ភ្នំពេញ ៖ ក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក.) រួមជាមួយក្រុមហ៊ុនហ្គ្រីនត្រេដ បានទទួលជួបពិភាក្សាជាមួយអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើតប្រចាំប្រទេសកម្ពុជា អំពីលទ្ធភាពនៃការធ្វើពាណិជ្ជកម្ម ផ្គត់ផ្គង់អង្ករកម្ពុជាឲ្យទៅទីម័រខាងកើត តបតាមការស្នើសុំពីទីម័រខាងកើត ដើម្បីទប់ស្កាត់ការខ្វះខាតអង្ករ ដោយសារជំងឺកូវីដ១៩។ ជំនួបនេះធ្វើឡើងនារសៀលថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំកុរ ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។
កិច្ចប្រជុំជាផ្លូវការនេះ គឺធ្វើឡើងតបតាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ហើយមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗ ដែលមានដូចជា សហព័ន្ធស្រូវអង្ករកម្ពុជា ដែលដឹកនាំដោយឧកញ៉ា ហ៊ុនឡាក់ ប្រធានក្រុមប្រឹក្សាភិបាល ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធ និង លោក លន់ យ៉េង អគ្គលេខាធិការនៃស.អ.ក. រួមជាមួយក្រុមហ៊ុនហ្គ្រីនត្រេដ ដែលមាន ឯកឧត្តម ចាន់ សុខទី ជាអគ្គនាយកក្រុមហ៊ុនហ្គ្រីនត្រដ ចំណែកឯភាគីខាងទីម័រខាងកើត ដឹកនាំដោយ ឯកឧត្តម អ៊ែម៊ែនែហ្សីលឌូ គូបប៉ា ឡូប៉េស (ERMENEGILDO KUPA LOPES) អគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំកម្ពុជា និងមន្ត្រីលេខាទូតចំនួនពីររូបទៀត។
ឆ្លើយតបទៅនឹងសំណើរនាំចេញអង្ករកម្ពុជាទៅទីម័រខាងកើតនេះ ខាងភាគីកម្ពុជាបានស្នើសុំឲ្យភាគីទីម័រខាងកើតបញ្ជូនលិខិតជាផ្លូវការតាមរយៈក្រសួងការបរទេស ដោយបញ្ជាក់លើបរិមាណ រយៈពេលនៃការផ្គត់ផ្គង់ និងលក្ខខណ្ឌផ្សេងៗនៃការផ្គត់ផ្គង់ ដូចជាការវេចខ្ចប់ ការដឹកជញ្ជូននិងប្រភេទអង្ករ ដែលត្រូវការជាដើម ហើយខាងភាគីកម្ពុជានឹងរង់ចាំសហការ និងអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលជានិច្ច៕ ដោយ៖កូឡាប