Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគី​ពាក់ព័ន្ធ​ទាំង​រដ្ឋ​និង​ឯកជន លើ​វិស័យ​លើ​សហគ្រាស​ខ្នាតតូច​បំផុត តូច​និង​មធ្យម (MSMEs) និង​ប្រភេទ​អាជីវកម្ម​បង្កើត​ថ្មី​( Tech Startup)​នៅ​កម្ពុជា បាន​ប្រជុំ​និង​វាយតម្លៃ​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​

​ភ្នំពេញ៖ កិច្ចប្រជុំ​នេះ សហកា​រៀបចំ​ដោយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង​នវានុវត្តន៍ ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ត្រូវបាន​ប្រារព្វ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដោយមាន​ការចូលរួម ពិភាក្សា​ផ្លាស់ប្តូរ​យោបល់ ពី​តំណាង​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា ,​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ,​តំណាង​មកពី​ធនាគារ​SME Bank ,PPC Bank,​តំណាង​មកពី​ភ្នាក់ងារ GEN Cambodia,Cambodia investment Club, Mekong Strategic Partner និង​តំណាង​មកពី Impact hub ។​

​លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានចាត់ទុក​ជាការ​ជួប​ជុំ​ដ៏​មាន​សារ​សំខាន់​ដើម្បី​បាន​ស្តាប់​បទឧទ្ទេសនាម​នូវ​លទ្ធផល​អង្កេត​ស្រាវជ្រាវ​ពី​អ្នកជំនាញ និង​ការផ្លាស់ប្តូរ​យល់​ទាក់ទង​និង​ផល​បច្ច័យ​ដែលជា​វិបត្តិ​បង្កឡើង​ពី​ជំងឺ​កូ​វីដ​-១៩ ទៅលើ​វិស័យ MSMEs និង​ប្រភេទ​អាជីវកម្ម​បង្កើត​ថ្មី​( Tech Startup )​នៅ​កម្ពុជា ។ ក្នុងនោះ​យើង​ក៏​អាច​ប្រមូល​ធាតុ​ចូល តាមរយ​:​អនុសាសន៍ ក៏ដូចជា​កង្វល់​នានា ដែល បានលើកឡើង​ពី​វាគ្មិន​ពាក់ព័ន្ធ រួមជាមួយ​វិធានការ​​ជា​អាទិភាព​មួយចំនួន​ដែល​ត្រូវប្រកាន់យក ដើម្បី​ស្តារ​ភាពរស់រវើក​ឡើងវិញ​ក្រោយពី​វិបត្តិ​Covid-19 បាន​ថមថយ​និង​រលត់​ទៅ ។​

​ដោយឡែក លោក កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានលើកឡើង​ពី​កិច្ចសហការ​ដ៏​ល្អ រវាង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ លើ​គំនិត​ផ្តួចផ្តើម​មួយចំនួន​ដើម្បី​លើក​កម្ពស់​វិស័យ​MSMEs និង​ប្រភេទ​អាជីវកម្ម​បង្កើត​ថ្មី (Tech Startup) នៅ​កម្ពុជា ក្នុង​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ។​

លោក​រដ្ឋលេខាធិការ បាន​បន្ថែមថា​៖«​លទ្ធផល​នៃ​ការអង្កេត​ស្រាវជ្រាវ​នេះ ដើម្បី​វាយតម្លៃ​ពី​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ទៅលើ​ប្រព័ន្ធ​អេកូ (Eco-System)​របស់​យើង គឺ​Eco-System សហគ្រាស​ខ្នាតតូច​បំផុត តូច​និង​មធ្យម (MSMEs) និង Eco-System ប្រភេទ​អាជីវកម្ម​បង្កើត​ថ្មី​(Tech Startup)​នៅ​កម្ពុជា និយាយ​ដោយ​រួម​គឺជា Eco-System នៃ​វិស័យ​ឯកជន​មួយផ្នែក ដែល​យើង​បាន​ខិតខំ​ធ្វើ​ឲ្យ​ប្រសើរឡើង​នាពេល​កន្លងមក​ប៉ុន្តែ​បច្ចុប្បន្នកំពុង​រង​ផលប៉ះពាល់​» ។

​លោក​សង្កត់ធ្ងន់ថា​៖« លទ្ធផល​បង្ហាញ​ពី​ការអង្កេត ស្រាវជ្រាវ ចាត់ទុក​ជាការ​ពាំនាំ​នូវ​សម្លេង​នៃ​វិស័យ​ឯកជន​ពាក់ព័ន្ធ​ខាងលើ ដើម្បី​ពិនិត្យ​មើលថា​តើ​បច្ច័យ​ទាំងអស់នេះ​រដ្ឋាភិបាល ស្ថាប័ន​ពាក់ព័ន្ធ ក៏ដូចជា​ដៃគូ​អភិវឌ្ឍន៍ ប្រកាន់យក​វិធានការ​ណ៌ រឺ​កត្តា​អាទិភាព​យ៉ាងណាខ្លះ​? ដើម្បី​គាំទ្រ​ទៅដល់ Eco-System របស់​យើង ដូចជា​តាមរយៈវិធានការណ៍​ហិរញវត្ថុ ,​គោលនយោបាយ ,​ពន្ធដា​,​និង​ពាក់ព័ន្ធ​ធនាគារ​ដែល​ផ្តល់​កម្ចី​ជាដើម​» ។​

​លោក ស៊ឹម ច័ន្ទ​គី​រី​រ័ត្ន តំណាង​មកពី​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា បានធ្វើ​បទឧទ្ទេសនាម​បង្ហាញ​ពី​លទ្ធផល​អង្កេត​ស្រាវជ្រាវ​ពី​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩​ទៅលើ​សហគ្រាស​ខ្នាតតូច​បំផុត តូច​និង​មធ្យម (MSMEs) និង​ប្រភេទ​អាជីវកម្ម​បង្កើត​ថ្មី (Tech Startup) នៅ​កម្ពុជា ដែល​ចាប់ផ្តើម​ធ្វើឡើង​ពី​ចុងខែ​មីនា និង​ចុងខែ​មេសា​ឆ្នាំ​២០២០​កន្លងមក​បាន​ផ្តោតទៅលើ​ចំណុច​សំខាន់​មួយចំនួន​ដូចជា​បញ្ហា​ស្ថានភាព​បច្ចុប្បន្ន​-​ការអង្កេត​រកឃើញ​និង​ការវិភាគ​-​អនុសាសន៍​ឆ្លើយតប​ជា​គោលនយោបាយ​-​និង​អនុសាសន៍​សម្រាប់​ភ្នាក់ងារ​អភិវឌ្ឍន៍​ដែល​ធ្វើ​ការងារ​ទាក់ទង​និង​វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម​។​

​លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​មានប្រសាសន៍​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​អង្កេត​ខាងលើ និង​បាន​បញ្ជាក់ថា​៖​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩ បាន​បង្អាក់ដំណើរ​រីកលូតលាស់​សេដ្ឋកិច្ច​ជាស​កល ។ ចំពោះ​កម្ពុជា​ក៏​ដូចគ្នា ផ្តើមចេញពី​បញ្ហា​នេះ ពិតណាស់​រាជរដ្ឋាភិបាល ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ,​ភ្នាក់ងារ​អភិវឌ្ឍន៍ ,​វិស័យ​ធនាគារ និង​ដៃគូ​ឯកជន ត្រូវ​រួមគ្នា​រិះរក​មធ្យោបាយ​សមស្រប​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ នៃ​ឱកាស​អាជីវកម្ម​ក្រោយ កូ​វីដ​-១៩ ។

​ចំណុច​នេះ​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​បញ្ជាក់ថា​៖«​យើង​មិន​អាចធ្វើ ដោយ​គ្មាន​ការវិភាគ និង​កំណត់​មុខសញ្ញា​ច្បាស់លាស់​ទេ គឺ​យើង​ត្រូវ​កំណត់​កត្តា​អាទិភាព តាម​វិស័យ​នីមួយៗ ហើយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជា​តួអង្គ​សំខាន់​ក្នុង​ការចូល​រួមសហកា​រ​ទាំងអស់គ្នា​» ៕ដោយ៖សម្ផស្ស

×