ភ្នំពេញ៖ ព្រឹទ្ធសភាបានបញ្ចប់សម័យប្រជុំលើកទី៤ នីតិកាលទី៥ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ នាចន្លោះសម័យប្រជុំលើកទី៤ និងលើកទី៥នេះ ថ្នាក់ដឹកនាំគណៈកម្មាធិការអចិន្ដ្រៃយ៍ គណៈកម្មការ ក្រុមភូមិភាគនានា ក្រុមសមាជិកព្រឹទ្ធសភានិងសមាជិក សមាជិកាព្រឹទ្ធសភា បានខិតខំបំពេញការងារ ស្របតាមការកំណត់ក្នុងប្រការ៥៥ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា។ ព្រឹទ្ធសភាសូមចូលរួមគាំទ្រយ៉ាងពេញទំហឹង ចំពោះការខិតខំប្រឹងប្រែង ជាអតិបរមានឹងវិធានការចាំបាច់នានា របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំង នឹងការរីករាលដាលជំងឺកូវីដ១៩ ។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន ក្នុងសេចក្តិសន្និដ្ឋានរបស់ព្រឹទ្ធសភា បានបញ្ជាក់ថា ក្នុងអំឡុងពេលចន្លោះសម័យប្រជុំព្រឹទ្ធសភារយៈពេលបីខែនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការអចិន្ដ្រៃយ៍ គណៈកម្មការ ក្រុមភូមិភាគនានា ក្រុមសមាជិកា ព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា បានរួមគ្នាខិតខំបំពេញភារកិច្ច រៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយសម្រេចបានលទ្ធផល ផ្លែផ្កា ជាគុណប្រយោជន៍ដល់ជាតិនិងប្រជាពលរដ្ឋយើង។ សកម្មភាពលេចធ្លោ គឺការយកចិត្តទុកដាក់ធ្វើសកម្មភាពឆ្ពោះទៅកាន់មូលដ្ឋាន តាមរយៈការរៀបចំវេទិកា កិច្ចពិគ្រោះយោបល់ ការឈ្វេងយល់អំពីវឌ្ឍនភាពជាវិជ្ជមានក្រោយការរៀបចំវេទិកា ការផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ព្រមទាំងការចូលរួមចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យនៅថ្នាក់ក្រោមជាតិ។ គណៈកម្មការទាំង១០ ដែលជាសេ- នាធិការរបស់ព្រឹទ្ធសភា បានចុះជួបពិភាក្សាការងារជាមួយក្រសួងស្ថាប័ននិងអាជ្ញាធរថ្នាក់ក្រោមជាតិដើម្បីឈ្វេងយល់វឌ្ឍនភាពការងារតាមវិស័យ ប្រមូលព័ត៌មាន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។
ពាក់ព័ន្ធនឹងសកម្មភាពការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា គឺនៅចន្លោះសម័យប្រជុំនៃព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានយកចិត្តទុកដាក់ក្នុងការផ្តល់សេវាជូនថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា លើមុខងារស្នូលទាំងបី ដោយបានរួមចំណែកផ្តល់សេវារៀបចំវេទិកាតាមភូមិ។ ភាគីនានាចំនួន២លើក ជំនួបសវនាការការងារជាមួយក្រសួងស្ថាប័ននានា ចំនួន២លើក បេសកកម្មរបស់គណៈកម្មការទៅតាមបណ្តាខេត្ត ក្រុងនានាចំនួន១២លើក និងបានអមដំណើរគណៈប្រតិភូព្រឹទ្ធសភាបំពេញបេសកកម្មក្រៅប្រទេសចំនួន២លើក ព្រមទាំងបានចូលរួមរៀបចំកម្មវិធីបុណ្យសម្ពោធកាត់ឫសសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានាក្នុងវត្ដពោធិជ័យ ស្ថិតនៅឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ក្រៅពីការផ្តល់សេវាស្នូលលើមុខងារទាំងបី អគ្គលេខាធិការដ្ឋានព្រឹទ្ធ-សភា បន្តលើកកម្ពស់ការផ្តល់សេវាស្រាវជ្រាវ និងការបញ្ចូលប្រើប្រាស់បច្ចេក- វិទ្យាព័ត៌មានក្នុងគ្រប់វិស័យ នៃការងាររបស់ស្ថាប័ន ព្រមទាំងកំពុងសិក្សារៀបចំឱ្យមានកម្មវិធីសម្តែងមតិយោបល់របស់សមាជិកព្រឹទ្ធសភា លើសេចក្តី ព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់តាមប្រព័ន្ធ Online ដែលជាមធ្យោបាយមួយដ៏ល្អប្រសើរក្នុងការរួមចំណែកក្នុងដំណើរការនីតិកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងបានរៀបចំផលិតខ្សែវីដេអូឆ្នាំទី២ នៃនីតិកាលទី៤ របស់ព្រឹទ្ធសភា សម្រាប់ផ្សព្វផ្សាយ នៅខួបទី២១ឆ្នាំរបស់ព្រឹទ្ធសភា។
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា កំពុងរៀបចំកសាងក្របខ័ណ្ឌយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់ព្រឹទ្ធសភាកម្ពុជា និងទស្សនវិស័យនៃដំណើរទៅមុខរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សម្រាប់រយៈពេល១០ឆ្នាំ(២០២១- ២០៣០)។ ចំពោះការងារអភិវឌ្ឍធនធានមនុស្ស អគ្គលេខាធិការដ្ឋានបាន បណ្តុះបណ្តាលមន្ត្រីក្នុងប្រទេសចំនួន២២៤នាក់ និងក្រៅប្រទេសចំនួន៥នាក់ ព្រមទាំងបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងអគ្គ-លេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី។ ផ្អែកតាមអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរនឹងអនុវត្តសកម្មភាពរួមគ្នា រួមមាន៖ ១.ការស្រាវជ្រាវ និងការបោះពុម្ព ២.ការរៀបចំព្រឹត្តិការណ៍រួមគ្នា ដូចជាសិក្ខាសាលា ការធ្វើបឋកថា និង៣.ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ។
យោងតាមសារាចរណែនាំស្តីពី ការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធ-ភាពចំណាយសម្រាប់អនុវត្តស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ អគ្គ-លេខាធិការដ្ឋានបានធ្វើការប្រជុំពិភាក្សាជាមួយគណៈកម្មការទី២ព្រឹទ្ធសភាដើម្បីកាត់បន្ថយការចំណាយ ក្រៅពីបន្ទុកបុគ្គលិកសម្រាប់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ និងទប់ ទល់ផលប៉ះពាល់ជាអវិជ្ជមានមកលើសេដ្ឋកិច្ចជាតិ។ ទន្ទឹមនេះ អគ្គលេខាធិការ-ដ្ឋានព្រឹទ្ធសភា បានផ្សព្វផ្សាយជូនមន្ត្រីអំពីការទប់ស្កាត់នឹងជំងឺរលាកផ្លូវដង្ហើម ធ្ងន់ធ្ងរ (covid១៩) ដោយអនុវត្តតាមវិធានការសំខាន់ៗចំនួន៣ចំណុច គឺវិធានការអប់រំ អនាម័យ វិធានការរដ្ឋបាល និងវិធានការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានតាមប្រព័ន្ធ online ដើម្បីធានានិរន្តភាពការងារស្របតាមស្ថានភាព និងតម្រូវការចាំបាច់របស់ស្ថាប័ន និងប្រទេសជាតិ។
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានគិតគូរពីផលប្រយោជន៍របស់មន្ត្រីរាជការ ដោយបានរៀបចំកែប្រែ និងដំឡើងប្រាក់បំណាច់មុខងារជូនមន្ត្រីរាជការ ដែល ត្រូវចាប់អនុវត្តពីខែមេសា ឆ្នាំ២០២០នេះតទៅ។ ក្រៅពីការងារខាងលើ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានបន្តកែលម្អបរិស្ថាន ការដាំដើមឈើបន្ថែម និងការជួសជុលហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាក្នុងបរិវេណព្រឹទ្ធសភា។
របាយការណ៍តាមវិស័យរបស់គណៈកម្មការព្រឹទ្ធសភា បានឲ្យដឹងថា នៅចន្លោះសម័យប្រជុំលើកទី៤និងលើកទី៥គណៈកម្មការនានារបស់ ព្រឹទ្ធសភា បានយកចិត្តទុកដាក់បំពេញការងារយ៉ាងសកម្ម ដោយបានជួបពិភាក្សាការងារជាមួយក្រសួង ស្ថាប័ននានា និងចុះតាមបណ្តាខេត្ត រាជធានី ដើម្បីតាមដានការអនុវត្តរដ្ឋធម្មនុញ្ញច្បាប់និងគោលនយោបាយនានាដែលរាជរដ្ឋាភិបាលបាននិងកំពុងដាក់ឱ្យអនុវត្តដើម្បីលើកកម្ពស់ជីវភាពរស់នៅលើគ្រប់វិស័យរបស់ប្រជាជនយើងនៅទូទាំងប្រទេស។ ដោយឆ្លុះបញ្ចាំងតាមរយៈដំណើរបេសកកម្មទៅកាន់គ្រប់មូលដ្ឋាន គណៈ-កម្មការនានាព្រឹទ្ធសភាសូមវាយតម្លៃខ្ពស់ចំពោះលទ្ធផលនិងសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាលខិតខំសម្រេចបានដោយសកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិក្នុងប្រសិទ្ធភាព និងគុណភាពមួយថ្មី ដែលឈរលើកំណែទម្រង់លើគ្រប់វិស័យ ជាពិសេសការតម្រង់ទិសអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។
ស្របតាមវិស័យជាសមត្ថកិច្ចរៀងៗខ្លួនគណៈកម្មការនានារបស់ព្រឹទ្ធសភា បានចាប់អារម្មណ៍លើវិស័យជាអាទិភាពសំខាន់ៗដូចតទៅ៖
-ដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ទទួលបានលទ្ធផល កាន់តែល្អប្រសើរ ក្រោយពីរាជរដ្ឋាភិបាលខិតខំបង្ខិតសេវាកាន់តែជិតនឹងប្រជាពលរដ្ឋ ដោយបានផ្ទេររចនាសម្ព័ន្ធ មុខងារ ធនធានមនុស្ស និងថវិកាទៅថ្នាក់ក្រោមជាតិ។ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ជាពិសេសការផ្តល់សេវាតាមច្រកចេញចូលតែមួយ ដោយបានរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន។
-ការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់ស្តីពីរបបសារព័ត៌មាន ច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ មានភាពល្អប្រសើរជាងមុន ដោយអាជ្ញាធរមាន សមត្ថកិច្ចយកចិត្តទុកដាក់ផ្សព្វផ្សាយយ៉ាងទូលំទូលាយ អំពីវិធានការអប់រំ បង្ការ និងទប់ស្កាត់ការប្រព្រឹត្តអំពើពុករលួយតាមអភិក្រមអភិបាលកិច្ចល្អ៥ចំណុច។
-វិស័យអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈនិងទេសចរណ៍ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយអនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។ បញ្ហាប្រឈមនានា ក្រសួងមានសមត្ថកិច្ចបានបន្តខិតខំដោះស្រាយដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ២០១៩-២០២៣។
-វិស័យរៀបចំដែនដី និងនគរូបនីយកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា បម្រើឱ្យវិស័យសេដ្ឋកិច្ច ទេសចរណ៍ និងវិស័យដឹកជញ្ជូន មានភាព ល្អប្រសើរជាងមុន និងបង្កើតនូវសក្តានុពលថ្មីៗ ដើម្បីធានាវឌ្ឍនភាព និងការ អភិវឌ្ឍប្រកបដោយនិរន្តរភាព។
-ការអភិវឌ្ឍវិស័យកសិកម្ម ផែនការ វិនិយោគ ធនធានទឹក អភិវឌ្ឍន៍ជនបទ និងបរិស្ថាន បានអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិ ទី៦ នៃរដ្ឋសភា។ ក្រសួងមានសមត្ថកិច្ចកំពុងខិតខំដោះស្រាយបញ្ហាប្រឈមមួយចំនួន ដូចជា៖ ការគ្រប់គ្រងសំណល់រឹង និងសំណល់រាវ កង្វះប្រព័ន្ធធារាសាស្ត្រ គ្រាប់ពូជ បច្ចេកទេសកសិកម្ម ការគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ។ល។
-ការផ្សព្វផ្សាយព័ត៌មានមានលក្ខណៈកាន់តែល្អប្រសើរ ដោយប្រព័ន្ធផ្សព្វផ្សាយនានាបន្តពង្រីកវិសាលភាពកាន់តែទូលំទូលាយ ស្របពេលនឹងការ វិវត្តន៍លឿននៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ប្រជាពលរដ្ឋទទួលបានព័ត៌មានកាន់តែច្រើន និងឆាប់រហ័សជាងមុន។
-ការអនុវត្តផែនការអភិវឌ្ឍថ្នាក់ក្រោមជាតិ អនុវត្តត្រឹមត្រូវតាមនីតិវិធី និង ជំហាននៃថវិកា ដោយបានបង្កើតឱ្យមានជាគណៈកម្មការពិនិត្យ និងវាយតម្លៃក្រុមហ៊ុនដេញថ្លៃគណៈកម្មការត្រួតពិនិត្យការអនុវត្តគម្រោង និងគណៈ-កម្មការដេញថ្លៃគម្រោង។
ជារួមរាជរដ្ឋាភិបាលបានបន្តជំរុញអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវរាល់ កំណែទម្រង់រដ្ឋស៊ីជម្រៅរបស់ខ្លួនលើគ្រប់វិស័យ ដោយប្រកាន់យកអភិបាលកិច្ចល្អជាស្នូល។ ដំណើរការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ។ ស្របតាមជំហានទៅមុខដ៏ស្វាហាប់របស់រាជរដ្ឋាភិបាល ព្រឹទ្ធសភាសូមគាំទ្រ និងលើកទឹកចិត្តរាជរដ្ឋាភិបាលក្នុងការបង្កើនសកម្មភាព ដើម្បីពន្លឿនសន្ទុះរីកចម្រើនសេដ្ឋកិច្ចសង្គម ប្រកបដោយបរិយាប័ន្ន ហើយមានជំនឿជឿជាក់ថា ក្រោមពន្លឺនៃកំណែទម្រង់លើគ្រប់វិស័យ ការអនុវត្តច្បាប់និងគោលនយោបាយទាំងឡាយនឹងប្រព្រឹត្តទៅកាន់តែរលូន និងមានលទ្ធផលកាន់តែល្អប្រសើរ ជាគុណប្រយោជន៍ដល់ការពង្រឹងពង្រីកអភិបាលកិច្ចល្អ គណនេយ្យភាព តម្លាភាព និងការកសាងកម្ពុជាជានីតិរដ្ឋ ប្រកបដោយការអភិវឌ្ឍយូរអង្វែង។
ព្រឹទ្ធសភាសូមចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះការខិតខំប្រឹងប្រែងជាអតិបរមានឹងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ ដែលមានលក្ខណៈជាសកល ដើម្បីការពារសុខុមាលភាព និងសុខភាពរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ព្រឹទ្ធសភាបានប្រកាសត្រៀមខ្លួនជានិច្ច ដើម្បីគាំទ្ររាល់វិធានការសំខាន់ៗរបស់រាជរដ្ឋាភិបាល សម្រាប់ដោះស្រាយបញ្ហាប្រឈមនានារបស់ប្រទេសជាតិ ក្នុងដំណាក់កាលឆ្លងកាត់ដ៏ស្មុគស្មាញនេះ៕ដោយ៖កូឡាប