អនុប្រធានាធិបតីអាមេរិច Mike Pence បានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញថា សហរដ្ឋអាមេរិច នឹងធ្វើការផ្លាស់ប្តូរស្ថានទូតពីទីក្រុង Tel Aviv ទៅកាន់ទីក្រុងជេរ៉ូសាឡឹម នៅចុងឆ្នាំ ២០១៩ខាងមុខ។ នេះបើតាមការចេញផ្សាយរបស់សារព៌តមានសិង្ហបុរី Channel News Asia។
ក្នុងពេលតំណាលគ្នានេះដែរ លោកក៏បានជំរុញឲ្យប្រជាជនប៉ាឡេស្ទីនទាំងអស់បន្តកិច្ចពិភាក្សាសន្តិភាពជាមួយនឹងរដ្ឋជ្វីស។
លោក Mike Pence ថ្លែងទៅកាន់សមាជិកសភាអ៊ីស្រាអ៊ែលដូច្នេះថា “ជេរ៉ូសាឡឹម ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអ៊ែល ហើយប្រធានាធិបតីត្រាំ បានបញ្ជាដោយផ្ទាល់ទៅកាន់ក្រសួងការបរទេសឲ្យចាប់ផ្តើមរៀបចំដើម្បីផ្លាស់ប្តូរស្ថានទូតអាមេរិចទៅកាន់ទីក្រុងជេរ៉ូសាឡឹមនៅចុងឆ្នាំក្រោយ”។
សូមបញ្ជាក់ដែរថា លោក ត្រាំ បានប្រកាសទទួលស្គាល់ ជេរ៉ូសាឡឹមជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអ៊ែលកាលពីចុងឆ្នាំ ២០១៧កន្លងទៅនេះ ហើយការប្រកាសរបស់លោក ធ្វើឲ្យមានការប្រឆាំងយ៉ាងខ្លាំងពីប្រជាជនប៉ាឡេស្ទីន ព្រមទាំងពីសំណាក់ប្រទេសក្នុងពិភពអារ៉ាប់។
ប្រទេសអ៊ីស្រាអ៊ែលចាត់ទុកជេរ៉ូសាឡឹមខាងកើតជាតំបន់ដ៏ពិសិដ្ឋ ដែលដំណ្តើមកាន់កាប់បានក្នុងកំឡុងសង្គ្រាមកាលពីឆ្នាំ ១៩៦៧ ចំណែកប៉ាឡេស្ទីនវិញ ចង់បានទីក្រុងនេះធ្វើជា រដ្ឋធានីនៅថ្ងៃអនាគត៕ សុភ័ក្ត្រ