ភ្នំពេញ៖ ធនាគារ ភីភីស៊ីប៊ែង (PPCBank) បានចុះបញ្ជីសញ្ញាប័ណ្ណសាជីវកម្ម ដំបូងរបស់ខ្លួនជាផ្លូវការ នៅផ្សារមូលបត្រកម្ពុជា នៅថ្ងៃអង្គារ៍ ទី២១ ខែមេសា ឆ្នាំ២០២០នេះ បន្ទាប់ពីទទួលបានការអនុម័ត លើលទ្ធផល នៃការជាវនិងការបែងចែក ពីគណៈកម្មការមូលបត្រកម្ពុជា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០កន្លងទៅ។
ធនាគារ ភីភីស៊ីប៊ែង បានប្រមូលទុនចំនួន ៤០ពាន់លានរៀល (១០លានដុល្លារអាមេរិក) ក្នុងដំណាក់ទី១ ចំពេលនៃការរាតត្បាតជំងឺកូវីដ១៩។ ក្នុងដំណាក់កាលទី១ ក្រុមវិនិយោគិន បានទិញសញ្ញាប័ណ្ណសាជីវកម្ម ដែលមានការការពារហានិភ័យអត្រាប្តូរប្រាក់ មានអត្រាគូប៉ុងចុងក្រោយប្រចាំឆ្នាំ ៦,៥ភាគរយ និងមានរយៈពេល៣ឆ្នាំ។ មូលបត្របំណុលសរុប ៤០០.០០០ ត្រូវបានធ្វើការជួញដូរ នៅក្នុងដំណាក់ទី១ ដែលមានតម្លៃ១ម៉ឺនរៀល ក្នុងមួយមូលបត្របំណុល។ ធនាគារ ភីភីស៊ីប៊ែង គ្រោងនឹងប្រមូលទុនឱ្យបាន ៤០ពាន់លានរៀល បន្ថែមទៀត ក្នុងដំណាក់កាលទី២ នៅប្រមាណរយៈពេល៦ខែខាងមុខ ដោយតាមដានដោយប្រុងប្រយ័ត្ននូវការវិវឌ្ឍនានា ក្នុងស្ថានភាពនៃជំងឺកូវីដ១៩។
លោក Shin Chang Moo នាយកប្រតិបត្តិធនាគារ ភីភីស៊ីប៊ែង បានលើកឡើងថា ការចុះបញ្ជីសញ្ញាប័ណ្ណសាជីវកម្មរបស់យើងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ របស់ធនាគារ ភីភីស៊ីប៊ែង។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះនិយ័តករ វិនិយោគគិន និងអ្នកផ្តល់ប្រឹក្សាទាំងអស់ ដែលបានធ្វើឱ្យការបោះផ្សាយមូលបត្រលើកទី១ របស់យើង ប្រព្រឹត្តទៅដោយជោគជ័យ ចំពេលនៃភាពមិនប្រាកដប្រជាខ្ពស់ និង ការប្រែប្រួលនៅក្នុងទីផ្សារ ដែលការធានាបាននូវសុវត្ថិភាពសាច់ប្រាក់ មានសារសំខាន់ជាងពេលណាទាំងអស់។
ធនាគារ ភីភីស៊ីប៊ែង ជាគ្រឹះស្ថានហិរញ្ញវុត្ថុមួយ ក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុតិចតួចបំផុត ដែលអាចទទួលបានប្រភពទុនថ្មីបំផុតមួយទៀត ក្នុងរយៈពេលវែងឆ្ងាយ។ តាមរយៈការបោះផ្សាយមូលបត្របំណុលនេះ យើងអាចបង្កើតទំនាក់ទំនងថ្មីមួយទៀត ជាមួយនឹងក្រុមសហគ្រិនទាំងក្នុងស្រុក និងក្រៅប្រទេស។
លោក Shin Chang Moo ថា៖ “ខ្ញុំជឿជាក់ថា នេះគឺជាលើកទីមួយហើយ ដែលមានក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកមួយ វិនិយោគលើមូលបត្របំណុល ក្នុងនាមជាវិនិយោគិនចម្បង។ យើងជឿជាក់ថា ការចុះបញ្ជីសញ្ញប័ណ្ណសាជីវកម្ម របស់យើង នឹងចូលរួមចំណែកយ៉ាងសំខាន់ ដល់ការពង្រីកកេរ្តិ៍ឈ្មោះ របស់ធនាគាររបស់យើង ដែលមិនត្រឹមតែជាធនាគារពាណិជ្ជ ឈានមុខគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូជឿទុកចិត្ត ជាមួយនឹងប្រតិបត្តិការ ផ្តោតសំខាន់លើអតិថិជន ការច្នៃប្រឌិត និងតម្លាភាពផងដែរ”។
លោកបន្ថែមទៀតថា៖ “ស្ថិតក្នុងដំណាក់កាលដំបូង នៃការវិវឌ្ឍរបស់មូលបត្របំណុល ទីផ្សារមូលធននៅកម្ពុជា ត្រូវបានប៉ាន់ស្មានថា នឹងផ្តល់ជូនយើងនូវភាពបត់បែន និងស្ថិរភាពបន្ថែមទៀត ទាក់ទងនឹងការផ្តល់មូលនិធិ សម្រាប់រយៈពេលមធ្យម និងរយៈពេលវែង” ៕ដោយ៖សម្ផស្ស