សិស្សសាលាចំនួន ២នាក់បានស្លាប់ និង ១៧នាក់ទៀតរងរបួស ក្រោយពេលខ្មាន់កាំភ្លើងម្នាក់ បានធ្វើការបាញ់ប្រហារនៅក្នុងសាលាវិទ្យាល័យមួយកន្លែងស្ថិតក្នុងរដ្ឋ Kentucky សហរដ្ឋអាមេរិច។ក្នុងហេតុការណ៏ដែលកើតឡើង នៅតំបន់ Marshall County កាលពីថ្ងៃអង្គារម្សិលមិញនេះ សិស្សសាលាប្រុស អាយុ ១៥ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ។ ជនល្មើសរូបនេះនឹងត្រូវចោទប្រកាន់ពីបទមនុស្សឃាត និងបទប៉ុនប៉ងមនុស្សឃាត។ នេះបើតាមការបញ្ជាក់របស់ព្រះរាជអាជ្ញាឈ្មោះ Jeff Edwards។
អាជ្ញាធរបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ទាំងពីរនាក់ មានអាយុ ១៥ឆ្នាំទាំងពីរ។
អាជ្ញាធរបញ្ជាក់ទៀតថា ជនសង្ស័យ ដែលមានកាន់កាំភ្លើងដៃ បានដើរចូលក្នុងសាលានៅពេលព្រឹកម៉ោងជិត ៩ ហើយចាប់ផ្តើមបាញ់រះតែម្តង៕ សុភ័ក្ត្រ