Sunday, December 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​ចង់​ជួយ​ឥណ្ឌូណេស៊ី​ឲ្យ​ការពារ​ដែនទឹក​របស់​ខ្លួន​ប្រឈម​នឹង​កំណើន​ ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់​

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក James Mattis កំពុង​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​ទ្វីបអាស៊ី​។ នៅក្នុង​ជំនួប​ជាមួយ​សម​ភាគី​ឥណ្ឌូណេស៊ី​លោក Ryamizard Ryacudu ក្នុង​ទីក្រុង​ហ្សា​ការ​តា​នា​ថ្ងៃ​អង្គារ ទី​២៣ មករា លោក Mattis បាន​ថ្លែងថា អាមេរិក​ចង់​ជួយ​ឥណ្ឌូណេស៊ី​ឲ្យ​ការពារ​ដែនទឹក​របស់​ខ្លួន​ប្រឈម​នឹង​កំណើន​ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់​។ ដើម្បី​ប្រឈមមុខ​នឹង​ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់ លោក Mattis ចង់​ពង្រឹង​ទំនាក់ទំនង​យោធា​រវាង​អាមេរិក និង​ឥណ្ឌូណេស៊ី​តាមរយៈ​ការបង្កើន​សមយុទ្ធ​រួមគ្នា ក៏ដូចជា​ការលក់​គ្រឿង​សព្វាវុធ​បន្ថែម​ឲ្យ​ឥណ្ឌូណេស៊ី​។​

​ក្រុម​អ្នកទទួលខុសត្រូវ​អាមេរិក​មិន​បញ្ចេញ​ឈ្មោះ​បាន​ទម្លាយ​ឲ្យ​ដឹងថា ឥណ្ឌូណេស៊ី​ដែលមាន​យន្តហោះ​ចម្បាំង​អាមេរិក F-១៦ ចំនួន ២៤​គ្រឿង​អាច​នឹង​ទិញ ៤៨​គ្រឿង​បន្ថែមទៀត​គិត​ជា​ទឹកប្រាក់​ពី ៤ ០០០ ទៅ ៥ ០០០​លាន​ដុល្លារ​។

​លោក​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក James Mattis ចង់​និយាយ​ពេលនេះ គឺ​ជំនួយ​យោធា ហើយ​ដែនទឹក​ដែល​លោក Mattis ចង់​និយាយ​នោះ គឺ​ដែនទឹក​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ អ្វីដែល​លោក Mattis ចង់បាន គឺ​ការធានា​ឲ្យ​មាន​ការគោរព​ច្បាប់​សមុទ្រ​អន្តរជាតិ និង​សិទ្ធិ​សេរី​នៃ​ការធ្វើ​ចរាចរណ៍​ផ្លូវ​សមុទ្រ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ នៅ​ក្នុងន័យនេះ លោក Mattis ចង់​ជួយ​បង្កើន​ចំណេះដឹង​ផ្នែក​ដែនសមុទ្រ​នៅ​សមុទ្រ​ចិន​ខាងត្បូង​តាមរយៈ​ការដោះដូរ​ព័ត៌មាន​រវាង​ឥណ្ឌូណេស៊ី​ជាមួយ​ប្រទេសជិតខាង​នៅក្នុង​តំបន់​។​

​នៅពេល​ដែលមាន​សំណួរ​ចោទឡើង​ទាក់ទង​នឹង​ការដែល​អាមេរិក​មិនបាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ​ស្តីពី​ច្បាប់​សមុទ្រ លោក Mattis បាន​ឆ្លើយថា អាមេរិក​មិនបាន​ផ្តល់​សច្ចាប័ន​មែន តែ​អាមេរិក​បាន​គោរព ពោល​មិន​ដូច​ប្រទេស​ខ្លះ​បានផ្តល់​សច្ចាប័ន តែ​មិន​គោរព​នោះទេ​។ គេ​ដឹងថា​លោក​ចង់​និយាយ​សំដៅលើ​ប្រទេស​ចិន​។ ចិន​ដែល​បានចេញ​មុខ​ទាមទារ​កម្មសិទ្ធិ​ផ្តាច់មុខ​នៅ​សមុទ្រ​ចិន​ខាងត្បូង ត ទល់នឹង​ប្រទេសជិតខាង​មាន​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី តែ​វ៉ាន់ និង​ព្រុយ​ណេ​៕​

×