ខេត្តស្វាយរៀង ៖ កម្លាំងសមត្ថកិច្ចជំនាញខេត្តស្វាយរៀង កាលពីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០នេះ បានធ្វើការបញ្ជូនជនជាតិវៀតណាម ប្រុស-ស្រី ចំនួន៣នាក់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធីច្បាប់ក្នុង ករណី រក្សាទុក ជួញដូរគ្រឿងញៀន និងកែច្នៃសារធាតុគីមីផ្សំខុសច្បាប់។
លោក កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជានាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំ លោកស្នងការនគរបាលខេត្ត កាលពីថ្ងៃទី៣១ មីនា រហូតដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន ដឹកនាំដោយរូបលោក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត រដ្ឋបាលក្រុងបាវិត និងស្ថិតក្រោមការសម្របសម្រួលពី លោក ខាំ សុផារី ព្រះរាជអាជ្ញា លោក ស៊ន មុនី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀន និងកែច្នៃសារធាតុគីមីផ្សំខុសច្បាប់ចំនួន៣ទីតាំងផ្សេងគ្នា ក្នុងនោះរួមមាន ៖
ទីតាំងទី១.នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ទីតាំងទី២.នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ទីតាំងទី៣.នៅចំណុចសណ្ឋាគារ សុបិនពិសេស ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយក្នុងកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាមេខ្លោង និងបក្ខពួកចំនួន៣នាក់ ស្រី១នាក់ (ជាជនជាតិវៀតណាម)។ ទី១.ឈ្មោះ ត្រឹង វឹកភូ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម (ជាមេខ្លោង), ទី២.ឈ្មោះ វ៉ូ ហ័រធឿង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម និង ទី៣.ឈ្មោះ ង៉ូ ធីអៀងថាន់ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិវៀតណាម។ ចំពោះវត្ថុតាង ដែលពាក់ព័ន្ធក្នុងបទល្មើសសរុបទាំង៣ទីតាំង រួមមាន ៖ សារធាតុញៀនសរុបទម្ងន់ ១៤៩៥,៧១(ក្នុងនោះ)មេតំហ្វេតាមីន (ICE) ទម្ងន់៦៧៣,៤៣ក្រាម, អ៊ិចស្តាស៊ី (MDMA) ទម្ងន់៥៧០,៤៨ក្រាម, តាមីន (Ketamine) ទម្ងន់២៥១,៨០ក្រាម សារធាតុមិនទាន់ច្បាស់លាស់ ទម្ងន់២៤៤៩,៨២ក្រាម, រថយន្ត៤គ្រឿង, ម៉ូតូ១គ្រឿង, ជញ្ជីងថ្លឹងថ្នាំ២គ្រឿង រួមនឹងសម្ភារវេចខ្ចប់ ឧបករណ៍ជក់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ៕ដោយ៖ វ៉ៃកូ