គូស្នេហ៍ជនជាតិវៀតណាមមួយគូ បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតភ្ញាក់ផ្អើល ខណៈបានដឹងថា ពិធីមង្គលការរបស់ពួកគេពោរពេញទៅដោយភាពអធិកអធម ដើម្បីស្វាគមន៍ឆ្នាំថ្មី ជាមួយគ្រឿងតុបតែងលម្អ និងថ្លៃបណ្ណាការដ៏មិនធម្មតា ដែលស័ក្តិសមនឹងអ្នកជំនួញធំៗពីរមែន! ខណៈកូនក្រមុំគឺជាកូនស្រីរបស់ម្ចាស់ក្រុមហ៊ុនសំណង់មួយកន្លែង នៅក្នុងខេត្ត Hue Giang ចំណែកកូនកំលោះវិញ ជាកូនប្រុសរបស់ម្ចាស់ហាងមាសដ៏ល្បីល្បាញមួយក្នុងខេត្ត Can Tho ។
គេបានរកឃើញថា កាដូដ៏ពិសេសដែលម្តាយរបស់កូនកំលោះរៀបចំ ដើម្បីស្វាគមន៍កូនប្រសាស្រីនោះ គឺជាប័ណ្ណកម្មសិទ្ធិសម្រាប់សណ្ឋាគារមួយ នៅកណ្តាលខេត្ត Can Tho រួមជាមួយនឹងវិមានដ៏ស្ដុកស្ដម្ភតម្លៃ ១៩ ពាន់លានដុង (ជិត ១ លានដុល្លារ) ។
លើសពីនេះ ក៏មានប្រាក់បណ្ណាការចំនួន ៦០០ លានដុង (ជាង ២ ម៉ឺនដុល្លារ) ជាសាច់ប្រាក់, មាស ១០០ ដុំ គ្រឿងអលង្ការមាស និងគ្រឿងអលង្ការពេជ្រ ៥ ឈុត។ សុរបតម្លៃបណ្ណាការ និងអំណោយរបស់ម្តាយកូនកំលោះ គឺមានចំនួនរហូតដល់ទៅប្រហែល ៥០ ពាន់លានដុង (ជិត ២ លានដុល្លារ)។
ពិធីរៀបអាពាហ៍ពិពាហ៍នេះ ត្រូវបានធ្វើនៅផ្ទះកូនក្រមុំ។ តាមរូបភាពដែលបានបង្ហាញនោះបានបង្ហាញពីជីវិតដ៏ប្រណិតរបស់គ្រួសារកូនក្រមុំយ៉ាងស្រស់បំព្រង ខណៈការតុបតែងនៅក្នុងពិធីនោះមានរចនាបថលោកខាងលិច។ រីឯសាលព្រឹត្តិការណ៍ត្រូវបានតុបតែងលម្អ ដោយផ្កាពណ៌ក្រហមស្រស់ ដែលត្រូវបានតុបតែងយ៉ាងស្រស់ស្អាត។ នៅខាងក្នុងផ្ទះ ក៏មានការតុបតែងដូចជាតុ និងកៅអី ធ្វើពីឈើឆ្លាក់ ដែលស័ក្តិសមជាទ្រព្យសម្បត្តិរបស់ឧកញ៉ាក្រុមហ៊ុនសំណង់មែន!។
ពិតណាស់ រូបថតគូស្នេហ៍មួយគូនេះ បន្ទាប់ពីត្រូវបានបង្ហាញនៅលើអ៊ីនធឺណិត បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈប្រជាជនវៀតណាម បានសម្តែងនូវការសរសើរថា សមគ្នាឥតខ្ចោះ និងក៏សរសើរចំពោះងថ្លៃបណ្ណាការដ៏សប្បុរស ដែលម្តាយរបស់កូនកំលោះ នាំយកទៅប្រគល់ជូនដល់ដៃកូនក្រមុំនៅផ្ទះ៕