្រូវធ្វើការដើម្បីបន្ធូរភាពតានតឹង បង្កើតទំនុកចិត្តគ្នាទៅវិញទៅមក រក្សាសន្តិភាព និង ភាពជាអ្នកជិតខាងល្អតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។
កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយ ប្រទេសថៃ ក៏ដូចជាជាមួយប្រទេស ជិតខាងទាំងអស់ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំង ប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ៕រក្សាសិទ្ធដោយ៖សុទ្ធលី









