Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដមម៉ប់ សារិន ជាប់ឆ្នោតជាប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់អាណត្តិទី៣

ភ្នំពេញ ៖ ឯកឧត្ដមប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទែតំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាអធិបតីក្នុងពិធីបិទមហាសន្និបាតលើកទី៣ របស់សមាគមជាតិក្រុមប្រឹក្សា រាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដំណើរការមកទល់ពេលនេះអស់រយៈពេលមួយថ្ងៃកន្លះ។ មហាសន្និបាតលើកទី ៣ នេះ ត្រូវបានរៀបចំឡើងស្របតាមការកំណត់នៅក្នុងលក្ខន្តិកៈរបស់សមាគម ដើម្បីវាយតម្លៃអំពីសមិទ្ធផលការងារ អាណត្តិទី២ បោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួន សម្រាប់អាណត្តិថ្មី និងអនុម័តឯកសារគោលនយោបាយ យុទ្ធសាស្ត្រមួយចំនួនរបស់សមាគម។ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ជាស្ថាប័នមួយយ៉ាងសំខាន់របស់ក្រុមប្រឹក្សារាជធានី ខេត្ត ដែលបង្កើតឡើងនៅក្នុង គោលបំណងលើកកម្ពស់ឋានៈ និងអភិវឌ្ឍសមត្ថភាពដល់ ក្រុមប្រឹក្សារាជធានី ខេត្តជាសមាជិករបស់ខ្លួន ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក និងកសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋ និងជំរុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ឯកឧត្ដមរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានលើកឡើងថា៖យោងតាមរបាយការណ៌ឯកឧត្ដមម៉ប់ សារិន ប្រធានសមាគមក្រុមប្រឹក្សារាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី២បានឆ្លុះបញ្ចាំងអំពីដំណើរការ ការដឹកនាំ និងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ដោយមិនត្រឹមតែ បានពិនិត្យពិភាក្សាលើសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងអាណត្តិទី២កន្លងមក និងលើកទិសដៅការងារ សម្រាប់បន្តអនុវត្តក្នុងអាណត្តិទី៣ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាន កំណត់អំពីបញ្ហាប្រឈមដែលត្រូវបន្តដោះស្រាយ ក្នុងកម្រិតផ្ទៃក្នុងសមាគមជាតិ និងបញ្ហាប្រឈមនានា ដែលត្រូវស្នើជូនរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការសមស្របដោះស្រាយទាំងក្នុងក្របខណ្ឌនៃការកែសម្រួលលិខិតបទដ្ឋានគតិយុត្ត និងការគាំទ្រ ជាក់ស្តែងរបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ។

ក្នុងនាមក្រសួងមហាផ្ទៃ ក្នុងនាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ឯកឧត្ដមប៊ុន ហុន បានសូមសម្តែង នូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ ចំពោះ ឯកឧត្តម ប្រធាន ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដែលបានប្តេជ្ញាចិត្តខ្ពស់ និងខិតខំរួមគ្នាក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះឯកឧត្ដមក៏សូមចូលរួមអបអរសាទរ ចំពោះឯកឧត្តម លោកជំទាវ ដែលត្រូវបានគណៈកម្មាធិការប្រតិបត្តិជាតិនៃសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឱ្យបំពេញតួនាទីក្នុងរចនាសម្ព័ន្ធដឹកនាំ របស់សមាគមសម្រាប់អាណត្តិទី ៣។
ឯកឧត្ដមសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៣នេះ នឹងខិតខំប្រឹងប្រែងអនុវត្តតួនាទីរបស់ខ្លួន ដើម្បីនាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនដល់ សមាជិករបស់ខ្លួន។

ជាមួយគ្នានេះដែរ ប្រទេសមួយចំនួនដែលជាសមាជិកអាស៊ាន ក៏មានការបង្កើតសមាគមអាជ្ញាធរមូលដ្ឋាន ផងដែរ ដែលប្រទេសទាំងនោះរួមមាន ប្រទេសឥណ្ឌូនេស៊ី ប្រទេសថៃ ប្រទេសហ្វីលីពីន ប្រទេសវៀតណាម និង ប្រទេសកម្ពុជា។សម្រាប់ព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលទទួលស្គាល់តួនាទីដ៏មានសារសំខាន់របស់សមាគមក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ នៅក្នុងដំណើរការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ក្រសួងមហាផ្ទៃបានគាំទ្រនូវការ បង្កើតសម្ព័ន្ធភាពជាតិឃុំ សង្កាត់ នាឆ្នាំ២០០៦ និងសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត នាឆ្នាំ២០១៣។ នាពេលបច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជា មានសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានចុះបញ្ជី ជាផ្លូវការមានចំនួន៣ ប្រភេទគឺ ១. សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ឬហៅថា សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ២. សមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅតាមរាជធានី ខេត្ត ឬហៅថា សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានថ្នាក់រាជធានី ខេត្ត និង ៣. សមាគមជាតិក្រុមប្រឹក្សា រាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជាមានជំនឿយ៉ាងមុតមាំថា សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ នៅតែជា ដៃគូដ៏សំខាន់ និងមានប្រសិទ្ធភាពក្នុងការរួមចំណែកក្នុងកិច្ចដំណើរការរៀបចំ និងការអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាល ជាពិសេសក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដែលកំពុងមានការវិវត្តឈាន ទៅដំណាក់កាលកាន់តែស៊ីជម្រៅពាក់ព័ន្ធនឹងការផ្ទេរមុខងារ ធនធាន និងការទទួលខុសត្រូវកាន់តែច្រើនឡើងៗឱ្យ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ រួមជាមួយនឹងការពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារ និងធនធានដែលបានផ្ទេរឱ្យទាំងនោះ។

បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជាសង្ឃឹម និងជឿជាក់ថា សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិនឹង ក្លាយជាតួអង្គមួយដ៏សំខាន់ ក្នុងការចូលរួមពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមមុំទី២ដែលបានកំណត់ក្នុងស្នូល នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលបានផ្តោត អាទិភាពលើការធ្វើវិមជ្ឈការហិរញ្ញវត្ថុ និងការរៀបចំផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាធនធានថវិកា សមស្រប សម្រាប់បំពេញមុខងារ និងអាទិភាពគោលនយោបាយ ដូចមានកំណត់ក្នុង ផែនការអភិវឌ្ឍ កម្មវិធីវិនិយោគ និងផែនការយុទ្ធសាស្ត្រ។

រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្តការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយ បន្តការអនុវត្តកម្មវិធីជាតិដំណាក់កាលទី២ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(២០២១- ២០៣០)។ កំណែទម្រង់នេះមានគោលដៅ លើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន ក្នុងគោលបំណងរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ដោយ ប្រកាន់ខ្ជាប់នូវគោលការណ៍ចំនួន៨ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ដែលរួមមាន ភាពជាតំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ការពិគ្រោះយោបល់និងការចូលរួម ការឆ្លើយតបនិងគណនេយ្យភាព ការលើកកម្ពស់ គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ការលើកស្ទួយសមធម៌ តម្លាភាពនិងសុចរិតភាព និងវិធានការប្រឆាំង អំពើពុករលួយនិងការរំលោភអំណាច។

ពាក់ព័ន្ធនឹងកិច្ចការជាអាទិភាពទាំងនេះ ឯកឧត្ដមសូមអោយសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ បន្តផ្តោត ការយកចិត្តទុកដាក់បន្ថែមទៀតលើការអភិវឌ្ឍសមត្ថភាពរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ក្នុងការដឹកនាំ ការគ្រប់គ្រង និងការតាមដានត្រួតពិនិត្យលើការអនុវត្តមុខងារ និងធនធានដែលបានផ្ទេរឱ្យទាំងនោះ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងដោយការចូលរួមតាមបែបប្រជាធិបតេយ្យនៅក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន។

ជាមួយគ្នានេះឯកឧត្ដមបានផ្តល់មតិចំនួន ៦ចំនុចដល់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុមប្រឹក្សា រាជធានី ខេត្ត ។ឯកឧត្ដមសូមគាំទ្រចំពោះលទ្ធផលនៃមហាសន្និបាតលើកទី៣របស់សមាគមជាតិ ដែលបានពិភាក្សា និង ឯកភាពគ្នាក្នុងមហាសន្និបាតនេះ និងសូមផ្តល់ការលើកទឹកចិត្តដល់សមាគមក្នុងការបន្តពង្រឹងសមត្ថភាពសមាជិក របស់ខ្លួន ដើម្បីរួមចំណែកជាមួយ គ.ជ.អ.ប និងក្រសួងមហាផ្ទៃ ក្នុងការពង្រឹងសមត្ថភាព សិទ្ធិអំណាច និង ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ដើម្បីធានាដល់ការអនុវត្តមុខងារជាអាណត្តិទូទៅរបស់ខ្លួនផង និង មុខងារជាច្រើនទៀតដែលបានផ្ទេរ និងបន្តផ្ទេរនាពេលខាងមុខឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×