ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង រីថែល បានអះអាងពីភាពវិជ្ជមាន នៃការវិនិយោគលើមណ្ឌលផ្សារទំនើប ក្នុងរាជធានីភ្នំពេញ ដោយសារមើលឃើញពីទីផ្សារធំទូលាយ និងកំណើននៃនគរូបនីយកម្មយ៉ាងឆាប់រហ័ស។
នាយកគ្រប់គ្រងផ្សារទំនើបរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល លោក Michael Vong បានបញ្ជាក់ថា បច្ចុប្បន្នការលក់ដូរទំនិញ នៅផ្សារទំនើប មានត្រឹមតែប្រមាណ៣០ភាគរយប៉ុណ្ណោះ ខណៈដែលការលក់រាយ នៅតាមផ្សារធម្មតា មានរហូតដល់៧០ភាគរយ ដែលនេះផ្ដល់ឱកាសច្រើន ក្នុងការវិនិយោគក្នុងវិស័យផ្សារទំនើប។
លោក Michael Vong បានបញ្ជាក់ថា៖ “យើងនៅមានឱកាសច្រើន ដើម្បីអភិវឌ្ឍវិស័យនេះ ហើយយើងត្រូវធ្វើយ៉ាងម៉េចឲ្យអត្រាភាគរយ នៃការលក់ដូរក្នុងផ្សារទំនើបនេះ កើនឡើង”។
លោក Michael Vong បានសង្កេតឃើញថា អត្រានគរូបនីយកម្មរបស់ប្រទេសកម្ពុជា កើនឡើងប្រហែល២០ភាគរយជារៀងរាល់ឆ្នាំ ដោយមានមនុស្សជាច្រើន បានផ្លាស់ប្ដូរមករស់នៅទីក្រុង ដែលធ្វើឲ្យរាជធានីភ្នំពេញរីកធំទៅៗ ជាពិសេសប្រជាពលរដ្ឋជំនាន់ថ្មី ដែលកំពុងតែកើនឡើង។
ទាំងមណ្ឌលផ្សារទំនើប និងផ្សារទំនើប ជីប ម៉ុង កំពុងចាប់យកទីផ្សារ និងបំពេញតាមតម្រូវការទាំងនេះ។
លោក Michael Vong បានបញ្ជាក់ថា ការវិនិយោគនៅក្នុងវិស័យផ្សារទំនើបរបស់ ជីប ម៉ុង រីថែល នឹងធ្វើទៅព្រមគ្នាទៅនឹងគម្រោងផ្សេងៗរបស់ ជីប ម៉ុង ដោយនៅគ្រប់គម្រងលំនៅឋានប្រណិតរបស់ ជីប ម៉ុង លែន នីមួយៗគឺសុទ្ធសឹងតែភ្ជាប់ មកជាមួយនូវគម្រោងផ្សារទំនើបរបស់ ជីប ម៉ុង រីថែល។
អាស្រ័យទៅលើលក្ខខណ្ឌអំណោយផលទាំងនេះ នៅក្នុងរយៈពេល៣ឬ៥ឆ្នាំទៅមុខ នឹងអាចមើលឃើញវត្តមានផ្សារទំនើបថ្មីៗ ជាច្រើនចាប់កំណើត ជាពិសេសផ្សារទំនើបរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល នេះតែម្តង៕ដោយ៖សម្ផស្ស