ខេត្តបាត់ដំបង៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង បានសម្រេចឃុំខ្លួនបុរសម្នាក់ជាបណ្តោះអាសន្ននៅពន្ធនាគារ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួនជាង ១៥គីឡូក្រាម ដែលត្រូវបានសមត្ថកិច្ចបង្ក្រាបនៅស្រុកថ្មគោល ខេត្តបាត់ដំបង។
យោងតាមព័ត៌មានពីសមត្ថកិច្ច ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់ស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងជំនាញប្រឆាំងគ្រឿងញៀន ដោយមានការសហការពីកម្លាំងនគរបាលស្រុកថ្មគោល។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផុន សុភ័ក្រ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុ ព្រមទាំងដកហូតគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន១៥ដុំ ទម្ងន់សរុប ១៥គីឡូក្រាម និង៦៣៨,៧៧ក្រាម (ទម្ងន់រួមទាំងសំបកវេចខ្ចប់)។
ក្រៅពីគ្រឿងញៀន សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួនទៀត រួមមាន ការ៉ុងចំនួន២ ថង់ប្លាស្ទិកមួយចំនួន និងទូរស័ព្ទដៃចំនួន១គ្រឿង។
ក្រោយបញ្ចប់ការសាកសួរ និងកសាងសំណុំរឿង ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
បច្ចុប្បន្ននេះ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនសង្ស័យជាបណ្តោះអាសន្ននៅពន្ធនាគារ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN








