បាត់ដំបងៈទំនប់ស្ទាក់ទឹកស្ទឹងដូនទ្រី បានគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២០ខាងមុខនេះ។ ទំនប់ស្ទាក់ទឹកស្ទឹងដូនទ្រី ដែលមានទីតាំងស្ថិតក្នុងឃុំបាសាក់ ស្រុករុក្ខគិរី គឺជាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាស្ត្រដ៏ធំមួយបន្ថែមទៀត របស់រាជរដ្ឋាភិបាល ដើម្បីជាប្រយោជន៍សម្រាប់ស្រោចស្រពដំណាំកសិកម្ម របស់ពលរដ្ឋនៅស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង។
លោក ជុង តំណាងក្រុមហ៊ុនកូរ៉េ ដែលកំពុងសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងដូនទ្រី បានមានប្រសាសន៍ឲ្យដឹង កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ថា រហូតមកដល់ពេលនេះ ទំនប់ស្ទឹងដូនទ្រី សម្រេចការសាងសង់បានប្រមាណ ២០ភាគរយ ទំនប់ស្ទាក់ទឹកនេះ អាចផ្ទុកទឹកបាន ១៧៧លានម៉ែត្រគូប។ ពេលសាងសង់រួចរាល់នឹងអាចជួយកាត់បន្ថយការជន់លិចនៅក្នុងតំបន់នោះ បានប្រមាណ៣០ភាគរយ ហើយគម្រោងនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២២ ប៉ុន្តែដោយមានការកែប្រែខ្លះ ទើបការសាងសង់អូសបន្លាយដល់ឆ្នាំ២០២៣។
លោក ឡុង ផល្គុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា ទំនប់ស្ទាក់ទឹកស្ទឹងដូនទ្រី មានសមត្ថភាពអាចជួយស្រោចស្រពលើផ្ទៃដីកសិកម្ម បានចំនួនជាង ៤ម៉ឺនហិកតានៅក្នុងស្រុកចំនួន៣ មានស្រុករុក្ខគិរី ស្រុកមោងឫស្សីនិងស្រុកគាស់ក្រឡ។ ទំនប់នេះសាងសង់ឡើង ក្នុងលក្ខណៈបច្ចេកវិជ្ជាទំនើប ដោយមានការចោះភ្នំ ខណៈដែលប្រព័ន្ធធារាសាស្ត្រផ្សេងៗនៅក្នុងប្រទេសកម្ពុជាពុំទាន់មាន ទំនប់នេះនឹងបើកឲ្យទៅផ្គត់ផ្គង់ដល់ទំបន់បាសាក់ សម្រាប់ចែកចាយបន្ត។
គួរបញ្ជាក់ផងដែរថា នៅក្នុងខេត្តបាត់ដំបង មានប្រព័ន្ធធារាសាស្ត្រ បានសាងសង់ចប់រួចរាល់ និងបានជួយស្រោចស្រពដំណាំកសិករ របស់ប្រជាពលរដ្ឋ មានដូចជា ទំនប់ពហុបំណងសេកសក ទំនប់កង្ហត់ ទំនប់បឹងកំពីងពួយ ទំនប់ស្ទឹងបវេល និងទំនប់បាសាក់ ។ នៅមានប្រព័ន្ធធារាសាស្ត្រមួយចំនួនទៀត ដែលកំពុងធ្វើការសាងសង់ មានដូចជា ទំនប់ស្ទាក់ទឹកស្ទឹងដូនទ្រី ទំនប់អាងត្រជាក់ចិត្ត ទំនប់អាងរាមគន់ ទំនប់អាងពោធិ៍ និងទំនប់សាលាតាអនជាដើម។ ទំនប់ទាំងអស់នេះនឹងជួយបង្កើនការដាំដុះ ពិសេសដំណាំស្រូវរបស់កសិករ បានធ្វើច្រើនដងក្នុងមួយឆ្នាំៗ៕ដោយ ៖ អ៊ុងសារុំ