ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តជូនជ័យលាភីកីឡាករ កីឡាការិនី គ្រូបង្វឹក និងគ្រូជំនួយ ក្នុងការប្រកួតកីឡាអន្តរជាតិនានាក្នុងឆ្នាំ ២០១៧ ចំនួន៥ប្រភេទ កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។
លោកបណ្ឌិតសភាចារ្យ បានថ្លែងថា ការប្រគល់ប្រាក់រង្វាន់ ដល់កីឡាករ គ្រូបង្វឹក និងគ្រូជំនួយ ត្រូវបានធ្វើឡើងក្នុងគោលដៅលើកទឹកចិត្ត និងដើម្បីលើកស្ទួយវិស័យកីឡាកម្ពុជា ឱ្យកាន់តែមានសន្ទុះរីកចម្រើន ឈានទៅឈោងចាប់ឱកាសក្នុងការប្រកួតកីឡាថ្នាក់អន្តរជាតិលំដាប់កំពូលៗ ដើម្បីលើកកិត្តិយសជាតិ។
លោកបញ្ជាក់ថា “ការយឺតយ៉ាវនេះ គឺមកពីមិនទាន់មានថវិកា”។ លោកបន្តថា ឆ្នាំនេះ ថវិកាសម្រាប់ប្រាក់រង្វាន់ មានមិនដល់១.០០០.០០០ដុល្លារនោះទេ តែការចំណាយលើរង្វាន់ដល់ទៅ៣.០០០.០០០ដុល្លារឯណោះ។ លោកបន្តថាគ្រាន់តែមួយប្រភេទនោះរដ្ឋាភិបាលចំណាយលុយជាង១.០០០.០០០ដុល្លារ សម្រាប់ប្រាក់រង្វាន់ អីចឹងហើយទើបប្រភេទកីឡាដទៃទៀត មានការយឺតយ៉ាវបែបនេះ៕ ដោយ៖បញ្ញាស័ក្តិ