Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរមីន ច្រានចោលចំពោះការលើកឡើងរបស់សារព័ត៌មានថៃមួយចំនួន លើករណីទាហានថៃបីនាក់រងគ្រោះថ្នាក់ដោយសារមីននៅក្នុងតំបន់មុំបី

រាជធានីភ្នំពេញ ៖ ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) មានកិត្តិយសសូមជម្រាបជូនថា ថ្មីៗនេះ មានសារព័ត៌មានរបស់ថៃមួយចំនួន រួមមាន The Nation, Bangkok Post, និង Khaosod English បានដកស្រង់ប្រភពពីមន្ត្រីជាន់ខ្ពស់ថៃ និងចុះផ្សាយអំពី ទាហានថៃបីនាក់ រងគ្រោះថ្នាក់ដោយសារមីន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចកូអរដោន WA 220 861 (បញ្ជាក់ដោយភាគីថៃ) ស្ថិតក្នុងតំបន់មុំបី។ ការចុះផ្សាយនោះ មានចេតនាចោទប្រកាន់ ដោយគ្មានមូលដ្ឋាន និងគ្មានការស៊ើបអង្កេតច្បាស់លាស់ ថាកម្ពុជាបានដាក់មីនថ្មី។ ក្នុងន័យនេះ អាជ្ញាធរមីន សូមធ្វើការបញ្ជាក់ជូន ដូចខាងក្រោម៖

១. អាជ្ញាធរមីន សូមបដិសេធ និងច្រានចោលទាំងស្រុង ចំពោះខ្លឹមសារព័ត៌មានដែលបាន ចុះផ្សាយ ដោយមានចេតនាចោទប្រកាន់ថា កម្ពុជាបានដាក់មីនថ្មី។
២. កម្ពុជា ជាប្រទេសធ្លាប់ទទួលរងគ្រោះធ្ងន់ធ្ងរដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ហេតុនេះ កម្ពុជាថ្កោលទោស និងប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់ ការផលិត និងការរក្សាទុកគ្រាប់មីន ហើយក៏សូមចូលរួមសោកស្តាយ ចំពោះរាល់សោកនាដកម្ម ដែលបង្កឡើងដោយសារមីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម មិនថានៅទីណា ឬចំពោះជាតិសាសន៍ណាឡើយ។

៣. កម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជា «បិតាសន្តិភាពសម្រាប់ប្រជាជាតិខ្មែរទាំងមូល និង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត និងប្តេជ្ញាចិត្ត ចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យ ពិភពលោកមួយដែលគ្មានមី ដើម្បីធានាឱ្យមនុស្សជំនាន់ក្រោយ អាចរស់នៅដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងមិនមានការគំរាមកំហែងពីគ្រាប់មីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម។
៤. កម្ពុជា ជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ៅ) និងបានអនុវត្តកាតព្វកិច្ចរបស់ខ្លួន ក៏ដូចជាបទដ្ឋាន និងស្មារតីអនុសញ្ញាយ៉ាងខ្ជាប់ខ្ជួន។ កម្ពុជា ត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ដោយរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ថាជារដ្ឋភាគីមួយដែលមានការប្ដេជ្ញាខ្ពស់
និងជោគជ័យក្នុងការបោសសម្អាត និងកម្ទេចចោលមីនប្រឆាំងមនុស្សគ្រប់ប្រភេទដែលមាន និងបាន រកឃើញ ហើយលើសពីនេះ កម្ពុជាបានធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋភាគីលើកទី១១ ន អនុសញ្ញាអូតាវ៉ា និងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ឬ «កិច្ចប្រជុំ កំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន» កិច្ចប្រជុំទាំងពីរ ទទួលបានជោគជ័យដ៏ ត្រចះត្រចង់។

៥. ពាក់ព័ន្ធនឹងឧប្បត្តិហេតុ ទាហានថៃរងគ្រោះដោយសារមីននេះ កម្ពុជាប្រកាន់ខ្ជាប់នូវតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងគោរពតាមកាតព្វកិច្ចអន្តរជាតិ ក្នុងន័យនេះ កម្ពុជា រំពឹងថា រាល់ការសន្និដ្ឋាន ឬការចោទប្រកាន់ណាមួយ ពាក់ព័ន្ធទៅនឹងឧប្បត្តិហេតុនេះ ត្រូវឆ្លងកាត់ការស៊ើបអង្កេតច្បាស់លាស់ មានភស្តុតាងគ្រប់គ្រាន់ មានភាពពិតប្រាកដ ចៀសវាងការប៉ាន់ស្មាន ឬការចោទប្រកាន់ដោយមិន សមហេតុផល និងគ្មានមូលដ្ឋានជាក់លាក់។ កម្ពុជា នឹងនៅតែបន្តឈរលើគោលការណ៍មនុស្សធម៌ និង ការគោរពរវាងគ្នានិងគ្នា ហើយជាមួយគ្នានេះ កម្ពុជានៅតែបន្តគោរពតាមអនុស្សរណៈនៃការយោគយល់ គ្នាឆ្នាំ២០០០ ក្នុងកិច្ចសហប្រតិបត្តិការតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងនៅតែប្រកាន់គោលការណ៍ ប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់ដែលមានសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍។

៦. ជាចុងក្រោយ អាជ្ញាធរមីន សូមបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ របស់សារព័ត៌មានថៃមួយចំនួន និងសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ចៀសវាងការសន្និដ្ឋាន ឬការចោទ ប្រកាន់ណាមួយ ដោយមិនទាន់ដឹងអំពីការពិត ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ ក្នុងការស៊ើបអង្កេត លើឧប្បត្តិហេតុនេះ ហើយរក្សាឱ្យបាននូវស្មារតីមិត្តភាព សុវត្ថិភាព និងមិនចោទប្រកាន់គ្នាទៅវិញទៅមក ព្រោះថាសត្រូវពិតប្រាកដរបស់យើងទាំងអស់គ្នា គឺគ្រាប់មីន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×