រថយន្តដឹកអ្នកដំណើរមួយគ្រឿងត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ នៅក្នុងប្រទេសកាហ្សាស្ថាន បណ្តាលឲ្យមនុស្សចំនួន ៥២នាក់ស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័ម។ នេះបើតាមការបញ្ជាក់របស់ក្រសួងមហាផ្ទៃនេះប្រទេសនេះ។
ហេតុការណ៏ដ៏រន្ធត់នេះ កើតឡើងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ម៉ោង ១០ជាងព្រឹក នៅក្នុងស្រុក Irgiz នៃតំបន់ Aktobe។
មនុស្សចំនួន ៥នាក់បានរត់ចេញរួចមកខាងក្រៅ រថយន្តដែលត្រូវភ្លើងបំផ្លាញទាំងស្រុង។
មុនពេលកើតហេតុ រថយន្តបានដឹកអ្នកដំណើរចំនួន ៥៥នាក់ និងមានអ្នកបើកបរចំនួន ២នាក់។
រថយន្តក្រុងត្រូវបានគេជឿជាក់ថា បានដឹកអ្នកដំណើរជាជនជាតិអូបេគីស្ថាន ធ្វើដំណើរទៅកាន់ ឬក៏មកពីប្រទេសរុស្សី តាមបណ្តោយផ្លូវ Samara-Shymkent។
បើតាមអ្នកសង្កេតការបានឲ្យដឹងថា ផ្លូវ Samara-Shymkent ដែលមានប្រវែង ២.២០០គីឡូម៉ែត្រ តែងតែត្រូវបានប្រើប្រាស់ដោយកម្មករចំណាកស្រុកជនជាតិអូបេគីស្ថាន ក្នុងការធ្វើដំណើរទៅកាន់កន្លែងសាងសង់ក្នុងប្រទេសរុស្សី៕ សុភ័ក្ត្រ