ភ្នំពេញ៖ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២០ បានទទួលយកអំណោយជាទឹកថ្នាំលាងដៃចំនួន ១០តោន ម៉ាស៊ីនបាញ់ថ្នាំសម្លាប់កូវីដ ចំនួន១០គ្រឿង និងសាប៊ូជាង១ម៉ឺនដុំ ពីក្រុមហ៊ុន Zhenghaina industry (ជឹងហៃណា អ៉ិនដាសស្ទ្រី) ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យបរិស្ថាននៅកម្ពុជា ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនិងការរីករាតត្បាតជំងឺកូវីដ១៩។
លោក ជ្រិន សុខា អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុនៃក្រសួងបរិស្ថាន តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់ក្រុមហ៊ុន (ជឹងហៃណា អ៉ិនដាសស្ទ្រី) ដែលបានចែករំលែកចូលរួមជាមួយក្រសួង ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃវីរុសកូវីដ១៩ នៅកម្ពុជា។
លោក Gu Chun Yao (គួរ ជុន យ៉ាវ) ប្រធានក្រុមហ៊ុន Zhenghaina industry (ជឹងហៃណា អ៉ិនដាសស្ទ្រី) បានថ្លែងថា ការប្រគល់នូវម៉ាស៊ីន និងសម្ភារសម្លាប់មេរោគជូន ដល់ក្រសួងបរិស្ថាននេះ គឺធ្វើឡើងស្របតាមទឹកចិត្តដ៏ប្រពៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅពេលដែលប្រទេសចិន កំពុងតែជួបនូវវិបត្តិរីករាលដាលវីរុស COVID-19 គឺសម្តេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំបរទេសទី១ ដែលបានឈានចូលក្នុងប្រទេសចិន ទាំងនេះបានបង្ហាញឱ្យឃើញថា កម្ពុជា-ចិន ជាមិត្តដែកថែបមិនអាចបំបែកបាន ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រដល់រដ្ឋាភិបាលចិន ចំពោះការទប់ស្កាត់ វីរុសដ៏កាចសាហាវនេះផងដែរ។
លោក Gu Chun Yao បានបញ្ជាក់ថា គោលបំណងដែលក្រុមហ៊ុន ប្រគល់នូវអំណោយជាម៉ាស៊ីន ថ្នាំសម្លាប់មេរោគ និងសាប៊ូ ដល់ក្រសួងសុខាភិបាលនាពេលនេះ គឺដើម្បីជួយគាំទ្រ និងចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 និងលើកទឹកចឹត្ត ឱ្យសាធារណៈជនស្វែងយល់ ពីរបៀបរក្សារអនាម័យ ឱ្យបានល្អដើម្បីក្រុមគ្រួសារ និងសង្គមជាតិកម្ពុជាទាំងមូល។
សូមជំរាបថា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសស្វាគមន៍ជំនួយនិងអំណោយពីសប្បុរសជន និងក្រុមហ៊ុននានា សម្រាប់បុព្វហេតុប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ហើយកន្លងមក មានមន្ត្រីរដ្ឋាភិបាលជាច្រើននាក់ រួមទាំងសម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានរួមចំណែកបរិច្ចាគថវិកាផ្ទាល់ខ្លួន សម្រាប់កិច្ចប្រឹងប្រែងនេះ៕ដោយ សម្ផស្ស