ភ្នំពេញ៖ លោក ជំទាវ Carmen Morono ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា សហភាពអឺរ៉ុប ទើបតែអនុម័តអនុញ្ញាតឲ្យបង្វែរហិរញ្ញប្បទានឥតសំណងសរុបចំនួន ៥៦លានអឺរ៉ូ ពីកម្មវិធី កំពុងដំណើរការមួយចំនួន ដែឡហិរញ្ញប្បទានដោយសហភាពអឺរ៉ុប សម្រាប់យកមកហិរញ្ញប្បទានលើវិស័យគាំពារសង្គមដែឡការងារអាទិភាព និងបន្ទាន់របស់រាជរដ្ឋាភិបាលក្នុងការស្តារសម្បទានសេដ្ឋកិច្ច សង្គមឡើងវិញពីវិបត្តិនៃជំងឺកូវីដ ១៩នេះ។
លោក ជំទាវអគ្គរដ្ឋទូតបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងបញ្ហាវិបត្តិនៃជំងឺកូវីដ ១៩នេះ និងបានថ្លែងបញ្ជាក់អំពីរជំហរគាំទ្រ យ៉ាងពេញទំហឹងរបស់ សហភាពអឺរ៉ុប ក្នុងការចូលរួមចំណែកគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសម្បទាសេដ្ឋកិច្ច សង្គម ដែលរងផលប៉ះពាល់ពីនៃជំងឺវិបត្តិនៃជំងឺកូវីដ១៩នេះ។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីនិងជា រដ្ឋមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្លែងអំណរគុណចំពោះ កិច្ចសហប្រតិបត្តិការ រឹងមាំកន្លងមករបស់សហភាពអឺរ៉ុប ជាមួយនឹងកម្ពុជា ជាពិសេស ស្វាគមន៍ចំពោះការចូលរួមចំណែកនៅក្នុងគ្រាលំបាកនេះ។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្នុងការអនុវត្តវិធានការស្តារសេដ្ឋកិច្ចសង្គម ពីផលប៉ះពាល់នៃជំងឺ កូវីដ១៩ រដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារ ចំនួន៤ រួមមាន៖ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងការផ្គត់ ផ្គង់ និងថ្លៃទំនិញយុទ្ធសាស្ត្រក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩, ក្រុមការងារចំពោះកិច្ចរៀបចំ គ្រប់គ្រងយន្តការជំនួយសង្គមក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ និង ក្រុមការងារគ្រប់គ្រងគោល នយោបាយ ថវិកា ហិរញ្ញប្បទាន និងជំនួយសង្គម ដើម្បីគ្រប់គ្រងការប្រយុទ្ធនឹងជំងឺ កូវីដ១៩ និង ក្រុមការងារបច្ចេកទេសចម្រុះ ចំពោះកិច្ចសិក្សារៀបចំដាក់ចេញនូវកញ្ចប់វិធានការខាងរូបិយវត្ថុ និងធនាគារ ដើម្បីគ្រប់គ្រងនិងដោះស្រាយផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺកូវីដ ១៩ និងការព្យួរប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញមួយចំនួនក្នុងក្របខ័ណ្ឌ ទំនិញគ្រប់យ៉ាងលើកលែងតែសព្វាវុធផងដែរ៕ដោយ៖សម្ផស្ស