ភ្នំពេញ ៖ អាជ្ញាធររាជធានី បានអំពាវនាវអោយប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាដើម្បីឲ្យទីក្រុងយើងស្អាត គឺជាការទាក់ទាញភ្ញៀវទេសចរ ពីព្រោះថាភ្ញៀវទេសចរ នៅលើពិភពលោក ចង់បានណាស់កន្លែងស្អាត ចង់ទៅទីក្រុងដែលមានបរិស្ថានល្អ និងទីក្រុងស្អាត ។
លោកឃួង ស្រេង អភិបាលក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ខណៈដែលលោកបានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដី ចុះពិនិត្យមើលការស្តារលូ លាងលូ នៅក្នុងមូលដ្ឋានខណ្ឌទួលគោក លោកបានអំពាវនាវដល់បងប្អូនទាំងអស់ដែលរស់នៅក្នុងរាជធានីភ្នំពេញ សូមមានការយល់ដឹងឲ្យបានខ្ពស់ចំពោះការទុកដាក់សំរាម ដើម្បីធ្វើអោយទីក្រុងយើងមានបរិស្ថានល្អ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍។
លោកថា នៅពេលទឹកលិច បងប្អូនស្រែកថាទឹកលិច លូស្ទះបងប្អូនស្រែកថាលូស្ទះ ហើយថាអាជ្ញាធរមិនប្រឹងប្រែងធ្វើ។ ត្រង់ចំណុចនេះ អាជ្ញាធរខិតខំប្រឹងប្រែងធ្វើឲ្យអស់ពីលទ្ធភាព និងធ្វើឲ្យទាន់ពេលវេលា និងក៏សូមឲ្យដូចសម្តេចតេជោមានប្រសាសន៍កន្លងមកថា មិនដែលមានជោគជ័យណា កាត់ផ្តាច់ចេញពីការចូលរួមរបស់ប្រជាពរដ្ឋ នោះទេ បើមានប្រជាពលរដ្ឋចូលរួមទើបមានជោគជ័យ ហើយប្រជាពលរដ្ឋទាំងអស់ត្រូវយល់ដឹងឲ្យបានខ្ពស់អំពីបរិស្ថាន និងការវេចខ្ចប់ដែលជាកត្តាសំខាន់ណាស់ សម្រាប់បងប្អូនរស់នៅដោយចីរភាពតទៅអនាគត តកូនតចៅ។ ប្រសិនបើបងប្អូនបោះចោលសំរាម ចូលក្នុងលូខ្ញុំស្តារយកទៅទុកនៅទីលានចាក់សំរាម ដែលធ្វើឲ្យប៉ះពាល់ទៅថ្ងៃអនាគត ហើយបើបងប្អូនវេចខ្ចប់ ទុកសំរាមត្រឹមត្រូវ ដោយធ្វើការវែកសំរាម យកទៅចោលនៅទីលានសំរាមទៅតាមបទដ្ឋានបច្ចេកទេស នោះផលប៉ះពាល់ត្រូវកាត់បន្ថយជាអតិបរមា ។ ការចូលរួមរបស់បងប្អូនក្នុងការវេចខ្ចប់សំរាមឲ្យបានល្អនេះ នឹងមិនធ្វើឲ្យកកស្ទះនិងជន់លិចដោយទឹកភ្លៀងនូវរដូវវស្សា និងទៅអនាគតកូនចៅរបស់យើងរស់នៅប្រកបដោយចីរភាពប្រកបដោយបរិស្ថានល្អ ហើយរួមគ្នាសំរាមទីក្រុងរបស់យើង ទីក្រុងនេះមិនមែនជាទីក្រុងរបស់អភិបាលរាជធានីភ្នំពេញតែម្នាក់ឯងនោះទេ គឺជាទីក្រុងរបស់យើងទាំងអស់គ្នា ដូច្នេះយើងត្រូវធ្វើយ៉ាងណាដើម្បីទីក្រុងយើងស្អាត។ កត្តាមួយទៀតដែលត្រូវតែស្អាតសម្រាប់ទីក្រុងរបស់យើង គឺការទាក់ទាញភ្ញៀវទេសចរ ។ ត្រង់ចំណុចនេះនៅលើពិភពលោកគេចង់បានណាស់ គេចង់ទៅណាស់ទីក្រុងណាដែលមានបរិស្ថានល្អ និងទីក្រុងស្អាត ។
លោកបន្តថា “បុព្វបុរសយើងបានបន្សល់ទុកនូវប្រាសាទជាច្រើននៅក្នុងប្រទេស ហើយក្រោមការដឹកនាំរបស់សម្តេចតេជោ បានគិតគូរនិងចុះបញ្ជីប្រាសាទទាំងអស់នេះចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងទិសដៅមួយថាត្រូវតែទាក់ទាញទេសចរឲ្យបានច្រើនដោយពឹងផ្អែកទៅលើទេសចរដើម្បីចិញ្ចឹមប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជា ដូច្នេះបើទីក្រុងយើងស្អាត គេនឹងមកលេង ហើយបងប្អូននឹងរកចំណូលបានច្រើនតាមរយៈទេសចរ។ នេះជាលទ្ធផលរបស់យើងទៅថ្ងៃអនាគត ហើយបើបងប្អូនគិតខ្លីថា បោះសំរាមឲ្យតែរួចផុតពីដៃទៅ នៅថ្ងៃក្រោយយើងនឹងមានបញ្ហា មានវិបត្តិ ហើយទេសចរ មិនហ៊ានមកលែងទៀតទេ។ គេមកលេងប្រទេសយើង គេបានចំណាយលុយយ៉ាងច្រើន គេមិនមែន មកលេងកន្លែងគគ្រិចនោះទេ ។ ទាំងយើងទាំងគេ គឺត្រូវចំណាយលុយទៅលេងកន្លែងដែលល្អ កន្លែងដែលប្លែក កន្លែងដែលមានសុវត្ថិភាព ។ ប្រទេសកម្ពុជា មានហើយសន្តិភាព សុវត្ថិភាពពេញលេញ ប៉ុន្តែបរិស្ថានរបស់យើងនៅមិនទាន់ល្អនៅឡើយ ដែលត្រូវការពារបរិស្ថាននេះឲ្យបានល្អទៅថ្ងៃអនាគត ឲ្យបានល្អជាងនេះ ឬក៏រក្សាបាននូវភាពផូរផង់នេះ ដើម្បីទាក់ទាញភ្ញៀវទេសចរទៅថ្ងៃអនាគត និងកើនឡើងជាលំដាប់ ។ ក្រោមការដឹកនាំរបស់សម្តេចតេជោ មានទស្សនវិស័យគ្រប់បែបយ៉ាង គឺមានបានន័យថា ពីអតីតកាលត្រូវតែដឹង បច្ចុប្បន្នកាលត្រូវតែធ្វើ ហើយអនាគតកាលត្រូវតែគិតនិងគូសវាសទុកជាមុនធ្វើយ៉ាងឲ្យប្រជាពលរដ្ឋរបស់យើងក្លាយខ្លួនទៅជាប្រទេសមួយដែលមានការអភិវឌ្ឍនិងរីកចម្រើនយ៉ាងឆាប់រហ័ស”៕ ដោយ៖កូឡាប