លោកប្រធានាធិបតី Trump បាននិយាយកាលពីថ្ងៃអង្គារថា លោកមិនដឹងថាតើមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មានជំងឺដែរ ឬយ៉ាងណានោះទេ ប៉ុន្តែបានជូនពរឱ្យលោកមានសំណាងជាមួយនឹងជំងឺដែលអាចកើតមាន។
នៅពេលដែលត្រូវបានគេសាកសួរអំពីរបាយការណ៍ដែលថាសុខភាពរបស់លោក គីម គឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនោះ លោក Trump បាននិយាយថា “ខ្ញុំគ្រាន់តែអាចនិយាយបានថា ខ្ញុំសូមជូនពរដល់គាត់ប៉ុណ្ណោះ” ។
លោក Trump បានប្រាប់អ្នកយកព័ត៌មានថា “ទាំងនេះគឺជារបាយការណ៍ដែលចេញមកហើយៗ យើងក៏មិនដឹងដែរទេ” ។
ទូរទស្សន៍ CNN បានរាយការណ៍នៅល្ងាចថ្ងៃចន្ទថា មន្ត្រីអាមេរិកកំពុងឃ្លាំមើលការស៊ើបការណ៍សម្ងាត់ ដែលបង្ហាញថា មេដឹកនាំកូរ៉េខាងជើងអាយុ ៣៦ ឆ្នាំ រូបនេះកំពុងស្ថិតក្នុងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដែរឬយ៉ាងណា? បន្ទាប់ពីទទួលការវះកាត់។
ប៉ុន្តែរដ្ឋាភិបាលកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារ បាននិយាយថា មិនមានសញ្ញាប្លែកណាមួយដែលបង្ហាញថាលោក គីម មានជំងឺនោះទេ។
ព័ត៌មានផ្ទុះឡើងអំពីលោក គីម បានកើតឡើងចាប់តាំងពីគាត់ពុំបានបង្ហាញវត្តមាន ក្នុងការប្រារព្ធពិធីខួបកំណើតជីតារបស់គាត់ ដែលជាស្ថាបនិករបស់ប្រទេសនេះ គឺលោក គីម អ៊ីលស៊ុង កាលពីថ្ងៃពុធ។
ទីប្រឹក្សាសន្តិសុខជាតិ Robert O’Brien បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋបាលកំពុងឃ្លាំមើលរបាយការណ៍ទាំងនេះ យ៉ាងដិតដល់។
លោក O’Brien បានបញ្ជាក់ថា «យើងកំពុងតាមដានរបាយការណ៍ទាំងនេះយ៉ាងដិតដល់ ហើយដូចដែលលោកអ្នកបានដឹងហើយថា កូរ៉េខាងជើងជាសង្គមបិទជិត មិនមានសារព័ត៌មានសេរីនៅទីនោះទេ ពួកគេកំពុងត្រួវពិចារណាលើព័ត៌មាន ដែលពួកគេបានផ្តល់លើរឿងជាច្រើន រួមទាំងសុខភាពរបស់លោក គីម ជុងអ៊ុន ផងដែរ។ លោកបន្ថែមថា បន្ថែមថា សហគមន៍ស៊ើបការណ៍សម្ងាត់ និងក្រសួងការពារជាតិអាមេរិក កំពុងឃ្លាំមើលស្ថានការណ៍នេះហើយ៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ nypost)