ខេត្តព្រះសីហនុ៖ «ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះ បុគ្គល ឬឈ្មួញ និងមន្ត្រីរដ្ឋាភិបាលកំពុងបំរើការងារ នៅតាមស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ ថ្នាក់ខេត្ត និងទាំងស្ថាប័នស៊ីវិល និងស្ថាប័នកងកម្លាំងប្រដាប់អាវុធ ដែលមានចំណែកដីនៅមាត់បឹងព្រែកទប់ ហើយពេលនេះ មច្ឆិតាប៉ងរំលោភចាក់ដីមាត់បឹងព្រែកទប់ធ្វើកម្មសិទ្ធិ របស់ពួកគេនាពេលកន្លងមក បានក្លាយជាការពិត»។
ផ្តើមពីបញ្ហានេះ មន្ត្រីរាជការថ្នាក់ទាប ជាពិសេសប្រជាពលរដ្ឋភាគច្រើន រស់នៅខេត្តព្រះសីហនុ បានលើកដៃសំពះ ទទូចអង្វរ និងអំពាវនាវជាថ្មីទៀត ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យជួយសង្គ្រោះបឹងព្រែកទប់ ឬបឹងទឹកសាប ដែលត្រូវឈ្មួញ និងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ឃុបឃិតចាក់ដីរំលោភធ្វើកម្មសិទ្ធិកន្លងមក យកមកដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រង និងថែរក្សាអភិរក្ស ឲ្យគង់វង្សទុកសម្រាប់កូនចៅជំនាន់ក្រោយ។
ពួកគេ បង្ហាញការសោកស្តាយ នៅគ្រាសង្កេតឃើញថា បរិវេណដីចំណីមាត់បឹង ឬផ្ទៃរងទឹកភ្លៀង នៃបឹងព្រែកទប់ មានទីតាំងក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ដែលពីមុនមានទំហំរាប់រយហិចតារ ប៉ុន្តែបច្ចុប្បន្ននេះនៅសល់ត្រឹមជាង ១៦ហិចតារតែប៉ុណ្ណោះ។
ពលរដ្ឋខេត្តព្រះសីហនុ បានអះអាងថា នៅមុនមានសកម្មភាពដឹកដីចាក់លុបបឹងរំលោភយកផ្ទៃរងទឹកភ្លៀង ឬដីចំណីមាត់បឹងព្រែកទប់ ធ្វើកម្មសិទ្ធិឯកជន ពីសំណាក់មន្ត្រីរដ្ឋាភិបាល និងឈ្មួញមួយចំនួន បឹងព្រែកទប់នេះមានទំហំរាប់រយហិចតារឯណោះ ហើយពលរដ្ឋខេត្តព្រះសីហនុមួយចំនួន អាចប្រើប្រាស់ទឹកសាបបឹងព្រែកទប់ជាប្រចាំថ្ងៃ។
ប្រជាពលរដ្ឋ ខេត្តព្រះសីហនុ សោកស្តាយ ដែលមហិច្ឆិតា របស់បុគ្គលមួយចំនួន ដែលប៉ុនប៉ងដឹកដីចាក់លុបរំលោភយកមាត់បឹង ឬផ្ទៃរងទឹកភ្លៀងបឹងបឹងព្រែកទប់ធ្វើជាកម្មសិទ្ធិកន្លងមក ពេលនេះជនខិលខូចទាំងនោះ បានសម្រេចគោលបំណង របស់ពួកគេ ជាស្ថាពរហើយ ព្រោះ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តព្រះសីហនុ បានទទួលស្គាល់ និងប្រកាសចេញប្លង់ ឬបណ្ណកម្មសិទ្ធិកាន់កាប់ដីនៅជុំវិញបរិវេណបឹងព្រែកទប់នេះ ជូនបុគ្គលឯកជនប្រើប្រាស់ស្របច្បាប់ថែមទៀត។
«បឹងព្រែកទប់» ដែលជាបឹងទឹកសាប សម្រាប់រួមចំណែកក្នុងការផ្គត់ផ្គង់ទឹកសាប ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខេត្តព្រះសីហនុ បច្ចុប្បន្ននេះ ត្រូវជនមានមហិច្ឆិតាមួយចំនួន បានចាក់ដីរំលោភយកដីចំណីមាត់បឹងធ្វើកម្មសិទ្ធិទាំងស្រុងអស់ទៅហើយ ទោះបីកន្លងមក អតីតអភិបាលខេត្តព្រះសីហនុ លោក សាយ ហាក់ ធ្លាប់បានបញ្ជាឲ្យវាយកំទេចោលសំណង់ផ្ទះវីឡា របស់ លោក ខាត់ ប៊ុណ្ណា មន្ត្រីមន្ត្រីរៀបចំដែនដីខេត្តព្រះសីហនុ ទៅតាមបទបញ្ជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បែបណាក្តី ក៏ប៉ុន្តែដីចំណែកផ្ទះវីឡា របស់ លោក ខាត់ ប៊ុណ្ណា ដែលត្រូវអាជ្ញាធរវាយកំទេចចោល កាលពីពេលមុន ប៉ុន្តែពេលនេះទីតាំងនោះ ត្រូវបានកាន់កាប់ដោយបុគ្គលឯកជនដដែល។
ជាងនេះទៀត ដីចំណីមាត់បឹងព្រែកទប់ ឬផ្ទៃរងទឹកភ្លៀងបឹងព្រែក ដែលជនមានមហិច្ឆិតាចាក់ដីលុបធ្វើកម្មសិទ្ធិ កន្លងមក បច្ចុប្បន្ននេះ ឃើញមានសង់សំណង់រឹងមាំមួយចំនួន នៅមាត់បឹងនេះ ជាបណ្តើរៗហើយដែរ គិតមកដល់ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨។
ពលរដ្ឋខេត្តព្រះសីហនុ បានលើកដៃសំពះ សំណូមពរដល់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យពិចារណានិរាករណ៍រាល់បណ្ណកម្មសិទ្ធិទាំងឡាយណា ដែលបុគ្គលឯកជន រំលោភយកដីចំណីមាត់បឹងព្រែកទប់ធ្វើកម្មសិទ្ធិ ផ្គើនបទបញ្ជា របស់សម្តេច ឲ្យថែរក្សាបឹងទឹកសាបមួយនេះឲ្យគង់វង្ស ត្រូវយកមកដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រងវិញ។ ជាងនេះទៀត ក៏ត្រូវមានវិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលដែលជាប់ពាក់ព័ន្ធសកម្មភាពចូលទៅទន្ទ្រានកាន់កាប់ដីចំណីមាត់បឹងព្រែកទប់នាពេលកន្លងមកឲ្យបានធ្ងន់ធ្ងរ។
បច្ចុប្បន្ននេះ បឹងទឹកសាប ព្រែកទប់ មានទីតាំងនៅក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ត្រូវក្រសួងរៀបចំដែនដី មន្ទីរសុរិយោដីខេត្ត និងរដ្ឋបាលខេត្តព្រះសីហនុជាដើម បានអនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល បានកំណត់រក្សាផ្ទៃបឹងមានទំហំត្រឹមជាង ១៦ហិចតារ (១៦,៣ហិចតារ)តែប៉ុណ្ណោះ ទុកសម្រាប់រក្សាប្រភពទឹកស្អាតនាខេត្តព្រះសីហនុ និងដាក់ឲ្យការពារដោយព្រះរាជ្យក្រឹត្យ។
ចំណែកដីចំណីមាត់បឹង ឬផ្ទៃរងទឹកភ្លៀងបឹងព្រែកទប់រាប់រយហិចតារ នៅជុំវិញបឹងនេះ ត្រូវក្លាយជាកម្មសិទ្ធិឯកជនទាំងស្រុង ហើយត្រូវបុគ្គលទាំងនោះ បានដឹកដីចាក់លុប ដោយពុះច្រៀកជាឡូៗ ហ៊ុំព័ទ្ធរបង ដើម្បីកំណត់ក្បាលដី និងបានសង់សំណង់រឹងមាំ ឬសង់ផ្ទះវីឡាធំស្កឹមស្កៃនៅលើដីនោះថែមទៀតផង។ សកម្មភាពនេះ គឺបានមិនខ្វល់ ឬមិនព្រួយបារម្ភ សូម្បីប៉ុនក្រចកដៃ ទៅនឹងបទបញ្ជារបស់សម្តេច ហ៊ុន សែន ដែលដាក់បទបញ្ជា ជាបន្តបន្ទាប់ ដល់មន្ត្រីក្រោមឱវាទក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវតែរួមសហការគ្នាថែរក្សាបឹងនេះឲ្យបានគង់វង្សនោះទេ។
ពលរដ្ឋខេត្តព្រះសីហនុ ភាគច្រើនដែលតែងជឿជាក់លើការគិតគូរពីសំណាក់ប្រមុខរដ្ឋាភិបាល សម្តេចតេជោហ៊ុន សែន កំពុងងឿងឆ្ងល់ ហើយគិតថា ៖នេះអាចជាការរៀបចំជាខ្សែរយៈមួយធ្វើឲ្យសម្តេចតេជោពុំទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ តាមរបៀប “ត្រីងៀត ឆ្លៀតពង” ពោលគឺព្រះរាជក្រឹតយោងតាមសំណើររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាសេចក្តីសម្រេចរបស់រដ្ឋាភិបាលឲ្យ “រក្សាផ្ទៃបឹងមានទំហំ ត្រឹមជាង ១៦ហិកតា (១៦,៣ហិកតា) តែប៉ុណ្ណោះ។ ហេតុនេះដីផ្សេងៗដែលជាអតីត “ដីរងការរំលោភបំពាន” គេអាចអនុញ្ញាតឲ្យទៅជាស្របច្បាប់បាន។ ដោយរំលងចោល (ឬមិនរាយការណ៍) ពីផលប៉ះពាល់ នៃផ្ទៃដីរងទឹកភ្លៀង ដីចំណីបឹង បណ្តាញទឹកក្រោមដី…ល។ ស្ថិតនៅជុំវិញនោះ ដែលបានរងការចាក់លុបបំពានច្រើនឆ្នាំមកនេះ។
ពលរដ្ឋខេត្តព្រះសីហនុ នៅចងចាំពីបទបញ្ជារបស់សម្តេចតេជោឲ្យអភិបាលខេត្តពេលនោះគឺ ឯកឧត្តម សាយ ហាក់ វាយកម្ទេចចោលសំណង់ផ្ទះវីឡា មន្ត្រីរៀបចំដែនដី ខេត្តព្រះសីហនុ ព្រោះហ៊ានរំលោភយកដីចំណីបឹងនេះ។ សកម្មភាពនោះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋនិងមន្ត្រីរាជការ។
ម្យ៉ាងទៀតផ្ទៃបឹងទំហំ ១៦ហិកតានេះ នឹងពុំប្រាកដថា អាចមានទឹកស្តុកគ្រប់គ្រាន់នារដូវវស្សា ក៏ដូចជាការបំពេញបន្ថែមតាមរយៈលំហូរទឹកក្រោមដីនារដូវប្រាំង សម្រាប់បម្រើដល់ការប្រើប្រាស់ ព្រោះថា ប្រសិនបើគ្មានផ្ទៃរងទឹកភ្លៀងនឹងត្រូវហ៊ុមព័ទ្ធដោយសំណង់រឹងមាំធំៗនោះ។
គ្រាន់តែចង់និយាយថា ៖ បឹងនេះគឺធម្មជាតិបង្កើតឡើង អ្វីៗវាអនុលោមតាមក្រិតក្រម ហេតុនេះគប្បីត្រូវគិតគូរឲ្យបានម៉ត់ចត់៕ ដែន សីមា