Devi -ដែលជាជនរងគ្រោះក្នុងហេតុការណ៍ដ៏ចម្លែកនេះ រំលឹកឡើងវិញថា ៖ នាងមានអាយុ ៣៥ឆ្នាំ រស់នៅភូមិតូចមួយ ចំណុះខណ្ឌ Fatehpur ខេត្ត Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា។ ៥ឆ្នាំកន្លងមក នាងតែងឈឺចុកចាប់នៅជើង ហើយចលនានាងងើបឈរ អង្គុយ ឬដើរពិតជាលំបាកលំបិនខ្លាំងណាស់។ នាងក៏ទៅមន្ទីរពេទ្យ ព្រោះទ្រាំលែងបាន ហើយក្រោយការពិនិត្យគេបានរកឃើញមូលហេតុស្ទើពុំជឿថា ក្នុងជើងរបស់នាងមានម្ជុលស្រួចៗដល់ទៅ…៧០ដើម។
នាងបានរ៉ាយរ៉ាប់ប្រាប់ពេទ្យថា ៥ឆ្នាំមុនដែលជើងរបស់នាងរងការចុកចាប់ ហើយឃើញមានចុងម្ជុលលេចតាមពងបែកតូចៗ ហើយក្រោយមកពេលពងបែកនោះវាបែកក៏តែងឃើញម្ជុលលៀនចុងចេញមក។ ឈឺចុកចាប់ផង ភ័យខ្លាចផង នាងចេះតែខំប្រឹងទ្រាំទ្របាន ៥ឆ្នាំ ពេលលែងទ្រាំបានទើបមកមន្ទីរពេទ្យ។ ប៉ុន្តែក្រុមគ្រូពេទ្យពិតជាពុំបកស្រាយបានថា ៖ ហេតុអ្វី?
នាង Devi ពិតជាអស់សង្ឃឹម ព្រោះសូម្បីគ្រូពេទ្យក៏ពុំដឹងពីមូលហេតុនៃ “ជំងឺ”របស់នាង។ នាងបានត្រឹមបន់ស្រន់ប៉ុណ្ណោះ។
ក្រោយពេលធ្វើការថត X-Ray ជើងទាំង២ របស់នាង ទើបក្រុមគ្រូពេទ្យស្លន់ស្លោរ ខណៈពេលឃើញខាងក្នុងនោះគឺសុទ្ធសឹងតែ… ម្ជុល។
វេជ្ជបណ្ឌិត Naresh Vishal,ដែលជាអ្នកព្យាបាលផ្ទាល់ពោលថា៖ “នាង (Devi) មកដល់ពេទ្យក្នុងសភាពឈឺចុកចាប់ខ្លាំងណាស់។ យើងខ្ញុំបានថត X-Ray រាងកាយនាងទាំងមូល ហើយក៏រកឃើញមានម្ជុលប្រហែល ៧០ ស្ថិតនៅពីក្រោមភ្លៅរបស់នាងចុះមក។ យើងខ្ញុំពុំបានរកឃើញមានម្ជុលនៅកន្លែងដទៃទេ។ និយាយរួម គឺវាមានតែនៅជើងប៉ុណ្ណោះ។
តាមវេជ្ជបណ្ឌិតនោះ លើផ្នែកវេជ្ជសាស្ត្រ “ម្ជុលដេរ” ពុំអាចកកើតមានក្នុងរាងកាយមនុស្សឡើយ ហេតុនេះសង្ស័យថា នាង Devi មានសតិពុំប្រក្រតី ហើយ “ធ្វើបាប” ខ្លួន ដោយយកម្ជុលទាំងនេះចាក់!?”។
ប៉ុន្តែនាង Devi ព្រមទាំងបងប្រុសឈ្មោះ Awadhesh Kumar ដែលរស់នៅជាមួយនាង ៧ឆ្នាំមកហើយ តាំងពីប្តីរបស់នាងស្លាប់ចោលទៅនោះអះអាងថា ពុំមានហើយ ពុំដែលឃើញ ប្អូនស្រី ធ្វើបាប់ខ្លួនម្តងណាឡើយ កុំថាដល់យកម្ជុលទៅចាក់បែបនេះ។
ក្រុមវេជ្ជបណ្ឌិត បានវះកាត់គៀបយកម្ជុលដេរទាំងនោះចេញពីជើង Devi ហើយពួកគេកំពុងប្រមូលផ្តុំសិក្សាពីបាតុភូតចម្លែកនេះ។
ចំណែកក្រុមគ្រួសារនាង Devi ក៏រងចាំឲ្យរបួសជាសះស្បើយនោះនឹងនាំនាងទៅត្រួតពិនិត្យសរសៃប្រសាទ ដើម្បីធានាប្រាកដថា នាងពុំមានបញ្ហាអ្វីពាក់ព័ន្ធនឹងសតិបញ្ញានោះ។
ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ ចំពោះករណីបែបនេះ មានអ្នកណាជួបប្រទះករណីដូចគ្នានេះដែរ ឬទេ?។ លីសា