ភ្នំពេញ៖ថ្ងៃ១៧មករានេះ គឺជាថ្ងៃចុងក្រោយហេីយ សម្រាប់បងប្អូនអាជីវករដែលលក់ដូរនៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវ នៅតំបន់ជុំវិញផ្សារដើមគរ។ សូមបងប្អូនអញ្ជើញទៅលក់ដូរ នៅផ្សារដើមគរថ្មីវិញ ចាប់ពីថ្ងៃស្អែកនេះតទៅ។ នេះជាការបញ្ជាក់របស់លោកស្រីដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពរញនារសៀលថ្ងៃសៅរ៌ទី១៧មករា២០២៦។
លោកស្រីដោ សម្ផស្ស បានបញ្ជាក់ក្នុងនាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៦ ស្អែកនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំសម្អាតអនាម័យនៅតាមមហាវិថីម៉ៅសេទុង មហាវិថីព្រះមុន្នីរ៉េត ផ្លូវ២៣០ និងតំបន់ជុំវិញពាក់ព័ន្ធ ជាពិសេសគឺរៀបចំជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធឱ្យល្អ ប្រសើរឡើងវិញ ដែលអាចនឹងបង្កការកកស្ទះចរាចរណ៍នៅតំបន់ជុំវិញនោះ។
ដូចនេះសូមបងប្អូនចូលរួមសហការជាមួយអាជ្ញាធរ និងយោគយល់ អធ្យាស្រ័យ ដោយក្តីអនុគ្រោះបំផុត។
គួរបញ្ជាក់ដែរថា៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ក្នុងកិច្ចប្រជុំថា៖ អ្នកលក់ដូរគ្មានសណ្តាប់ធ្នាប់ នៅលេីដងផ្លូវ លេីចិញ្ចើមផ្លូវមហាវិថី ម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត និងផ្លូវនានានៅតំបន់ជុំវិញផ្សារដេីមគរ មានចំនួនជាង៧០០អាជីវកម្ម ហើយចាប់ពីថ្ងៃទី១៨ មករាខាងមុខនេះតទៅ ពួកគាត់មិនត្រូវបានអនុញ្ញាតិឱ្យលក់ដូរបន្តទៀតទេ ពួកគាត់ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំឱ្យទៅលក់នៅទីតាំងផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ក្នុងខណ្ឌព្រែកព្នៅ។
រដ្ឋបាលរាជធានីភ្នំពេញនឹងយកទ្រូងនិងចិញ្ចើមផ្លូវទាំងនេះ មកជួលជុលថែទាំ ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរធម្មតាឡើងវិញ។ចំពោះបងប្អូនអាជីវករដែលផ្លាស់ទៅទីតាំងថ្មីនេះ បងប្អូននឹងមានទីតាំងលក់ដូរត្រឹមត្រូវទៅថ្ងៃអនាគត ព្រមទាំងទទួលបានអត្ថប្រយោជន៍ច្រើនថែមទៀតផង៕រក្សាសិទ្ធដោយ៖សុទ្ធលី











