បាត់ដំបង៖ អាជ្ញាធរខេត្តស្រះកែវ(ថៃ) បានស្នើសុំអាជ្ញាធរខេត្តបាត់ដំបង(កម្ពុជា) ដើម្បីសម្របសម្រួល បើកប្រើប្រាស់ច្រកអន្តរជាតិខៅឌីន ឬច្រកភ្នំដីគីឡូ១៣ ស្រុកសំពៅលូន ដោះស្រាយពីបញ្ហាការលំបាក ទាក់ទិននិងជីវភាពប្រចាំថ្ងៃ តាមគោលការណ៍មនុស្សធម៌ ដែលជាគោលបំណងចម្បងរបស់ខាងភាគីខថៃ ដើម្បីតែការនាំចេញនូវសត្វជ្រូក តាមច្រកទ្វារព្រំដែនអន្តរជាតិ “បានខៅឌីន” ស្រុកខ្លងហាត (ថៃ) និង”ច្រកភ្នំដី-គីឡូ១៣” ស្រុកសំពៅលូន (កម្ពុជា)តែប៉ុណ្ណោះ។
កន្លងមកអភិបាលខេត្តស្រះកែវ និងជាប្រធានគណៈបញ្ជាការស្ថានការណ៍ ក្នុងគ្រាអាសន្ននៃខេត្តស្រះកែវ និងតាមការឯកភាព របស់ គណៈកម្មការរោគឆ្លងខេត្តស្រះកែវ បានលុបចោលនូវបទបញ្ជារបស់ខ្លួន និងបានកំណត់ឲ្យប្រើប្រាស់នូវឃ្លាខាងក្រោម ដោយកំណត់ឲ្យ ស្រុកខ្លងហាត ខេត្តស្រះកែវ ដែលមានច្រកទ្វារអន្តរជាតិខៅឌីន ត្រូវបានលើកលែងឲ្យឆ្លងកាត់ ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ពីម៉ោង៦ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់ ដោយកំណត់និងអនុញ្ញាត ទី១-រថយន្តដឹកញ្ជូនសត្វជ្រូកនិងមនុស្សតែ១នាក់ ប្រចាំរថយន្តដឹកសត្វជ្រូក ដោយត្រូវអនុវត្តតាមវិធានការ ការពាររោគឆ្លងរបស់ក្រសួងសុខាភិបាល និងច្បាប់ពាក់ព័ន្ធក្នុងការដឹកជញ្ជូន
សត្វជ្រូកឲ្យបានម៉ឺងមាត់។ ទី២-រថយន្តចេញទៅដឹកញ្ជូន ដើម្បីដឹកជញ្ជូននូវទំនិញមានដូចជា គ្រាប់ពោតក្រហមចំណីសត្វ ផ្លែស្វាយស្រស់និងម្ទេស ដើម្បីត្រឡប់ចូលមកវិញ និងអនុញ្ញាតឲ្យមនុស្សក្នុងរថយន្ត បានតែចំនួន២នាក់ ដោយត្រូវអនុវត្តតាមវិធានការ ការពាររោគឆ្លងរបស់ក្រសួងសុខាភិបាល និងច្បាប់ពាក់ព័ន្ធពីការដឹកជញ្ជូនទំនិញនាំចូលឲ្យបានម៉ឺងមាត់។ ការលើកលែងឲ្យមានការបើកច្រកខាងលើនេះ ធ្វើឡើង បន្ទាប់ពីមានកិច្ចជំនួប រវាងមន្ត្រីច្រកទ្វារទាំង២ នៃរដ្ឋបាលខេត្តស្រះកែវ (ភាគីថៃ) និងរដ្ឋបាលខេត្តបាត់ដំបង (កម្ពុជា) ដើម្បីសម្របសម្រួល បើកច្រកទ្វារព្រំដែនអន្តរជាតិខៅឌីន ក្នុងស្រុកខ្លងហាត នៃខេត្តស្រះកែវ និងច្រកភ្នំដី-គីឡូ១៣ នៃស្រុកសំពៅលូន របស់ខេត្តបាត់ដំបង។
ក្រោយពីជំនួបរវាងមន្ត្រីច្រកទាំង២ ច្រកអន្តរជាតិ នៃខេត្តស្រះកែវ និងខេត្តបាត់ដំបង បានចាប់ដំណើរការដឹកជញ្ជូនទៅមក កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ រហូតមក។ បើតាមការឲ្យដឹងពីអ្នកសម្របសម្រួល បើកច្រកទ្វារខាងលើនេះ បានឲ្យដឹងថា ការស្នើសុំបើកច្រកទ្វារព្រំដែនអន្តរជាតិ ខៅឌីន-ភ្នំដី គីឡូ១៣ ស្ថិតជាប់និងភូមិសាស្ត្រស្រុកសំពៅលូន របស់ ខេត្តបាត់ដំបង គឺធ្វើឡើង ដោយខាងភាគីថៃស្នើសុំមកកម្ពុជាមុន ក្នុងខណៈដែលប្រទេសថៃនិងកម្ពុជា ជួបនូវបញ្ហាពីការរាតត្បាត ជាសកលនៃការឆ្លង និងចម្លងពីមេរោគកូរ៉ូណា Covid-19 កន្លងមក។ ភាគីថៃ បានប្រកាសដាក់ប្រទេស ក្នុងគ្រាអាសន្ននិងបានបិទច្រកទ្វារព្រំដែនទាំងអស់ ដែលជាប់នឹងព្រំដែនកម្ពុជា ជាឯកតោភាគី និងធ្វើលិខិតជូនដំណឹង ជាក្រោយ ដល់មន្ត្រីគ្រប់គ្រងច្រកទ្វារព្រំដែនក្នុងភូមិសាស្ត្រកម្ពុជា ដែលជាប់ អាជ្ញាធរខេត្តស្រះកែវ(ថៃ) ស្នើសុំអាជ្ញាធរខេត្តបាត់ដំបង(កម្ពុជា) ដើម្បីបើកប្រើប្រាស់ច្រកអន្តរជាតិខៅឌីន(ច្រកភ្នំដី គីឡូ១៣ស្រុកសំពៅលូន)៕ ដោយៈអ៊ុងសារុំ