ភ្នំពេញ ៖ ជនសង្ស័យជាឃាតកបាញ់សម្លាប់ លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥នោះ ពេលនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ។ នេះបើតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិដែលបានប្រាប់សារព័ត៌មានក្នុងស្រុកមុននេះបន្ដិច។
ជននេះមានឈ្មោះ អេកាឡាក់ ភាណយ (Ekkalak Pheanou) ខណៈអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ដើម្បីបញ្ជាក់លម្អិត នាពេលឆាប់ៗ ខាងមុខនេះ។
ជនសង្ស័យជាឃាតក ត្រូវបានសមត្ថកិច្ចនគរបាលកម្ពុជា ចាប់ឃាត់ខ្លួនបានហើយនៅចំណុច ផ្លូវជាតិលេខ៥ ភូមិព្រៃស្វាយ ស្រុក មោងឫស្សី ខេត្ត បាត់ដំបង វេលាម៉ោង ១រសៀល ថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២៥ បន្ទាប់ពីជនសង្ស័យរូបនេះ គេចខ្លួនចូលមកប្រទេសកម្ពុជា ។ ខណៈមូលហេតុ នៃការបាញ់សម្លាប់មិនទាន់ដឹងនៅឡើយ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី