ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានសម្រេចផ្អាកការងារស្នងការរងនគរបាលខេត្តកណ្តាល លោក ស្រេង សុខា បណ្តោះអាសន្ន ចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០តទៅ។
សម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះឧត្តមសេនីយ៍ត្រី ស្រេង សុខា ដោយយោងតាមសំណើ របស់អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការផ្អាកការងារបណ្តោះអាសន្ន មន្ត្រីនគរបាលជាតិ ដែលចុះហត្ថលេខា ដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេច “ផ្អាកការងារបណ្តោះអាសន្ន ចំពោះឧត្តមសេនីយ៍ត្រី ស្រេង សុខា អត្តលេខ ៦៣៤៥៦ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ត្រូវមកបង្ហាញមុខ នៅនាយកដ្ឋានបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីរង់ចាំការសម្រេចជាថ្មី។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន មានប្រសាសន៍ថា ការដែលអគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នើសុំឱ្យក្រសួងមហាផ្ទៃផ្អាកការងារលោក ស្រេង សុខា ដោយសារ លោកមានកំហុសពាក់ព័ន្ធនឹងការអនុវត្តតួនាទី។ មន្ត្រី បើមិនមានកំហុស គេអត់សុំឱ្យផ្អាកការងារទេ បានន័យថា គាត់មានកំហុស ពាក់ព័ន្ធនឹងការអនុវត្តមិនបានត្រឹមត្រូវបទបញ្ជា០០៦ របស់កងកម្លាំងនគរបាលជាតិ។អធ្យាស្រ័យ ខាងស្នងការដ្ឋានស្នើសុំ បានក្រសួងចុះពិនិត្យហើយសម្រេច។ ព័ត៌មានចង់ច្បាស់លាស់ពីបញ្ហានេះ ខ្ញុំដឹងថា នាងចង់សួរទៀតហើយ ប៉ុន្តែ ខ្ញុំមិនអាចឆ្លើយតទៀតបាន ដឹងថាខុសអីចំណុចណាៗ សូមទាក់ទងអ្នកនាំពាក្យរបស់នាយកដ្ឋានបុគ្គលិក អាហ្នឹងគេច្បាស់ជាងខ្ញុំ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ ACU បានប្រកាសបើកការស៊ើបអង្កេតទ្រព្យសម្បត្តិស្នងការរងខេត្តកណ្ដាល លោក ស្រេង សុខា ក្រោយពីមានព័ត៌មានចែករំលែកតាមបណ្ដាញសង្គមហ្វេសប៊ុក ករណីស្នងការរងរូបនេះ បានភ្ជាប់ពាក្យជាមួយស្ត្រីម្នាក់ និងបានជូនថ្លៃបណ្ណាការចំនួន ១០ម៉ឺនដុល្លារ ចិញ្ចៀនពេជ្រ និងរថយន្ដលុច្សស៊ីស ៥៧០ មួយគ្រឿងដែលមានតម្លៃ ២២ម៉ឺនដុល្លារ។
លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល ភ្ជាប់ពាក្យជាមួយក្មេងស្រីស្រស់ស្អាត ដោយជូនខាងស្រី ១០ម៉ឺនដុល្លារ ចិញ្ចៀនពេជ្រ២វង់ និងរថយន្តលុចស៊ីស ៥៧០មួយគ្រឿង ដែលមានតម្លៃ ២២ម៉ឺនដុល្លារអាមេរិកថែមទៅត ពិតជាមិនធម្មតាមែន។គណនីហ្វេសប៊ុក San Prum ដែលគេស្គាល់ថាជាមន្ត្រីជាន់ខ្ពស់នៅក្រសួងព័ត៌មាន បានសរសេរថា ពិធីភ្ជាប់ពាក្យលោកឧត្តមសេនីយ៍ត្រីស្រេង សុខា ជាមួយក្មេងស្រីស្រស់ស្អាត ធ្វើនៅផ្សារអ្នកលឿង (ត្រើយខាងកើត)ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។ពិធីភ្ជាប់ពាក្យលោកស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល បានធ្វើឲ្យប្រជាពលរដ្ឋអ្នកជិតខាង បានលាន់មាត់ និងមានការភ្ញាក់ផ្អើលគ្រប់ៗគ្នា។ ហើយថែមទាំងបានស្ញើចសរសើរផងដែរ។បណ្តាញសង្គមហ្វេសប៊ុក បានសម្តែងការភ្ញាក់ផ្អើល ហើយបានលាន់មាត់គ្រប់គ្នា ដោយគណនី ឈ្មោះ Khieu Thy បញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា មានប្រាក់ខែដូចមិនច្រើនទេ តែហេតុដូចម្តេច មានប្រាក់ច្រើនម្លេះ?បើតាមផេក Khmer Global បានផ្សាយថា ស្នងការរងនគរបាលខេត្តកណ្តាលម្នាក់ លោក ស្រេង សុខា បានធ្វើឲ្យផ្អើលពេញត្រើយអ្នកលឿងខាងកើត ក្នុងខេត្តព្រៃវែង ខណៈលោកបានភ្ជាប់ពាក្យ ជាមួយនារីវ័យក្មេងម្នាក់ កូនអ្នកលក់គ្រឿងអគ្គិសនី ដោយថ្លៃទឹកដោះ១០ម៉ឺនដុល្លារ!។ តាមព័ត៌មានដែលទទួលបាន លោក ស្រេង សុខា បានលែងលះភរិយារបស់លោក៣នាក់ រួចទៅភ្ជាប់និស្ស័យជាមួយនារីអ្នកលឿងរូបនេះ ដែលជាភរិយាទី៤!។សូមអបអរសាទរ និងជូនពរ លោកស្នងការរង ជាមួយភរិយាទី៤! ប្លែកៗ ស្នងការរងខេត្តកណ្តាល, ប៉ុន្មានថ្ងៃមុន ស្នងការរង អ៊ុល ប៊ុនណា បានយកឡានទឹក ទៅបាញ់លាយស៊ីម៉ងត៍ឯកជន! ឮថាស្នងការរងរូបអង្គនេះ ធ្លាក់មកពីឋានព្រះឥន្ទ៕ ដោយ៖កូឡាប