ភ្នំពេញ៖ លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនបណ្តោយឲ្យក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air មានវាសនាដូចក្រុមហ៊ុនអាកាសចរណ៍ Royal Air Cambodge នោះឡើយ។
ការថ្លែងយ៉ាងដូច្នេះរបស់ លោក ស៊ីន ចាន់សិរីវុត្ថា ធ្វើឡើងក្នុងសន្និសីទស្ដីពី “វឌ្ឍនភាព ទិសដៅការងារបន្ដ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល” ដែលរៀបចំឡើងដោយអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ។
លោក ចាន់សិរីវុត្ថា បានឲ្យដឹងថា៖ “រាជរដ្ឋាភិបាលមានវិធីសាស្ដ្រផ្សេងៗ ដើម្បីឲ្យក្រុមហ៊ុន Cambodia Angkor Air រស់បាន និងមានកំណើនច្រើនជាងក្រុមហ៊ុនផ្សេងៗ ប៉ុន្ដែចំពោះយុទ្ធសាស្ដ្រនេះជាអ្វី គឺមិនអាចជម្រាបបាននោះឡើយ”។
លោកបន្ដថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air គឺរដ្ឋមិនមានគោលដៅណាមួយ ទាញយកមកកាន់កាប់១០០% ដោយខ្លួនឯងនោះទេ ព្រោះជាក្រុមហ៊ុនរបស់រដ្ឋចម្រុះជាមួយឯកជន។
លោកបានបន្ថែមថា ក្រុមហ៊ុន Cambodia Angkor Air មានភាគហ៊ុន៣ចំណែករួមមាន៖ ភាគហ៊ុនរដ្ឋ, ភាគហ៊ុនឯកជន និងភាគហ៊ុន Vietnam Airlines ប៉ុន្ដែថ្មីៗនេះក្រុមហ៊ុន Cambodia Angkor Air ខាងឯកជន និងវៀតណាម បានលក់ភាគហ៊ុនឲ្យអ្នកវិនិយោគថ្មី ប៉ុន្ដែទាក់ទងនឹងការលក់ភាគហ៊ុននេះ លោកក៏មិនមានព័ត៌មានលម្អិតនោះឡើយ។ សូមជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ (Cambodia Angkor Air) ត្រូវបានបង្កើតឡើងនៅ ឆ្នាំ២០០៩ ជំនួសក្រុមហ៊ុនអាកាសចរណ៍ជាតិ រ៉ូយ៉ាល់អ៊ែរកាំបូដ (Royal Air Cambodge) ដែលបានក្ស័យធននៅឆ្នាំ២០០១៕ដោយ៖សម្ផស្ស