ភ្នំពេញ៖ បើតាមការផ្សព្វផ្សាយព័ត៌មាន ក្នុងផេកហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា “ឆ្នាំនេះជាខួបលើកទី៥០ដែលខ្ញុំ បានប្រើប្រាស់ថ្ងៃ៤មេសា ជាថ្ងៃកំណើត
ដែលជាពេលវេលាសមស្របសម្រាប់ការបកស្រាយ ដើម្បីដោះស្រាយចម្ងល់របស់បងប្អូនមួយចំនួន ដែលតែងឆ្ងល់ថាហេតុអី លោក ហ៊ុន សែន មានថ្ងៃកំណើតពីរ និងថ្ងៃមួយណាជាថ្ងៃកំណើតពិតប្រាកដ?”។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា “តាមពិតខ្ញុំកើតម៉ោង១២យប់ថ្ងៃអង្គារ ១៥កើតខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក
ព.ស២៤៩៦ ត្រូវនឹងថ្ងៃអង្គារទី៥ ខែសីហា ឆ្នាំ១៩៥២។ ហេតុអ្វីបានជាមានថ្ងៃ៤មេសា ជាថ្ងៃកំណើតទៅវិញ?។
៥០ឆ្នាំមុន គឺនៅថ្ងៃ៤ មេសា ១៩៧០ ខ្ញុំចូលព្រៃម៉ាគី ធ្វើការតស៊ូតាមការអំពាវនាវរបស់ សម្តេចព្រះ នរោត្តម សីហនុ ដើម្បី
ប្រឆាំងជាមួយពួកធ្វើរដ្ឋប្រហារខុសច្បាប់ និងការឈ្លានពានរបស់បរទេស។ ពេលចូលដល់ជំរំ ក្នុងព្រៃជ្រៅ មេដឹកនាំ
បានឱ្យពួកខ្ញុំប្រហែលជាង៣០០នាក់ធ្វើប្រវត្តិរូប។ ខ្ញុំពុំចាំថ្ងៃខែកំណើតទេ ដូចនេះខ្ញុំបានយកថ្ងៃ៤មេសា ដែលជាថ្ងៃខ្ញុំចូល
តស៊ូធ្វើជាថ្ងៃកំណើតតែម្តង គឺថ្ងៃ៤មេសា១៩៥២។ ខ្ញុំប្រើថ្ងៃ៤ មេសា ១៩៥២ ជាថ្ងៃកំណើត តាំងពីថ្ងៃ៤ មេសា ១៩៧០ រហូតដល់ថ្ងៃ
៨ ខែមករា ១៩៧៩ ទើបដូរឆ្នាំមក១៩៥១វិញ។ ហេតុអ្វីបានជាដូរឆ្នាំពី១៩៥២ មក ១៩៥១វិញ?។
បន្ទាប់ពីរំដោះកម្ពុជា ចេញពីរបប ប៉ុល ពត ថ្ងៃ៧ មករា ១៩៧៩ ថ្ងៃ៨ មករា ១៩៧៩ យើងបានបង្កើតក្រុមប្រឹក្សាប្រជាជន
បដិវត្តន៍កម្ពុជា ដែលជាឈ្មោះរដ្ឋាភិបាលនាពេលនោះឡើង។ ខ្ញុំត្រូវបានតែងតាំង ជារដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងវ័យមិនទាន់គ្រប់២៧ឆ្នាំផង។
ការដូរពីឆ្នាំ១៩៥២ មក១៩៥១ មានហេតុផលពីរទី១ អ្នកវាយអង្គុលីលេខវាយខុស ហើយយកទៅផ្សព្វផ្សាយ តាមវិទ្យុផ្សាយសំឡេងរួចទៅហើយ។ ទី២ ខ្ញុំមិនព្រមធ្វើការកែតម្រូវដោយសារអាយុជាង២៦ឆ្នាំ ពិតជាក្មេងពេក ប្រៀបជាមួយរដ្ឋមន្ត្រីផ្សេងទៀត ដែលមានអាយុសុទ្ធតែជាង ៤០ ឬជាង៥០ឆ្នាំ។
ពេលខ្ញុំកាន់តំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃ១៤ មករា ១៩៨៥ ខ្ញុំក៏មិនព្រមកែទៀត ដោយសារពេលនោះខ្ញុំក៏ទើបមាន
អាយុជាង៣២ឆ្នាំ ដែលជានាយករដ្ឋមន្ត្រីក្មេងជាងគេ នៅលើលោកនេះនាពេលនោះ។
នេះជាការបំភ្លឺប្រវត្តិនៃថ្ងៃ៤មេសា ដែលខ្ញុំរក្សាទុកថ្ងៃនេះ ជាថ្ងៃកំណើតផ្លូវការ ព្រោះជាថ្ងៃដែលខ្ញុំតាំងចិត្តចូលធ្វើ
កងទ័ពតាមការអំពាវនាវរបស់ព្រះបិតាជាតិ សម្តេចព្រះនរោត្តម សីហនុ៕ដោយ៖កូឡាប