ភ្នំពេញ៖ បច្ចប្បន្ននេះ ការលក់ដូរទំនិញនៅផ្សារទំនើបនានា ក្នុងប្រទេសកម្ពុជា មានប្រមាណ ៣០ភាគរយ ខណៈការលក់រាយនៅតាមផ្សារធម្មតា មានរហូតដល់ ៧០ ភាគរយ។ នេះបើតាមការឲ្យដឹងពីលោក Michael Vong នាយកគ្រប់គ្រងផ្សារទំនើប ជីប ម៉ុង រី ថែល។ លោកចំណែកទីផ្សារនេះ នឹងផ្ដល់ឱកាសច្រើន ទៅលើការវិនិយោគក្នុងវិស័យផ្សារទំនើបនៅកម្ពុជា។
វត្តមានផ្សារទំនើបថ្មីៗជាច្រើននៅកម្ពុជា បានចាប់កំណើតជាបន្តបន្ទាប់ ដូចជា ក្នុងនោះមាន ផ្សារទំនើបជីប ម៉ុង ដែលកំពុងពង្រីកខ្លួន ជាមួយផ្សារទំនើបទំនើបអ៊ីអន ផ្សារទំនើបឡាក់គី និងផ្សារទំនើបជាច្រើនទៀត។
អ្នកជំនាញអចលនទ្រព្យ បានឲ្យដឹងថា គម្រោងផ្សារទំនើបជាច្រើន នឹងបន្តលេចចេញជារូបរាងនៅប្រទេសកម្ពុជា ជាពិសេស នៅរាជធានីភ្នំពេញ ដែលនឹងជំរុញឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង ខណៈ ដែលគម្រោងផ្សារទំនើបថ្មីៗ ចំនួន១០បន្ថែមទៀត គ្រោងនឹងបញ្ចប់ការសាងសង់ នៅឆ្នាំ២០២០នេះ។
អ្នកជំនាញ បានអះអាងថា ការបង្កើតឱ្យមានផ្សារទំនើបច្រើន នឹងធ្វើឱ្យមានការប្រកួត ប្រជែងកាន់តែខ្លាំង តែបច្ចុប្បន្ននេះ ផ្សារទំនើបអីអន កំពុងតែលេចធ្លោខ្លាំងក្នុងចំណោមផ្សារទំនើប ផ្សេងទៀត។
លោក ច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជា បានឲ្យដឹងថា នៅពេល មាន គម្រោងវិនិយោគផ្សារទំនើបកាន់តែច្រើន នឹងផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋ ដែលធ្លាប់តែ ទិញលក់ទំនិញនៅតាមផ្សារប្រពៃណី មកទិញលក់នៅផ្សារទំនើបវិញ ដែលនេះបង្ហាញពីអនាម័យ និង បង្កើនការប្រើប្រាស់គុណភាពទំនិញ ដែលអាចចូលរួមថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ ៕ ដោយ ៖ វីដា